(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បង្ហាញការសោកស្ដាយយ៉ាងខ្លាំង និងក្តីអាណិតអាសូរបំផុត ចំពោះមរណភាពសិល្បករកំប្លែងលោក សួន សុខហ៊ីម ហៅនាយស្មាញ ដែលទទួលរងគ្រោះថ្នាក់ចរាចរណ៍នៅល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ នៅលើវិថី ៦០ម៉ែត្រ ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជាមួយនឹងការសោកស្ដាយ និងអាណិតអាសូរនេះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឲ្យក្រុមជំនួយការយកថវិកាឧបត្ថម្ភមួយចំនួន យកទៅប្រគល់ជូនក្រុមគ្រួសារសពដោយផ្ទាល់ ដើម្បីចូលរួមរៀបចំពិធីបុណ្យ ក៏ដូចជាចូលរំលែកទុក្ខគ្រួសារសព។

ការបាត់បង់នាយស្មាញ គឺជាការបាត់បង់នូវវីរសិល្បករខ្មែរប្រកបដោយគុណធម៌មួយរូប ដែលបានលះបង់អ្វីគ្រប់យ៉ាងដើម្បីបម្រើវិស័យសិល្បៈខ្មែរតាំងពីអតីតកាលមកដល់បច្ចុប្បន្ននេះ។ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាយស្មាញក៏មានជំងឺប្រចាំកាយ និងតែងតែទទួលបានការសណ្តោសប្រណីពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ ដើម្បីឧបត្ថម្ភដល់ការព្យាបាលជំងឺ។

សូមបញ្ជាក់ថា នាយស្មាញ មានឈ្មោះ សួន សុខហ៊ីម ជានាយទាហានថ្នាក់ឧត្តមសេនីយ៍ត្រី នៅកងវរសេនាតូចសិល្បៈចំណុះស្នងការឃោសនា-ព័ត៌មាន នៃបញ្ជាការដ្ឋានអង្គរក្ស។ ជាក់ស្តែង នៅក្រោយទទួលបានព័ត៌មានដ៏ក្រៀមក្រំនេះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏បានចាត់តាំងក្រុមការងារបញ្ជាការដ្ឋានអង្គរក្ស រួមជាមួយគណៈកម្មការបុណ្យសពថ្នាក់ឧត្តមសេនីយ៍ ពីក្រសួងការពារជាតិ ចុះជួបក្រុមគ្រួសារសពដោយផ្ទាល់ និងជួយរៀបចំពិធីបុណ្យសពឲ្យបានសមរម្យ។

បន្ថែមពីការបង្ហាញការសោកស្ដាយយ៉ាងខ្លាំង និងក្តីអាណិតអាសូរបំផុតចំពោះមរណភាពសិល្បករកំប្លែងលោក សួន សុខហ៊ីម ហៅនាយស្មាញនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឧបត្ថម្ភថវិកាមួយចំនួនប្រគល់ជូនអ្នកមីង ហ៊ឹម ម៉ៅ ភរិយារបស់នាយស្មាញដែលទទួលរងគ្រោះថ្នាក់ចរាចរណ៍ (បាក់ជើង) ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសួគ៌ា នៅជិតស្ពានដែកស្ទឹងមានជ័យផងដែរ៕