(ភ្នំពេញ)៖ ក្រុមហ៊ុន Prestige Homes និងក្រុមហ៊ុន Urban Village បានរៀបចំការប្រកួត បាត់ទាត់មិត្តភាពរវាងកម្ពុជា និងម៉ាកាវ និងរៀបចំឡើងនៅកម្ពុជា។

ការប្រកួតមិត្តភាពនេះធ្វើឡើងរវាងក្រុមព្រះខ័នរាជស្វាយរៀង ជាមួយនឹងក្រុម MUST CPK ដែលជាក្រុមជើងឯកម៉ាកាវក្នុង Elite League។

លោក ប្រាក់ មុន្នីឧត្តម កីឡាករបាល់ទាត់កំពូលក្នុងប្រទេសកម្ពុជាបានឲ្យដឹងថា «ទោះបីជាការប្រកួតមិត្តភាពក៏ដោយ ក្រុមបាល់ទាត់របស់យើងដែលជាក្រុមតំណាង ឲ្យប្រទេសកម្ពុជានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីយកជ័យជម្នះឲ្យប្រទេសកម្ពុជា ក្នុងការប្រកួតនេះឲ្យបាន។ ក្រុមព្រះខ័នរាជស្វាយរៀង ពិតជាសប្បាយរីករាយជាខ្លាំង ដែលបានធ្វើការប្រកួតជាមួយនឹងក្រុម MUST CPK ដែលជាក្រុមជើងឯកម៉ាកាវក្នុង Elite League»

លោក Diego Patriota, អ្នកដឹកនាំក្រុមម៉ាកាវ MUST CPK បានឲ្យដឹងដែរថា «ការប្រកួតនេះប្រៀបដូចជា ការដកស្រង់បទពិសោធន៍ដ៏ល្អមួយសម្រាប់ក្រុម ដើម្បីការអភិវឌ្ឍន៍ខ្លួនទាំងកម្លាំងកាយ និងបច្ចេកទេសក្នុងការប្រកួតនៅថ្ងៃក្រោយបន្តទៀត»

ការលើកឡើងបែបនេះរបស់កីឡាករទាំង២ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន សម្រាប់ការត្រៀមប្រកួតបាល់ទាត់ រវាងក្រុមបាល់ទាត់កម្ពុជា និងក្រុមម៉ាកាវ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩។

ក្រុមបាល់ទាត់ទាំង២ក៏បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុន Prestige Homes Cambodia និងក្រុមហ៊ុន Urban Village ដែលបានរៀបចំកម្មវិធី ប្រកួតបាល់ទាត់ដ៏អស្ចារ្យនេះឡើង និងអរគុណទៅដល់ម្ចាស់ឧបត្ថម្ភធំដូចជា៖ ក្រុមហ៊ុន Cambodian Derivatives Exchange (CDX), Golden FX Link Capital និងក្រុមហ៊ុន Goldwell Capital ផងដែរ ។

លោកបណ្ឌិត Raymond Choi ជាប្រធានក្រុមហ៊ុន Prestige Homes Cambodia ក៏បានលើកឡើង ក្នុងសន្និសីទសារព័ត៌មានថា គោលបំណងសំខាន់នៃព្រឹតិ្តការណ៍នេះ គឺធ្វើឡើងដើម្បីរឹតចំណងមិត្តភាព រវាងប្រទេសទាំងពីរ គឺប្រទេសកម្ពុជា និងម៉ាកាវ។ មិនត្រឹមតែប៉ុណ្ណេះក្រុមហ៊ុន Urban Village និងក្រុមហ៊ុន Prestige Homes Cambodia បានចូលរួមចំណែកក្នុងការលើកកម្ពស់ វិស័យកីឡាបាល់ទាត់របស់ប្រទេសកម្ពុជា ដូចជារៀបចំការប្រកួតបាល់ទាត់មិត្តភាព អន្តរជាតិដ៏អស្ចារ្យមួយរវាងក្រុមកម្ពុជា (ព្រះខ័នរាជស្វាយរៀង) និងក្រុមម៉ាកាវ(MUST CPK)។

លោក Ben Li ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Urban Village បានឲ្យដឹងថា លោកបានអញ្ជើញភ្ញៀវជាច្រើននាក់ ឲ្យចូលរួមក្នុងអំឡុងសន្និសីទកាសែត ដើម្បីឲ្យពួកគេបានមកទស្សនា ការដាក់បង្ហាញផ្ទាល់នូវគម្រោងលំនៅដ្ឋានរបស់ Urban Village និងអាគារ G ដ៏ថ្មីដែលជាគម្រោងលំនៅដ្ឋានរបស់ Urban Village ដែលទើបនឹងធ្វើការដាក់លក់ជាផ្លូវការនៅដើមខែធ្នូនេះ៕