(ឧត្តរមានជ័យ)៖ សាលាដំបូងខេត្តឧត្តរមានជ័យ និងអយ្យការអមសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ បានរៀបចំពិធីបើកសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០១៩ និងដាក់ទិសដៅអនុវត្តឆ្នាំ២០២០ ក្រោមវត្តមានលោក ឃន សុកល ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ និងមានការចូលរួមពីលោក លោកស្រី ជាអនុប្រធាន ព្រះរាជអាជ្ញា ចៅក្រម ប្រធានលេខាធិការដ្ឋាន អនុប្រធានលេខាធិការដ្ឋាន ក្រឡាបញ្ជី មន្ត្រីក្របខណ្ឌរដ្ឋបាល និងមន្ត្រីជាប់កិច្ចសន្យាជាច្រើនរូបទៀត។

លោក ឃន សុកល បានថ្លែងថា សន្និបាតនេះ ប្រព្រឹត្តឡើងសមស្របក្នុងរបត់ កំណែទម្រង់ស៊ីជម្រៅ ស្របតាមនយោបាយ នៃរដ្ឋាភិបាល ដែលបានបង្ហាញដល់មតិជាតិ និងអន្តរជាតិបានជ្រួតជ្រាប ពីការខិតខំ របស់រាជរដ្ឋាភិបាល ដែលបានធ្វើកំណែទម្រង់ធ្វើទំនើបកម្មច្បាប់សារធាតុនិតិវិធីច្បាប់ និងបានយល់ពីកិច្ចខិតខំប្រតិបត្តិការងារ នៃស្ថាបន័តុលាការ ដើម្បីបំរើ និងផ្តល់សេវាយុត្តិធម៌ ដល់ប្រជាពលរដ្ឋបានសមស្រប និងទាន់ពេលវេលា។

លោកប្រធានសាលាដំបូងខេត្ត បានបន្តទៀតថា ក្រោយពីក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ័ និងក្រមរដ្ឋប្បវេណី ក្រមនិតិវិធីរដ្ឋប្បវេណីចូលជាធរមានមក របត់ការងារផ្នែកយុត្ថាធិការ បានប្រែប្រួលយ៉ាងខ្លាំង គឺតម្រូវឲ្យមានការបំពាក់បំប៉នសមត្ថភាពដល់ចៅក្រម ព្រះរាជអជ្ញា ប្រធានលេខាធិការដ្ឋាន អនុប្រធានលេខាធិការដ្ឋានក្រឡាបញ្ជី និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀតឲ្យយល់ និងមានសមត្ថភាព ដើម្បីអនុវត្តការងាររបស់ខ្លួនឲ្យសមស្រប និងច្បាប់ថ្មីផង ហើយយើងជំរុញឲ្យការប្រតិបត្តិការងាររបស់មន្ត្រីតុលាការ គ្រប់ថ្នាក់គ្រប់ផ្នែក ដើម្បីរួមចំណែកទប់ស្កាត់ អំពើល្មើសច្បាប់ និងផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ស្របតាមនយោបាយ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺ «បង្កើនប្រសិទ្ធិភាព ក្នុងការផ្តល់សេវាយុត្តិធម៌ ប្រកបដោយសមភាព សច្ចភាពនិងតម្លាភាព» ផងដែរ។ ការងារទាំងអស់នេះ ត្រូវការពេលវេលាធនធានមនុស្ស និងធនធានថវិកាសម្ភារយ៉ាងច្រើន ទើបបំពេញតាម តម្រូវការបាន។

ជាមួយគ្នានោះលោក ឃន សុកល បានបញ្ជាក់ទៀតថា កិច្ចពិភាក្សានៅក្នុងអង្គសន្និបាត នាពេលខាងមុខនេះ យើងនឹងលើកយកបញ្ហាប្រឈម ក្នុងឆ្នាំ២០១៩កន្លងមក និងលើកយកអនុសាសន៍ល្អៗ អនុវត្តឆ្នាំ២០២០បន្តទៀត។

លោកសង្ឃឹមថា លោក-លោកស្រី ដែលជាអនុប្រធាន ចៅក្រម ព្រះរាជអជ្ញា លោក លោកស្រីព្រះរាជអជ្ញារង ប្រធានលេខាធិការដ្ឋាន អនុប្រធានលេខាធិការដ្ឋាន ក្រឡាបញ្ជីនិងមន្ត្រីទាំងអស់ ជាសមាជិក សមាជិកានៃអង្គសន្និបាត ដែលសុទ្ធតែជាជំនាញ និងជាអ្នកអនុវត្តច្បាប់ប្រកប ដោយភាពត្រឹមត្រូវ និងផ្តល់សេវាយុត្តិធម៌ដល់ពលរដ្ឋទាន់ពេលវេលា៕