(ភ្នំពេញ)៖ ក្រុមម៉ូតូធំ BMW Motorcycle Club Cambodia ប្រមាណ២០គ្រឿង បានជួយសម្រួលក្នុងការបើកផ្លូវ និងនាំក្បួនធ្វើដំណើរ​ក្នុងព្រឹត្តិការណ៍​ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ រយៈពេល៣ថ្ងៃ ដែលមានកីឡាករ​ចំនួន១៥ប្រទេសចូលរួម។

បើតាមលោក ឈួន សុធារិទ្ធ សមាជិកគណៈកម្មាធិការកណ្តាលក្លឹប BMW Motorcycle Club Cambodia បានឲ្យដឹងថា ដោយមានការស្នើរសុំពីខាង​ក្រសួង​ទេសចរណ៍ និងមានការសម្របសម្រួលពីលោក ទៀ សុខា ប្រធានកិត្តិយសក្លឹបម៉ូតូ BMW កម្ពុជា ក្រុមម៉ូតូ BMW ២៥ គ្រឿង ដោយរួមនិងក្រុមម៉ូតូបច្ចេកទេស បានស្ម័គ្រចិត្តចូលរួមជួយបើកផ្លូវ ក្នុងព្រឹត្តិការណ៍ប្រណាំងកង់អន្តរជាតិចំនួន៣ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ នៅតាមតំបន់ឆ្នេររបស់កម្ពុជាយើង។
លោក ឈួន សុធារិទ្ធិ បានបន្តទៀតថា ព្រឹត្តិការប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ នេះ ត្រូវបានរៀបចំឡើងដោយសហព័ន្ធប្រណាំងកង់អន្តរជាតិ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការឆ្នេរស្អាតអន្តរជាតិ ដោយមានកីឡាករចំនួន១៥ប្រទេសចូលរួម សុទ្ធសឹងជាកីឡាករលំដាប់អន្តរជាតិ និងកីឡាករអាជីព។

សូមបញ្ជាក់ផងដែរថា សម្រាប់ការប្រណាំងកង់អន្តរជាតិនេះ ក្នុងថ្ងៃទី៤ ខែមករា ក្រុមកីឡាករធ្វើដំណើរចេញពីរមណីដ្ឋានតារាសាគរ នៃខេត្តកោះកុង ឆ្ពោះទៅកាន់ទីរួមខេត្តកោះកុងក្នុងចម្ងាយសរុប ១៥៣.៥គីឡូម៉ែត្រ នៅថ្ងៃទី៥ ក្បួនប្រណាំងចេញពីរង្វង់មូលលោកតាសាយភូថង និងបញ្ចប់នៅរមណីដ្ឋានឋានសួគ៌បូកគោ (កំពូលភ្នំបូកគោ) ក្នុងចម្ងាយ ១៧២.៨គីឡូម៉ែត្រ និងថ្ងៃទី៦ ខែមករា ក្បួនចេញដំណើរពីក្លោងទ្វារជើងភ្នំបូកគោ ឆ្ពោះទៅកាន់មុខសាលាខេត្តកែប ក្នុងចម្ងាយ ១៤៧.៧គីឡូម៉ែត្រ៕