(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ទង ថាញ់ត្រា អគ្គនាយកមន្ទីរពេទ្យជោរៃភ្នំពេញ រួមនឹងថ្នាក់ដឹកនាំជាច្រើនរូប នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ បានចូលរួមសិក្ខាសាលាមួយស្តីអំពី «អត្ថបទវិទ្យាសាស្ត្រឆ្នាំ២០១៩» ដោយក្នុងនោះលើកយកអត្ថបទចំនួន៨មកពិភាក្សា។

នាឱកាសនោះ លោកវេជ្ជបណ្ឌិត ទង ថាញ់ត្រា បានលើកឡើងថា «នៅក្នុងមន្ទីរពេទ្យមួយ គឺមានតួនាទីពិនិត្យ និងព្យាបាលជំងឺ ប៉ុន្តែក្រៅពីនេះគឺចែករំលែកបទពិសោធន៍ដល់អ្នកឯកទេសផ្សេងៗ ជាពិសេសវេជ្ជបណ្ឌិត ឲ្យបានដឹង និងបានផ្លាស់ប្ដូរបទពិសោធន៍ក្នុងការព្យាបាលជំងឺតាមរយៈសិក្ខាសាលាផ្សេងៗ»។

លោកវេជ្ជបណ្ឌិតបន្ថែមថា «កម្មវិធីសិក្ខាសាលានេះគឺជាកម្មវិធីមួយ ដែលមន្ទីរពេទ្យជោរៃភ្នំពេញបានត្រៀមអស់រយៈពេលជិត១ឆ្នាំ ដើម្បីរៀបចំ ហើយក្នុងកម្មវិធីនេះក៏បានរៀបចំអត្ថបទវិទ្យាសាស្ត្រជាច្រើនយកមកពិភាក្សា»។

លោកបន្តទៀតថា «ក្នុងសិក្ខាសាលានេះគឺជ្រើសរើសតែចំនួន៨អត្ថបទប៉ុណ្ណោះ យកមកធ្វើបទបង្ហាញ ដោយការជ្រើសរើសនេះ គឺមានក្រុមប្រឹក្សាត្រួតពិនិត្យ និងសម្រេចយក ដើម្បីបង្ហាញដល់អ្នកចូលរួម»។

សូមជម្រាបថា មន្ទីរពេទ្យជោរៃភ្នំពេញ ជាមន្ទីរពេទ្យលំដាប់ថ្នាក់អន្តរជាតិ ដែលទទួលព្យាបាលជំងឺទូទៅ ប្រកបដោយគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើបៗ និងមានវេជ្ជបណ្ឌិតល្បីៗ មកពីប្រទេសវៀតណាមផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ មន្ទីរពេទ្យជោរៃភ្នំពេញ ក៏តែងតែចូលរួមក្នុងសកម្មភាពជួយសង្គមជាច្រើនផងដែរ ហើយនេះជាការជួយដល់វិស័យសុខាភិបាលមួយជ្រុងផងដែរ។

ជាមួយគ្នានោះដែរ អគ្គនាយកមន្ទីរពេទ្យជោរៃភ្នំពេញ ក៏បានប្ដេជ្ញាជំរុញក្នុងការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនេះ ឲ្យមានការរីកចម្រើនបន្ថែមទៀត ដើម្បីបង្ហាញពីស្នាដៃរបស់មន្ទីរពេទ្យជោរៃភ្នំពេញ ក្នុងការបន្ថែម និងកែសម្រួលលើការពិនិត្យព្យាបាលជំងឺផងដែរ៕