(ភ្នំពេញ)៖ ប្រទេសកម្ពុជាបានជាប់លំដាប់ថ្នាក់ទី៨៩ ក្នុងចំណោម ១៥៣ប្រទេស ក្នុងការកាត់បន្ថយគម្លាតយេនឌ័រ។ នេះបើយោងតាមរបាយការណ៍គម្លាតយេនឌ័រសកលឆ្នាំ២០២០ របស់វេទិកាសេដ្ឋកិច្ចពិភពលោក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ។

ក្នុងរបាយការណ៍ បានបញ្ជាក់យ៉ាងដូច្នេះថា «គម្លាតយេនឌ័រនៅកម្ពុជា ស្ថិតក្នុងលំដាប់ទី៨៩ ក្នុងចំណោម១៥៣ប្រទេស មានភាពប្រសើរជាងមុន រហូតដល់៤លំដាប់ បើប្រៀបធៀបនឹងឆ្នាំ២០១៨»

សមិទ្ធផលជាវិជ្ជមាន ដែលគួរឲ្យកត់សម្គាល់នេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយ កតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ ក្នុងចតុកោណទី១ មុំទី៤ សំដៅការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា និងបានចាត់ទុកស្រ្តីជាឆ្អឹងខ្នង នៃសង្គមសេដ្ឋកិច្ចជាតិ។

សូមបញ្ជាក់ថា ក្រសួងកិច្ចការនារី ដែលជាយន្តការជាតិ សម្រាប់ការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី មានតួនាទីយ៉ាងសំខាន់ ក្នុងការធានាគណនេយ្យភាពសង្គម សម្រាប់ស្រ្តី ក៏ដូចជាការគាំទ្រ និងការប្រឹក្សាបច្ចេកទេសផ្នែកគោលនយោបាយ និងយុទ្ធសាស្រ្ត ក្នុងការបញ្ជ្រាបយេនឌ័រដល់ក្រសួង ស្ថាប័នរដ្ឋ និងដៃគូពាក់ព័ន្ធ។

ការសម្រេចឲ្យបាន នូវការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា ក៏ទាមទារឲ្យមានកិច្ចសហការណ៍ និងគាំទ្រ ពីអង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល និងដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិផងដែរ។

គួររំលឹកផងដែរថា កម្ពុជាទទួលបានភាពរីកចម្រើន ផ្នែកយេនឌ័រជាបន្តបន្ទាប់ ចាប់តាំងឆ្នាំ២០១៦មក៕