(ភ្នំពេញ)៖ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានថ្លែងអោយដឹងថា ប្រាក់ឈ្នួលអប្បរមាថ្មីរបស់កម្មករ នឹងត្រូវអនុវត្តចាប់ពីខែមករា ឆ្នាំ២០២០តទៅ ដោយកម្មករសាកល្បងទទួលបាន ១៨៥ដុល្លារ និងកម្មករពេញសិទ្ធិទទួលបាន ១៩០ដុល្លាក្នុងមួយខែ។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់លោកផ្ទាល់ នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩នេះ។

លោកបន្តទៀតថា «នៅពេលប្រាក់ឈ្នួលកម្មករត្រូវបានតម្លើងជារៀងរាល់ឆ្នាំ យើងសង្កេតឃើញផ្ទះជួល និងរថយន្តដឹកកម្មករ តែងតែជ្រួល ហក់ឡើងថ្លៃដោយ ខុសទំនង ពីព្រោះថា អ្វីៗដែលការចំណាយទ្រទ្រង់ផ្ទះជួល មិនមានការឡើងថ្លៃ ហើយប្រេងសម្រាប់រថយន្តក៏តម្លៃមិនប្រែប្រួលដែរ។ ប៉ុន្តែនៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា តម្លៃផ្ទះជួលមានលំនឹងល្អ មិនមានការតម្លើងហួសហេតុគួរអោយកត់សំគាល់នោះទេ។ រីឯតម្លៃរថយន្តដឹកកម្មករ ក៏មានស្ថេរភាពសមរម្យដែរ»

ជាមួយគ្នានេះដែរ លោក សោម អូន ក៏បានបញ្ជាក់បន្ថែមយ៉ាងច្បាស់លាស់ថា កត្តាដែលធ្វើអោយតម្លៃផ្ទះជួលមិន
ប្រែប្រួលគឺដោយសារតែមានច្បាប់គ្រប់គ្រងផ្ទះជួល និងការអំពាវនាវជាញឹកញាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះដែល រូបលោកផ្ទាល់ក៌បានអំពាវនាវដល់សហជីព និងកម្មកររួមគ្នាឃ្លាំមើលតម្លៃផ្ទះជួល និងតម្លៃរថយន្តដឹកកម្មករ នៅពេលប្រាក់ឈ្នួលថ្មីរបស់កម្មករនឹងត្រូវអនុវត្តចាប់ពីខែមករា ឆ្នាំ២០២០ ខាងមុខនេះ។ បើសិនជាតម្លៃប្រែប្រួល គឺសូមរាយការណ៍មកសហព័ន្ឋសហជីព ដែលជាខ្សែបណ្តោយរបស់ខ្លួន និងសហការជាមួយសមត្ថកិច្ចអាជ្ញាធរ ដើម្បីធ្វើការដោះស្រាយជាបន្ទាន់។ ជាមួយនេះដែរលោកក៏បានអំពាវនាវយ៉ាងទទួច ដល់ម្ចាស់ផ្ទះជួល និងម្ចាស់រថយន្តដឹកកម្មករ សូមមេត្តាយោគយល់ដល់កម្មករ និងជាពិសេសចូលរួមអនុវត្តនូវការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕