(ស្វាយរៀង)៖ លោកស្រីកិត្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានផ្លូវ បេតុងប្រវែង ១,១១០ម៉ែត្រ ចំណាយថវិកាអស់ ១២៥.៧៩០ដុល្លារ តភ្ជាប់ពីវិទ្យាល័យ ហ៊ុន សែន សាមគ្គីដូនស ទៅដល់វត្តល្ងើន ស្ថិតក្នុងឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ។

លោកស្រីបណ្ឌិត ម៉ែន សំអន ក៏បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធី។

លោកស្រីបណ្ឌិត ម៉ែន សំអន បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសន្តិភាពបច្ចុប្បន្ន ដើម្បីពន្លឿនវឌ្ឍនភាព នៃការអភិវឌ្ឍប្រទេស ឱ្យបានខ្លាំងក្លាថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមគ្គុទ្ទេសក៍ដ៏ឆ្នើម។

លោកស្រីបណ្ឌិត ម៉ែន សំអន ក៏បានបញ្ជាក់ថា ផ្លូវថ្មីនេះនឹងលើកស្ទួយមុខមាត់ស្រុកស្វាយជ្រំ ដែលជាបេះដូង នៃខេត្តស្វាយរៀង ឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ទៀត។ ជាមួយគ្នានេះដែរលោកស្រី ក៏សូមថ្លែងអំណរគុណវិស័យឯកជន ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ ខេត្តស្វាយរៀង នាពេលនេះ ដែលមានលោកស្រីឧកញ៉ា យូ លឹម និងលោក សួង ធឿន និងសប្បុរជនជាច្រើននាក់ទៀត រួមគ្នាកសាងផ្លូវមួយខ្សែនេះ។

លោកស្រីបណ្ឌិត ម៉ែន សំអន បានផ្តាំផ្ញើដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវបម្រើសេវាសាធារណៈឱ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមថែរក្សាភូមិ-ឃុំមានសុវត្ថិភាព និងអប់រំកូនចៅ ឱ្យជៀសផុតពីគ្រឿងញៀន ដែលចំណុចនេះ ជាពិសេសមេប៉ុស្តិ៍នគរបាល និងមេឃុំ ត្រូវពង្រឹងនូវការទទួលខុសត្រូវបន្ថែមទៀតផងដែរ៕