(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩នេះ បានប្រគល់អណ្ដូងស្នប់ខ្នាតធំចំនួន៨ទៀត ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំចំនួន៤ រួមមាន៖ ឃុំត្រពាំងគរ, ឃុំស្តើងជ័យ, ឃុំសំពងជ័យ និងឃុំព្រីងជ្រុំ (ដោយក្នុងមួយឃុំៗទទួលបានអណ្តូងទឹកចំនួន២) នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ក្នុងឱកាសប្រគល់អណ្ដូងស្នប់ចំនួន៨ ប្រជាពលរដ្ឋរាប់ពាន់គ្រួសារដែលទទួលផលពីការប្រើប្រាស់អណ្ដូងទឹកទាំង៨ខាងលើនេះ បានសម្ដែងការសប្បាយចិត្ដយ៉ាងខ្លាំង ពេលទទួលបានប្រភពទឹកស្អាតសម្រាប់ប្រើប្រាស់គ្រប់គ្រាន់ ដោយមិនចំណាយថវិកា ដើម្បីទិញទឹកយកប្រើជាប្រចាំថ្ងៃទៀតនោះទេ។

ជាពិសេស ជួយលើកកម្ពស់សុខភាពរបស់ពលរដ្ឋតាមរយៈអណ្ដូងទឹកស្អាតនេះ និងលែងប្រើប្រាស់ទឹកតាមប្រឡាយ ដែលអាចផ្ដល់បញ្ហាដល់សុខភាពរបស់អ្នកស្រុកទៀតហើយ។

ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋទាំង៤ឃុំ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់តំណាងរាស្រ្ដ ម៉ា ឈឿន ដែលតែងតែចុះមកសួរសុខទុក្ខ ស្វែងយល់ការលំបាក ភាពខ្វះខាត និងបញ្ហាប្រឈមនានា រួមទាំងគ្រោះមហន្ដរាយធម្មជាតិជាដើម ហើយដោះស្រាយបញ្ហាប្រឈមភ្លាមៗជូនដល់ពលរដ្ឋគ្រប់រូប ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ។

ជាពិសេស ដោះស្រាយរាល់ការសំនូមពររបស់ពួកគាត់ជាក់ស្ដែង ដូចអណ្ដូងទឹកនៅថ្ងៃនេះ ជាមួយនិងថវិកាមួយចំនួន ហើយកន្លងមកនេះ តំណាងរាស្រ្ត ម៉ា ឈឿនក៏តែងតែផ្តល់ថវិកា ដើម្បីធ្វើផ្ផ្លូវថ្នល់ វត្ដអារាម រួមទាំងស្បៀង និងសម្ភារមួយចំនួន ដែលជាតម្រូវការចាំបាច់ ដើម្បីផ្ដល់ភាពសុខសាន្ដ ក្នុងការរស់នៅរបស់ពលរដ្ឋ។

ជាមួយគ្នានោះ លោកបណ្ឌិត ម៉ា ឈឿន បានថ្លែងឱ្យដឹងផងដែរថា ក្នុងរយៈពេលមួយឆ្នាំនេះ គិតចាប់ពីដើមឆ្នាំ រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ លោក បានប្រគល់អណ្ដូងស្នប់ខ្នាតធំចំនួន២០ហើយ ជូនដល់ប្រជាពលរដ្ឋនៅតាមឃុំនិមួយៗដោយក្នុងមួយឃុំ ទទួលបានអណ្ដូងស្នប់ខ្នាតធំនេះចំនួន២។

តំណាងរាស្រ្តដ៏គំរូមួយរូប ក៏បានថ្លែងទៅកាន់ប្រជាពលរដ្ឋផងដែរថា លោកនឹងបន្ដចុះមកស្វែងយល់ និងដោះស្រាយរាល់បញ្ហា ឬទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដើម្បីជួយលើកម្ពស់ សុខភាព និងជីវភាពរបស់ពលរដ្ឋនៅតាមភូមិឃុំកាន់តែប្រសើរ និងភាពសម្បូរសប្បាយ ជាមួយប្រទេសជាតិដ៏សុខសាន្តនេះ។

សូមជម្រាបថា អណ្ដូងស្នប់ខ្នាតធំទាំង២០ខាងលើនេះ ចំណាយថវិកាសរុបចំនួន ៤ម៉ឺនដុល្លារ ដោយក្នុងអណ្តូងមួយតម្លៃ២ពាន់ដុល្លារ ។លើសពីនោះ ប្រជាពលរដ្ឋ ដែលទទួលផលពីអណ្តូងនេះ ក៏ទទួលបានថវិកាមួយចំនួនផងដែរ ហើយរាល់ការចំណាយទាំងអស់ ជាថវិកាផ្ទាល់របស់តំណាងរាស្ដ្រ ម៉ា ឈឿន ៕