(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាស់តឿនដល់យុវជនយុវនារីទាំងអស់ ឱ្យខិតខំលេងកីឡាឱ្យបានគ្រប់ៗគ្នា ដើម្បីសុខភាព និងអភិវឌ្ឍន៍រាងកាយរបស់ខ្លួន ជាពិសេសត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន។

ការលើកឡើងបែបនេះរបស់លោក អ៊ុន ចាន់ដា បានធ្វើឡើងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ នៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងកម្មវិធីប្រកួតកីឡាមហាជនខេត្តកំពង់ចាម ដើម្បីអបអរចូលឆ្នាំសកល និងខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជម្នះ ៧ មករា ១៩៧៩-២០១៩ ប្រារព្ធធ្វើនៅទីលានកីឡាដ្ឋានក្រុងកំពង់ចាម។

លោក អ៊ុន ចាន់ដា បានថ្លែងថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មកដល់បច្ចុប្បន្ននេះ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេង និងច្រើនសន្ធឹកសន្ធាប់ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងសាសនា ពិសេសវិស័យកីឡានេះ បានរីកធំធាត់ដែលជាមូលដ្ឋាន នៃការអភិវឌ្ឍ ការកាត់បន្ថយភាពក្រីក្រ ការពារសិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូររបស់មនុស្ស លទ្ធិប្រជាធិបតេយ្យ រស់នៅសុខសាន្ត សុខសន្តិភាព សុខដុមរមនាត្រជាក់ត្រជុំប្រកបដោយសិរី មង្គលវិបុលឧត្តមថ្លៃថ្លាបំផុត។

លោកថា ដោយមានភាពដ៏មហាអស្ចារ្យលើសលុបនេះហើយ លោកសូមឧទ្ទិសឱ្យទិវាជ័យជម្នះ ៧ មករា បានក្លាយទៅជាការប្តេជ្ញាចិត្តជាសកល និងសូមអំពាវនាវដល់គ្រប់មន្ទីរ-អង្គភាព និងប្រជាពល រដ្ឋកម្ពុជាគ្រប់រូបពិសេកីឡាករ-កីឡាការិនីទាំងអស់ យកចិត្តទុកដាក់ក្នុងការកសាង និងអភិវឌ្ឍលើគ្រប់វិស័យ តាំងតែពីវិស័យអប់រំសង្គមកិច្ច សុខាភិបាល កសិកម្ម និងគ្រប់វិស័យ ពិសេសវិស័យកីឡានេះឯង ឱ្យកាន់តែមានភាពរីកចម្រើនលូតលាស់ព្រមៗ គ្នាឡើងថែមទៀត។

លោក អ៊ុន ចាន់ដា បានបន្ថែមយ៉ាងដូច្នេះថា៖ «ខ្ញុំសូមឱ្យអត្ថន័យនៃការប្រកួតកីឡាដ៏មានតម្លៃនេះ សូមឱ្យយុវជនគ្រប់រូប បង្វែចិត្តគំនិតមកលេងកីឡា ឱ្យបានគ្រប់ៗគ្នា ពិសេសកីឡាដើម្បីសុខភាព ដើម្បីអភិវឌ្ឍផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ ឱ្យសមស្របទៅតាមបញ្ញត្តិទាំងឡាយ ដែលមានក្នុងធម្មជាតិ»

បើតាមប្រធានមន្ទីរអប់រំយុវជនកីឡាខេត្តកំពង់ចាម លោក លី ម៉េងសាន បានឱ្យដឹងថា ការប្រកួតកីឡាមហាជន ក្នុងឆ្នាំ២០១៩ ដើម្បីអបអរសាទរចូលឆ្នាំសកល និងខួបលើកទី ៤១ ទិវាជ័យជំនៈ ៧ មករា ១៩៧៩-២០១៩នេះ មានវិញ្ញាសារបាល់ទាត់, បាល់ទះ, បាល់បោះ , ហែលទឹក, ប៉េតង់កូនឃ្លីលើតុ និងវាយសី។

ប្រធានមន្ទីររូបនេះ បានឱ្យដឹងទៀតថា កីឡាករ, ផ្នែកបាល់ទះសរុបចំនួន ១១ក្រុម នារី ០៣ក្រម កីឡាករ និងកីឡាការិនីសរុបចំនួន១៣២នាក់ ស្រី ៣៦នាក់។

* ផ្នែកបាល់ទាត់ សរុបចំនួន ២១ក្រម ក្នុងនោះ កីឡាករ និងកីឡាការិនីសរុបចំនួន ៣៨០នាក់ ស្រី ៤៥នាក់។
* ផ្នែកបាល់បោះ សរុបចំនួន ០៩ក្រុម នារី ០៤ក្រុម, កីឡាករ និងកីឡាការិនីសរុបចំនួន១០៨នាក់ ស្រី ៤៨នាក់។
* ផ្នែកប៉េតង់ (ប៊ូល) សរុបចំនួន ១៦ក្រម, មានកីឡាករសរុបចំនួន ៦៤នាក់។
* ផ្នែកវាយសី ២ពូល សរុបចំនួន០២ក្រុម, មានកីឡាករសរុបចំនួន ៣៨នាក់ ស្រី ០១នាក់, ផ្នែកហែលទឹក សរុបចំនួន ០៤ក្រម ក្នុងនោះនារី១ក្រម, មានកីឡាករ កីឡាកាវិធីសរុបចំនួន២១នាក់ ស្រី ១៧នាក់, ផ្នែកវាយកូនឃ្លីលើតុ សរុបចំនួន ០៤ក្រុម, មានកីឡាករសរុបចំនួន ១៦នាក់, សរុបរួមទាំងអស់ចំនួន ៦៧ក្រុម ក្នុងនោះនារី ១៣ក្រុម, មានកីឡាករ កីឡាការិនី សរុបចំនួន៧៥៩នាក់ ស្រី ១៤៦នាក់៕