(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា ការលេងកីឡានាំមកនូវសុខភាពល្អ ហើយលោកគូសបញ្ជាក់ថា មកពីសន្តិភាពទើបមានព្រឹត្តិការណ៍កីឡានានាកើតឡើង។

លោកថ្លែងបែបនេះ ក្នុងឱកាសប្រគល់ពាននិងប្រាក់រង្វាន់ដល់ក្រុមកីឡាករទទួលជ័យលាភី ក្នុងពិធីបិទកីឡាការប្រកួតមហាជន ពានរង្វាន់អភិបាលខេត្តត្បូងឃ្មុំ ដើម្បីអបអរសាទរខួបលើកទី៤១ ទិវាជ័យជំនះ៧មករា ដែលរៀបចំឡើងនៅទីលានបាល់ទាត់សម្តេចតេជោ ហ៊ុនសែន សួង ស្ថិតក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០។

លោកអភិបាលខេត្ត បានថ្លែងនូវការកោតសសើរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីប្រកួតនេះ ដើម្បីក្នុងទិសដៅជ្រើសរើសរកក្រុមកីឡាករ ដែលមានបទពិសោធន៍ បច្ចេកទេស សមត្ថភាព និងក្រមសីលធម៌ ពេលប្រកួតបានល្អ សម្រាប់ត្រៀមទៅចូលរួមប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី០៤ ឆ្នាំ២០២០ ថ្នាក់ខេត្ត កីឡាស៉ីហ្គេម២០២៣ និងកម្មវិធីប្រកួតបន្តបន្ទាប់ទៀត។

លោក ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ផងដែរថា «ការលេងកីឡាដើម្បីសុខភាព តែបើប្រទេសជាតិមិនមានសន្តិភាព ក៏មិនអាចយើងទាំងអស់គ្នាបានជួបជុំលេងកីឡាជាមួយគ្នាបានឡើយ ដូច្នេះយើងត្រូវអរគុណសន្តិភាព អរគុណសម្ដេចតេជោ ដែលខិតខំការពារថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសរហូតបានមកដល់សព្វថ្ងៃនេះ ពិសេសព្រឹត្តិការកីឡានេះ គឺដើម្បីអបអររំលឹកចងចាំ នៅថ្ងៃកំណើតទី២ គម្រប់៤១ឆ្នាំ នៃទិវាជ័យជម្នះ០៧មករា»

សូមជម្រាបថា ការប្រកួតកីឡាមហាជនពានរង្វាន់អភិបាលខេត្តត្បូងឃ្មុំ ដើម្បីអបអរទិវាបុណ្យជាតិ ០៧មករា ២០២០ មាន០៤ប្រភេទកីឡាចូលរួមប្រកួត គឺប្រភេទកីឡាបាល់ទាត់ បាល់ទះវាយសី និងប៉េតង់ ដោយមានក្រុមសរុបទាំងអស់ ២៣ក្រុម មកពី១១អង្គភាព និង០៦ក្រុង-ស្រុក៕