(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារបង្ហាញពីអារម្មណ៍នឹកស្រណោះ ចំពោះការបាត់បង់ជីវិតរបស់តារាកំប្លែងជើងចាស់ នាយស្មាញ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តដឹកដីកិនស្លាប់កាលពីល្ងាចម្សិលមិញ។

ជាមួយនឹងការនឹកស្រណោះនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហោះវីដេអូបង្ហាញពីការឧបត្ថម្ភទឹកប្រាក់១ម៉ឺនដុល្លារ ដល់នាយស្មាញ កាលពី២ខែមុនផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «ពិតជាស្រណោះចំពោះនាយស្មាញ ដែលបាត់បង់ជិវិតកាលពីម្សិលមិញនេះ។ ខ្ញុំ និងភរិយាទើបបានជួយជាថវិការចំនួន១ម៉ឺនដុល្លារប្រហែល២ខែមុននេះ»

សូមជម្រាបថា តារាកំប្លែងជើងចាស់នាយស្មាញ ត្រូវបានរថយន្តធន់ធំដឹកដី កិនស្លាប់នៅត្រង់ចំណុចផ្លូវ៦០ម៉ែត្រ ស្តុបរថយន្តម៉ាកសឺដេស កែងផ្លូវ៣០ម៉ែត្រ នាល្ងាចថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៩ នេះ ខណៈភរិយារបស់លោកបានរងរបួសធ្ងន់យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ជនរងគ្រោះបានគាបជាប់ខាងក្រោមរថយន្ត ខណៈអ្នកបើកបរត្រូវបាននគរបាលឃាត់ខ្លួន៕