(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែសំណូមពរយ៉ាងទទូចឱ្យប្រជាកសិករចងក្រងជាបណ្តុំកសិករ ឬសហគមន៍កសិកម្ម ដើម្បីឈានទៅដល់ការផ្គត់ផ្គង់ផលិតផល តាមតម្រូវការទីផ្សារប្រកបដោយនិរន្តរភាព និងទទួលបានតម្លៃសម ស្របនាពេលខាងមុខ តាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអរគុណចំពោះសារព័ត៌ដែលបានចុះផ្សាយ ដោយបានចុះទៅស្វែងយល់អំពីសមត្ថភាពរបស់កសិករដែលបាន និងកំពុងខិតខំផលិតបន្លែដោយខ្លួនឯង នៅខេត្តបាត់ដំបង ទាំងបច្ចេកទេសនៃការដាំដុះ ការគ្រប់គ្រងដំណាំ និងទាំងការគ្រប់គ្រងតម្លៃកសិផលនៅលើទីផ្សារផងដែរ។

ក្រសួងចាត់ទុកថា សកម្មភាពទាំងអស់នេះ គឺជាចំណុចវិជ្ជមានមួយដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្តីសប្បាយរីករាយ និងប្រាថ្នាចង់ឃើញកសិករមានភាពវៃឆ្លាតដូចរបៀបនេះនៅកម្ពុជា ដែលមានគំនិត និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការច្នៃប្រឌិត ចាត់ចែង គ្រប់គ្រងលើការដាំដុះ និងការរកទីផ្សារដោយខ្លួនឯង ដែលពិតជាបានចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងចូលរួមចំណែកកាត់បន្ថយចំណាយរបស់រាជរដ្ឋាភិបាល ទន្ទឹមនឹងក្រសួង
កំពុងជួបបញ្ហាប្រឈមទៅនឹងកង្វះធនធានថវិកា ក្នុងការធ្វើទំនើបកម្មកសិកម្ម បើទោះបីក្រសួងបាននិងកំពុងខិតខំប្រឹងប្រែងកៀរគរហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ និងថវិកាជាតិយ៉ាងណាក៏ដោយ ដែលបច្ចុប្បន្ននេះក្រសួងមានលទ្ធភាពគាំទ្រដល់កសិករ ដោយផ្ទាល់មានប្រមាណជា១ភាគ៤ ក្នុងចំណោមកសិករទូទាំងប្រទេសជាង៤លាននាក់ ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មក្នុងរយៈពេល៥ឆ្នាំ។

«ក្នុងបរិការណ៍នេះ ដើម្បីរួមចំណែកដោះស្រាយនូវរាល់បញ្ហាប្រឈម ដែលអាចកើតមានឡើង ចំពោះកសិករនាពេលខាងមុខ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែសំណូមពរយ៉ាងទទូច ឱ្យប្រជាកសិករចងក្រងជាបណ្តុំកសិករ ឬសហគមន៍កសិកម្ម ដើម្បីឈានទៅដល់ការផ្គត់ផ្គង់ផលិតផល តាមតម្រូវការទីផ្សារប្រកបដោយនិរន្តរភាព និងទទួលបានតម្លៃសមស្រប នាពេលខាងមុខ តាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យា ដែលទន្ទឹមនឹងនេះ កសិករអាចមានឱកាសទទួលបានតម្លៃបន្ថែមទៀត ក្នុងការដោះស្រាយជីវភាព និងកាត់បន្ថយហានិភ័យជាយថាហេតុណាមួយ នៅពេលខាងមុខដែលអាចកើតឡើង ពីបញ្ហាទីផ្សារផលិតផលកសិកម្ម»។ ក្រសួងគូសបញ្ជាក់។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានក្តីសង្ឃឹមថា ចំពោះប្រជាកសិករដែលពុំទាន់ បានប្រមូលផ្តុំជាបណ្តុំ
ឬជាសហគមន៍កសិកម្មនោះ ប្រាកដជានឹងទទួលយកនូវសំណូមពររបស់ក្រសួង ដោយផ្តល់ព័ត៌មាន ឬទំនាក់ទំនងជាមួយមន្ទីរ និងអង្គភាពជំនាញក្រោមឱវាទរបស់ក្រសួង ដើម្បីជួយសម្របសម្រួលឱ្យទទួល បានជោគជ័យនាពេលអនាគត ខណៈដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានធ្វើការណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់
និងនេសាទរាជធានី/ខេត្តរួចហើយនាពេលថ្មីៗនេះ ឱ្យបិទផ្សាយព័ត៌មានជាមួយនឹងលេខទូរស័ព្ទសម្រាប់ធ្វើទំនាក់ទំនងជូនប្រជាកសិករនៅតាមមន្ទីរ និងបណ្តាញព័ត៌មានសង្គម តាមរយៈសេចក្តីជូនដំណឹងលេខ៥៥១ សណន.កសកចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម៖