(កែប)៖ បន្ទាប់ពីបញ្ចប់សុន្ទរកថា ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីស្វាគមន៍ប្រតិភូ និងកីឡាករប្រណាំងកង់ពិភពលោកនៅខេត្តកោះកុង និងជម្រាបលាអង្គពិធី ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញដល់ទីតាំងបាក់រលំអគារនៅខេត្តកែប យ៉ាងប្រញាប់ប្រញាល់ នៅយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ ដើម្បីចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ទេសរដ្ឋមន្ត្រី គន់ គីម។

ព្រិត្តិការណ៍ប្រណាំងកង់ពិភពលោកលើកទី១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ បានត្រូវរៀបចំរួចរាល់ នឹងត្រូវចាប់ផ្តើមនៅថ្ងៃស្អែក ក្រោមការបាញ់កាំភ្លើង ចេញដំណើរពីមជ្ឈមណ្ឌលទេសចរណ៍តារាសាគរ ខេត្តកោះកុង ហើយបន្តដំណើរតាមបណ្តាខេត្តជាប់មាត់សមុទ្រ។

សូមករណីរលំបាក់អគារកម្ពស់ថ្មីនេះ បានកើតឡើង នៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា អាចមានជនរងគ្រោះប្រមាណ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ កប់នៅក្នុងនេះ។ គិតត្រឹមម៉ោងជាង៩យប់ ថ្ងៃទី០៣ ខែមករានេះ ក្រុមអ្នកសង្គ្រោះបានរកឃើញជនរងគ្រោះ ២០នាក់ ដែលក្នុងនោះមានជនរងគ្រោះចំនួន៤នាក់បានបាត់បង់ជីវិតផងដែរ។

ពាក់ព័ន្ធនឹងករណីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអញ្ជើញទៅដល់ទីតាំងបាក់រលំអគារនៅខេត្តកែបនេះផងដែរ ដើម្បីដឹកនាំប្រតិបត្តិការសង្គ្រោះជនរងគ្រោះដោយផ្ទាល់។

អគាររលំបាក់នេះស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប ធ្លាប់ត្រូវបានមន្រ្តីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឃើញថា បានសាងសង់ខុសពីលិខិតអនុញ្ញាត កាលពីជិត១ខែមុន។ សំណង់អគារនេះម្ចាស់សំណង់ ឯក សារុន (ប្តី) និង ឈីវ សុធី (ប្រពន្ធ) មានលំនៅបច្ចុប្បន្នភូមិ ១ សង្កាត់៣ ក្រុងព្រះសីហនុ បានបើកការសាងសង់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩៕