(ស្វាយរៀង)៖ ស្រ្តីអ្នកខេត្តស្វាយរៀងម្នាក់ បានធ្វើមហាជនភ្ញាក់ផ្អើលក្នុងបណ្ដាញសង្គម Facebook ដោយសារបានធ្វើរឿងគួរឲ្យកោតសរសើរមួយ ពេលនាងបានទៅលេងនៅលើភ្នំគូលែន ខេត្តសៀមរាប ដើម្បីបន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើនដល់ក្រុមគ្រួសារជាពិសេស សុំឲ្យម្តាយរបស់ខ្លួន ឆាប់ជាសះស្បើយពីជំងឺ។ ពេលដែលធ្វើដំណើរត្រឡប់មកវិញក៏ជួបរថយន្ត កាមេរីឆ្លាមមួយគ្រឿង កំពុងខូចកណ្តាលផ្លូវ ដោយមានមនុស្សជិះ ៦នាក់ ក្នុងនោះក៏មានស្ត្រី មានផ្ទៃពោះម្នាក់ផងដែរ ហើយក៏បានជួយសណ្តោង រហូតដល់ទីរួមខេត្តសៀមរាប ដើម្បីរកកន្លែងជួសជុល។

ជួបជាមួយភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តស្វាយរៀង កញ្ញា មាស ឌីណា អាយុ៣៣ឆ្នាំ រស់នៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះថា កាលពីពេលថ្មីៗ កន្លងទៅនេះកញ្ញា បាននាំម្តាយ និងបងប្អូនទៅធ្វើបុណ្យ ស្រោចទឹកនៅលើភ្នំគូលែន ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន ជាពិសេសសុំឲ្យម្តាយឆាប់ ជាសះស្បើយពីជំងឺ។

កញ្ញាបានបន្តថា នៅពេលដែលបានស្រោចទឹក និងធ្វើបុណ្យរួចមក កញ្ញា និងក្រុមគ្រួសារបានត្រឡប់មកទីរួមខេត្តសៀមរាបវិញ ខណៈជិះចេញពីលើភ្នំគូលែន បានបន្តិចក៏ប្រទះឃើញរថយន្តកាមេរីឆ្លាម ពាក់ស្លាកលេខភ្នំពេញ 2C-5136 កំពុងខូចនៅតាមផ្លូវ ដោយមានមនុស្សជិះក្នុងរថយន្ត៦នាក់ ក្នុងនោះក៏មានស្ត្រី មានផ្ទៃពោះម្នាក់ផងដែរ។

កញ្ញា មាស ឌីណា បានបន្តថា ដោយមានក្តីអាណិតអាសូរក៏ចុះទៅសួរនាំថា តើរថយន្តពូខូចអ្វីដែរ? ខណៈនោះអ្នកបើកបររថយន្តឆ្លាមឆ្លើយថា មិនដឹងខូចអ្វីទេ ដេរមិនឆេះសោះ។ កញ្ញាក៏បានយករថយន្តរបស់ខ្លួន ជួយសណ្តោងរថយន្ត រួមនិងមនុស្ស៦នាក់ ដើម្បីទៅរកជាងជួសជុលរថយន្ត តែដោយសារតាមផ្លូវ ពុំមានកន្លែងជួសជុល ហើយមេឃក៏ងងឹតទៀតនោះ ក៏សណ្តោងរហូតមកដល់ទីរួមខេត្តសៀមរាប ដោយមិនយកប្រាក់មួយរៀលឡើយ។

កញ្ញាបានបង្ហាញអារម្មណ៍បែបសប្បាយរីករាយថា ការធ្វើបុណ្យមិនប្រកាន់ថា កន្លែងណាទេឲ្យតែចិត្តយើងជ្រះថ្លា ខណៈនៅពេលដែលឃើញគេ កំពុងជួបទុក្ខ និងដង្ហោយឲ្យយើងជួយនោះ យើងត្រូវតែជួយគេពេលនោះ ហើយបុណ្យពិតជាបានដល់យើង ដោយសារតែមានចិត្តបុណ្យ និងសប្បុរសក្នុងខ្លួន៕