(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវ​បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (ឆក់កាបូប)។

កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៤:៣០នាទី កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌចំកាមន ខណៈកំពុងល្បាត ស្រាប់តែមានជនសង្ស័យ ០២នាក់ បានជិះម៉ូតូរត់គេចខ្លួនបន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់កាបូប ពីស្រ្តីម្នាក់ជាជនបរទេសបានសម្រេច លុះមកដល់ចំណុចផ្លូវ៤៤៦ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ក៏ត្រូវបានកម្លាំងអាវុធហត្ថកំពុងល្បាត ស្ទាក់ឃាត់ខ្លួនបានទាំង ០២នាក់ តែម្តង។

ជនសង្ស័យ ០២នាក់ខាងលើមាន៖
១. ឈ្មោះ ឆាយ តារាពិទ័រ ភេទប្រុស ១៤ឆ្នាំ
២. ឈ្មោះ ញឹម សុថារឹទ្ធ ហៅតាន់ ភេទប្រុស អាយុ ១៤ឆ្នាំ

ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យទាំង ០២នាក់ខាងលើបានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា ពួកគេបានជិះម៉ូតូ ០១គ្រឿង ម៉ាក Nozza ពណ៍ស ស្លាកលេខ ភ្នំពេញ 1BH-2724 ជិះចុះ ជិះឡើង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្នុងគោលបំណងដើររកឆក់សម្ភាៈមានតម្លៃពីប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ លុះជិះដល់ចំណុច ផ្លូវលេខ១២៣ ក្បែរម៉ាតអង្គរ ក៏ឃើញស្រ្តីជនជាតិបរទេសម្នាក់ ធ្វើដំណើរលើដងផ្លូវមានស្ពាយកាបូប ពួកគេបានជិះទៅក្បែរហើយធ្វើសកម្មភាព​ឆក់ពីជនរងគ្រោះបានសម្រេច ភ្លាមនោះមានប្រជាពលរដ្ឋដែលនៅក្បែរនោះឃើញ ក៏បានស្រែកខ្លាំងៗ ថា «ចោរៗ» ស្របពេលដែលកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌ​ចំការមនល្បាតឃើញ បានស្ទាក់ឃាត់ខ្លួនបានទាំង ០២នាក់តែម្តង។

ពួកគេបានបន្ថែមឲ្យដឹងទៀតថា មានបក្ខពួក ០២នាក់ទៀតឈ្មោះ ហុង លី និងឈ្មោះ ឆក ធ្លាប់ធ្វើសកម្មភាពឆក់សម្ភារៈមានតម្លៃពីប្រជាពលរដ្ឋ ដែលធ្វើ​ដំណើរ​លើដងផ្លូវយ៉ាងសកម្មជាមួយគ្នាក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ភាគច្រើនពួកគេធ្វើសកម្មភាព​នៅចំណុច ម្តុំផ្សារទួលទំពូង, ផ្សារអូរឬស្សី, ផ្សារកណ្តាល៕