(ភ្នំពេញ)៖ រាល់បណ្ដាប្រទេសនានា ក៏ដូចជាប្រទេសកម្ពុជានាពេលបច្ចុប្បន្ន គឺបាននឹងកំពុងយកចិត្តទុកដាក់យ៉ាង​សកម្មទៅលើការការពារសិទ្ធិ និងសុវត្ថិភាពរបស់អនីតិជន ។ ពីព្រោះថា​ស្ថានភាព​គ្រោះថ្នាក់​ដែលអាចកើត​មាន​លើអ​នី​តិជន​មួយចំនួន គឺចេញពីការប្រព្រឹត្តិរបស់បុគ្គលទុច្ចរិតតាមរយៈរូបភាពផ្សេងៗ ក្នុងគោលបំណងកេងប្រវ័ញ្ច និងបង្កហានិភ័យលើកុមារទាំងនោះ ។

អនីតិជន គឺសំដៅទៅលើជនទាំងឡាយណាដែលមិនទាន់គ្រប់អាយុតាម​ច្បាប់កំណត់ ឬ មានអាយុក្រោម ១៨ ឆ្នាំ ហើយជាជនដែលងាយស្រួលទទួលរងការរំលោភបំពានពីមជ្ឈដ្ឋានសង្គម ដោយ​សារ​សមត្ថ​ភាព​នៃកា​រត្រិះរិះពិចារណា និងកម្លាំង​ផ្នែក​រាង​កាយនៅមានកម្រិត ។ ដើម្បីបង្ហាញថាតើអំពើទុច្ចរិតខាងលើអាចស្ដែងឡើងតាមរយៈសកម្មភាពបែបណាខ្លះ? ហើយជ​ន​បង្ក​ត្រូវទ​ទួល​ទោស​តាម​ច្បាប់កម្រិតណានោះ?

កម្មវិធីយល់ដឹងផ្នែកច្បាប់របស់​​អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «កា​រ​ដាក់​អនីតិ​ជន​ឱ្យ​ស្ថិត​ក្រោម​ស្ថាន​ភាព​គ្រោះ​ថ្នាក់ (ផ្នែកសុខភាព និងចិត្តសាស្ត្រ)» មកបកស្រាយ និងចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ ដូចតទៅ៖

ដើម្បីទប់ស្កាត់ និង​ដោះស្រាយលើបញ្ហា​គ្រោះថ្នាក់​លើកុមារ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញត្តិ​យ៉ាង​ច្បាស់អំ​ពី​សកម្មភាព​ដែលត្រូវបាន ចាត់ទុកថា​​ជាការ​ដា​ក់​អនីតិ​ជន​ឱ្យស្ថិត​ក្នុង​ស្ថានភាពគ្រោះថ្នាក់ ទាំងផ្នែក​រាងកាយ និងស្មារតី ហើយបានកំណត់ស្ថានទម្ងន់ទោសដូចខាងក្រោម៖

សកម្មភាពចម្បងដែលអាចបង្កហានិភ័យដល់អាយុជីវិត និងការ​លូត​លាស់របស់អនីតិជនគឺ ការបង្អត់អាហារ ឬគ្មានការថែទាំអនីតិជនអាយុតិចជាង ១៥ ឆ្នាំ ។

មាត្រា ៣៣៨ នៃក្រមព្រហ្មទណ្ឌបានបញ្ញត្តិថា៖ «អំពើរបស់ជនគ្រប់រូប ដែលមានអំណាចទៅលើអនីតិជនអាយុ តិចជាង ១៥ (ដប់ប្រាំ) ឆ្នាំ ដែលបង្អត់អាហារ ឬគ្មានការថែទាំរហូត ដល់ខូចសុខភាពអនីតិជននោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជា ប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល»។

ទន្ទឹមនឹងនេះផងដែរ ក្នុងករណីដែលសកម្មភាពក្នុងមាត្រា៣៣៧ នេះ អាចបង្កឱ្យជនរងគ្រោះទទួលមរណៈភាព ស្ថានទម្ងន់ទោសនឹងកើនឡើងទៅជា ការដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ទៅ ១៥ (ដប់ប្រាំ) ឆ្នាំ ដោយផ្អែកតាមមាត្រា ៣៣៨ នៃច្បាប់ដដែល ។

សកម្មភាពមួយទៀតដែលអាចបង្កជាបទល្មើសគឺ ការដាក់អនីតិជនឱ្យស្ថិតក្នុងលក្ខខណ្ឌការងារដែលបណ្តាលឱ្យខូចសុខភាព ។ ឧទាហរណ៍ការងារទាំងនោះរួមមាន ការលើកវត្ថុធ្ងន់ៗ ការបំពេញពលកម្មដោយគ្មានម៉ោងសម្រាកត្រឹមត្រូវ និងការបំពេញការងារនៅកន្លែងដែលមានផ្សែង ឬក្លិនពុលជាដើម ។

មាត្រា ៣៣៩ នៃក្រមព្រហ្មទណ្ឌបានបញ្ញត្តិថា៖ «អំពើដែលដាក់អនីតិជនឱ្យស្ថិតនៅក្នុងលក្ខខណ្ឌនៃការងារដែលបណ្តាលឱ្យខូចដល់សុខភាព ឬការលូតលាស់ដល់រាងកាយរបស់អនីតិជននោះ ត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារ ពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល» ។

លើសពីនេះទៅទៀត មាត្រា ៣៤០ ក៏បានបញ្ញត្តិផងដែរថា បទល្មើសដែលមានក្នុងមាត្រា ៣៣៩ នៃក្រមព្រហ្មទណ្ឌនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ទៅ ១៥ (ដប់ប្រាំ) ឆ្នាំ កាលបើបទល្មើសនោះ នាំឱ្យជនរងគ្រោះស្លាប់ ។

មិនតែប៉ុណ្ណោះ ច្បាប់នេះដដែលបានលើកឡើងអំពីសកម្មភាពមួយសណ្ឋានទៀតផងដែរ គឺការប្រព្រឹត្តិអំពើអាសទៅលើអនីតិជនអាយុតិចជាង១៥ឆ្នាំ ។ មាត្រា ៣៤១ បានឱ្យនិយមន័យ “អំពើអាស” ថាជាអំពើនៃការប៉ះពាល់ ឬការបង្ហាញកេរភេទ ឬផ្នែកភេទផ្សេងទៀតរបស់ជនដទៃ ឬការឱ្យជនដទៃប៉ះពាល់កេរភេទ ឬ ផ្នែកភេទផ្សេងទៀត របស់ជនល្មើសខ្លួនឯង ឬរបស់តតិយជន ក្នុងគោលបំណងធ្វើឱ្យរំជួល ឬរីករាយដល់ចំណង់ផ្លូវភេទរបស់ជនល្មើស ។ អំពើបែបនេះអាចបង្កឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើអនីតិជន ទាំងផ្នែកស្មារតី និងរាងកាយ ។

ដូចនេះ ជនណាដែលប្រព្រឹត្តអំពើអាសទៅលើ អនីតិជនអាយុតិចជាង ១៥ (ដប់ប្រាំ) ឆ្នាំ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជា ប្រាក់ពី ២.០០០.០០០ (ពីរលាន) រៀល ទៅ ៦.០០០.០០០ (ប្រាំមួយលាន) រៀល ។

ស្ថានទម្ងន់ទោសនឹងកើនឡើងទៅជា ការដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជា ប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ក្នុងករណីដែលបទល្មើសនៃមាត្រា ៣៤១ នេះ ត្រូវបានប្រព្រឹត្តិដោយ៖

១. បុព្វញាតិ
២. បុគ្គលដែលមានអំណាចលើអនីតិជន
៣. បុគ្គលច្រើនរូបដែលធ្វើសកម្មភាពក្នុងឋានៈជាចារី សហចារី អ្នកផ្ដើមគំនិត ឬអ្នកសមគំនិត
៤. ការបង់លាភការ ។

សរុបមកវិញ ជនទាំងឡាយណាដែលប្រព្រឹត្តិអំពើណាមួយដែលអាចដាក់អនីតិជនឱ្យស្ថិតក្រោមស្ថានភាពគ្រោះថ្នាក់ ផ្នែកសុខភាព និងចិត្តសាស្ត្រ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។ ទន្ទឹមនឹងនេះ មាតាបិតា ឬអាណា​ព្យាបាល ក៏ដូចជាសង្គមទាំងមូល គួរបង្កើនការយកចិត្តទុកដាក់ឲ្យបានខ្ពស់ដល់កុមារដែលជាអនីតិជនឱ្យបានខ្ជាប់ខ្ជួន តាមរយៈការអប់រំ និងណែ​នាំ​អំពី​វិធី​ការ​ពារខ្លួននានា ។

រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងកញ្ញា គន្ធ វិជិតា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិ បាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕