(ពោធិ៍សាត់)៖ នៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ មានករណីឃាតកម្មដ៏រន្ធត់មួយ ដែលបង្កឡើងដោយបុរសម្នាក់ មានតួនាទីជាមន្ត្រីនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨២៥ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានប្រើកាំបិតភ្កាក់កាប់សម្លាប់ មកលើស្ត្រីជាប្រពន្ធ រហូតដល់ដេកស្លាប់ក្នុងថ្លុកឈាម រួចរត់គេចខ្លួនដោយសុវត្ថិភាព។ ហេតុការណ៍នេះបានកើតឡើង នៅផ្ទះក្រោយទីបញ្ជាការវរៈ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា មកដល់វេលាម៉ោង ៤៖១០នាទីល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ ពោលគឺបាន ៦ថ្ងៃ ជនសង្ស័យបានចូលមកសារភាពខ្លួន តាមរយៈការខ្ចីទូរស័ព្ទអ្នកដទៃ ខលប្រាប់សមត្ថកិច្ចឲ្យមកឃាត់ខ្លួននៅចំណុចវាលពួច ដែលមានចម្ងាយពីទីបញ្ជាការវរ៨២៥ ប្រហែល ៧គីឡូម៉ែត្រ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ការចូលសារភាពទោសកំហុស ដែលមិនអាចលើកលែងបាននេះ ធ្វើឡើងបន្ទាប់ពីជនសង្ស័យអស់ល័ក្ខ មិនដឹងជារត់គេចតាមផ្លូវណា ខណៈដែលកម្លាំងសមត្ថកិច្ចចម្រុះ ខិតខំប្រតិបត្តិការស្វែងរក ជនល្មើស រហូតដល់៦ថ្ងៃកន្លងមកហើយ។

សូមបញ្ជាក់ថា ស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះ ឆន ជីវ័ន្ត អាយុ២០ឆ្នាំ ចំណែកជនសង្ស័យ ឈ្មោះ អ៉ឹម ផល្លី (ហៅតឿ) បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ។ ក្រោយធ្វើសកម្មភាពសម្លាប់ ទៅលើស្ត្រីរងគ្រោះជាប្រពន្ធរួចមក ជនសង្ស័យបានទាញកាំបិទរកកាប់ម្តាយក្មេងបន្តទៀត តែគាត់បានគេចផុត ភ្លាមនោះជនសង្ស័យបានរត់គេចខ្លួនចូលព្រៃបាត់ស្រមោល។

ករណីខាងលើនេះ ត្រូវបានសមត្ថកិច្ច ដាក់ការសន្និដ្ឋានយ៉ាងច្បាស់ថា ព្រោះរឿងប្រចណ្ឌ និងអាចមកពីបែកថ្នាំ ព្រោះជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយត្រូវបានបញ្ជូនទៅអប់រំនៅស្នងការដ្ឋាននគរបាលខេត្ត ៣ខែរួចមកហើយ ទើបបញ្ជូនឲ្យត្រឡប់មកវរៈដើមវិញ។

បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលថ្មដា ដើម្បីបញ្ជូនបន្ត ចាត់ការតាមនីតិវិធី៕