(កោះកុង)៖ ថ្ងៃទី២ នៃព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក ដែលមានក្រុមកីឡាករជាតិ-អន្តរជាតិប្រមាណ ២០០នាក់ បាននិងកំពុងចេញដំណើរពីរង្វង់មូលព្រឹទ្ធាចារ្យ សាយ ភូថង នៃស្រុកបទុមសាគរ ខេត្តកោះកុង ដើម្បីឆ្ពោះទៅកំពូលភ្នំបូកគោ នៃស្រុកទឹកឈូ ខេត្តកំពត ក្នុងរយៈចម្ងាយប្រមាណ ១៧២.៥គីឡូម៉ែត្រ​ ដោយគ្រោងទៅដល់គោលដៅនៅវេលាម៉ោង ៤-៥ល្ងាចនេះ។

ភ្នំបូកគោ ជាភ្នំមួយដែលខ្ពស់គួរសមដែរ ដែលតម្រូវឱ្យក្រុមកីឡាកររឹតតែខំប្រឹងដំឡើងកម្លាំងជើងធាក់ឡើង ដើម្បីដណ្ដើមបានជោគជ័យ។

មុនចាប់ផ្ដើមបាញកាំភ្លើងចេញដំណើរ ប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ច ក្រុមកីឡាករជាតិ-អន្តរជាតិ ក្រុមការងាររៀបចំព្រឹត្តិការណ៍ទាំងអស់គ្នា បានស្មឹងស្មាតគោរពវិញ្ញាណក្ខន្ដអ្នកដែលបានជួបឧប្បទ្ទវហេតុគ្រោះថ្នាក់បាក់រលំអគារ នៅខេត្តកែប រយៈពេល១នាទីផងដែរ។

ការបាញ់កាំភ្លើងបើកការប្រណាំងកង់ពិភពលោកនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) នៅចំណុចវង្វង់មូលព្រឹទ្ធាចារ្យ សាយ ភូថង។

បើតាមលោក វ៉ាត់ ចំរើន បានឲ្យដឹងថា បន្ទាប់ពីចប់ការប្រកួតដំណាក់កាលទី១ ពីរមណីយដ្ឋានតារាសាគរទៅបញ្ចប់នៅទីរួមខេត្តកោះកុង កាលពីម្សិលមិញ គណៈកម្មការរៀបចំរៀបចំ UCI ក៏បានធ្វើការប្រជុំវាយតម្លៃរួមមួយដែរ ដោយគណៈកម្មការបច្ចេកទេស UCI បានធ្វើការកោតសរសើរ ទោះមានចំណុចខ្វះខាតបន្ដិចបន្ដួចពាក់ព័ន្ធនឹងការជិះរបស់កីឡាករ និងក្បួនរថយន្ដអមក្ដី ដោយសារនេះជាការរៀបចំលើកដំបូង។

ប៉ុន្ដែជារួមមន្ដ្រីបច្ចេកទេស UCI បានវាយតម្លៃការប្រកួតដំណាក់កាលទី១ បានបញ្ចប់ដោយជោគជ័យ ព្រោះមានការចូលរួមសហការបានល្អពីប្រជាពលរដ្ឋ អាជ្ញាធរ សមត្ថកិច្ច ពិសេសមានការយកចិត្តទុកដាក់របស់លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងជាដើម។

ទន្ទឹមជាមួយគ្នាលោកក៏បានស្នើឲ្យអាជ្ញាធរ និងប្រជាពលរដ្ឋបន្ដចូលរួមសហការ និងគាំទ្រឲ្យបានច្រើនបន្ថែមទៀត សម្រាប់ការប្រកួតដំណាក់កាលទី២ ពិសេសប្រជាពលរដ្ឋនៅលើដងផ្លូវពីរង្វង់មូលព្រឹទ្ធាចារ្យ សាយ ភូថង ខេត្តកោះកុង កាត់តាមស្រុកស្រែអំបិល ឃុំវាលរេញ ខេត្តព្រះសីហនុ រហូតដល់កំពូលភ្នំបូកគោ នៃខេត្តកំពត ដើម្បីបង្ហាញពីការស្វាគមន៍ និងអបអរសាទរ ចំពោះកីឡាករជាតិ-អន្ដរជាតិ ក៏ដូចជាក្បួនព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនេះ។

នៅពេលទៅដល់កំពូលភ្នំបូកគោ ក្រុមកីឡាករ និងក្រុមការងាររៀបចំព្រឹត្តិការណ៍នឹងសម្រាកនៅទីនោះមួយយប់ មុនបន្តប្រកួតនៅថ្ងៃទី៣ ដែលនឹងចាប់ផ្ដើមចេញដំណើរពីក្លោងទ្វារចូលឧទ្យានជាតិព្រះមុនីវង្ស បូកគោ ឆ្ពោះទៅខេត្តកែប ដែលជាទីបញ្ចប់នៃព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកលើកទី១ តាមបណ្ដោយឆ្នេរសមុទ្រកម្ពុជា រយៈពេល៣ថ្ងៃនេះ។

សូមជម្រាបថា ចំពោះលទ្ធផលនៃការប្រណាំងក្នុងថ្ងៃទី១ម្សិលមិញ គណៈកម្មការរៀបចំការប្រកួតបានបញ្ជាក់ថា៖
* ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករឡាវ Phounsavath Ariya មកពីក្លឹប Laos Cycling Team ប្រើថេរវេលា ៣ម៉ោង ៥៤នាទី និង ៣៨វិនាទី។
* ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករម៉ាឡេស៊ី Mohd Zariff មកពីក្លឹប Team Sapura Cycling ប្រើថេរវេលា ៣ម៉ោង ៥៦នាទី និង ៥៩វិនាទី។
* ចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករហុងកុង Fung Ka Hoo មកពីក្លឹប HKSI Pro Cycling Team ប្រើថេរវេលា ៣ម៉ោង ៥៦នាទី និង ៥៩វិនាទី។

ដោយឡែក ក្រៅពីលទ្ធផលប្រណាំងជារួមខាងលើ គណៈកម្មការរៀបចំក៏បានផ្ដល់នូវចំណាត់ថ្នាក់ល្អលក្ខណៈឯកជនផងដែរ ក្នុងនោះរួមមាន៖ ជយលាភីអាវពណ៌ស (កីឡាករវ័យក្មេងហើយធ្វើបានល្អជាងគេ) បានទៅកីឡាករឡាវ ជយលាភីអាវពណ៌ក្រហម (កីឡាករដែលប្រើល្បឿនឡើងភ្នំបានល្អជាងគេ) បានទៅកីឡាករឡាវដូចគ្នា ជយលាភីអាវពណ៌បៃតង (កីឡាករដែលប្រើល្បឿនវ៉ាជែងបានល្អជាងគេ) បានទៅកីឡាករម៉ាឡេស៊ី និងចុងក្រោយជយលាភីអាវពណ៌លឿង (កីឡាករដែលប្រើល្បឿនឡើងភ្នំ និងវ៉ាជែងបានល្អជាងគេ) បានទៅកីឡាករឡាវឈ្មោះ Phounsavath Ariya៕