(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំកម្មវិធីប្រគល់ Tablets ជូនមន្ទីរសង្គមកិច្ច និងមន្ទីរផែនការ រាជធានី-ខេត្ត ដើម្បីបន្តចែកជូនឃុំ-សង្កាត់ចំនួន ១៦៤៦ទូទាំងប្រទេស ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ ក្នុងគ្រួសារក្រីក្រ នាពេលនេះ។

ពិធីចែកនេះធ្វើឡើងដោយមានការអញ្ជើញចូលរួមពី លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្រ្តីរាជការក្រសួងសង្គមកិច្ច តំណាងអង្គការយូនីសេហ្វ, ប្រធានមន្ទីរសង្គមកិច្ច រាជធានី-ខេត្ត និងប្រធានមន្ទីរផែនការ រួមនឹងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។

រដ្ឋមន្រ្តី វង សូត បានលើកឡើងថា ពិធីប្រគល់-ទទួល Tablets ជូនមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្ទីរផែនការរាជធានី-ខេត្ត ដើម្បីចែកជូនឃុំ-សង្កាត់សម្រាប់អនុវត្តកម្ម វិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំនាពេលនេះ បានបង្ហាញពីកាយវិការប្រកបដោយគុណធម៌ និងគតិបណ្ឌិតរប ស់ថ្នាក់ដឹកនាំ ក្នុងការផ្តល់នូវទំនុកចិត្ត និងភាពកក់ក្តៅប្រកបដោយការទទួលខុសត្រូវ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រ៥ឆ្នាំរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ២០១៨-២០២៣។

ថ្លែងនៅក្នុងឱកាសនោះលោកស្រី ខៀវ បូរី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាងនាមក្រុមការងាររៀបចំការអនុវត្តគម្រោងឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋមន្ត្រី ដែលបានអញ្ជើញចូលរួម ជាអធិបតី ក្នុងពិធីប្រគល់ablets ជូនមន្ទីរសង្គមកិច្ច និងមន្ទីរផែនការ រាជធានី-ខេត្ត ដើម្បីបន្តចែកជូនឃុំ សង្កាត់ចំនួន ១៦៤៦ ទូទាំងប្រទេសនាថ្ងៃនេះ។

លោកស្រី ខៀវ បូរី បានបន្ថែមទៀតថា ផ្អែកតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាលបានផ្ទេរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ពីក្រសួងសុខាភិបាលទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ដើម្បីគ្រប់គ្រង និងអនុវត្តឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ចាប់ពីនៅខែមករា ឆ្នាំ២០២០តទៅ ។

គួរបញ្ជាក់ថា កម្មវិធីប្រគល់ Tablets ជូនមន្ទីរសង្គមកិច្ច និងមន្ទីរផែនការ រាជធានី-ខេត្ត ដើម្បីបន្តចែកជូនឃុំ សង្កាត់ចំនួន ១៦៤៦ ទូទាំងប្រទេសកនេះ ត្រូវបានប្រើប្រាស់យន្តការអនុវត្តជា លក្ខណៈអន្តរ ស្ថាប័ន ដែលមានការចូលរួមពីក្រសួង ស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលក្នុងនោះនៅថ្នាក់ជាតិមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ និងអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិគាំពារសង្គម។

នៅថ្នាក់រាជធានី ខេត្ត មានរដ្ឋបាល រាជធានី-ខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងមន្ទីរសុខាភិបាលរាជធានី ខេត្ត និងនៅថ្នាក់ឃុំ សង្កាត់ មានរដ្ឋបាលឃុំ សង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈ៕