(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចាប់ខ្លួនលោក គ្រុយ លឹមហេង អាយុ ៤៥ឆ្នាំ អតីតអគ្គកុងស៊ុល នៃស្ថានអគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ពីបទពុករលួយ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ ACU ថ្លែងប្រាប់ឲ្យដឹង។

មន្រ្តីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញបានប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩នេះថា តុលាការបានចេញដីកាសម្រេចឲ្យឃុំខ្លួនលោក គ្រុយ លឹមហេង ដាក់ពន្ធនាគារហើយ។

 មន្ត្រីសាលាដំបូងដដែលបានឲ្យដឹងទៀតថា ការសម្រេមបង្គាប់ឲ្យឃុំខ្លួននេះ គឺធ្វើឡើងបន្ទាប់ពីលោកតំណាងអយ្យការ លោក អ៊ុំ សុភក្តិ បានសម្រេចចោទប្រកាន់ឈ្មោះ គ្រុយ លឹមហេង ពីបទការបំផ្លាញដោយចេតនា គៃបំបាត់ទុច្ចរឹត ពីបទរំលោភអំណាច ពីបទ វិតិក្រម និងពីបទមិនព្រមប្រកាសទ្រព្យសម្បត្តិនិងបំណុល ប្រព្រិត្តនៅចំណុចស្ថានអគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន កាលពីកំឡុងឆ្នាំ២០១៦ ដល់ខែមិថុនាឆ្នាំ២០១៨។ បទល្មើសដែលមានបញ្ញត្តិនិងឲ្យផ្តន្ទាទោសតាមមាត្រា៥៩២ ,៥៩៣ និងមាត្រា៦០១នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា។ មាត្រា៣៥ និងមាត្រា៣៨ ច្បាប់ស្តីពី ការប្រឆាំងអំពើរពុករលួយ។

បើតាមមន្រ្តីតុលាការ អតីតមន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសរូបនេះ ត្រូវបានចោទប្រកាន់ ៤ បទល្មើស រួមមាន៖

* ទី១៖ ករណីបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត
* ទី២៖ រំលោភអំណាច
* ទី៣៖ វីតិក្រម ប្រព្រឹត្តដោយឈ្មោះ គ្រុយ លឹមហេង ភេទ ប្រុស អាយុ ៤៥ឆ្នាំ អតីតអគ្គកុងស៊ុល នៃស្ថានអគ្គ កុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន កាលពីអំឡុងឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០១៨
* ទី៤​៖ ករណីមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់ឈ្មោះ គ្រុយ លឹមហេង ប្រព្រឹត្តនៅព្រះរាជាណា ចក្រកម្ពុជាចាប់តាំងពីឆ្នាំ២០១៥ ដល់២០១៩ ៕