(ភ្នំពេញ)៖ រថយន្តក្រុងចំនួន ២គ្រឿង ដែលតែងតែចតនៅលើផ្លូវសាធារណៈបណ្ដាលឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ នៅចំណុចមុខដីឡូតិ៍មួយកន្លែង បណ្តោយផ្លូវលេខ១៩៥៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានកម្លាំងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ក្រោមការបញ្ជាពីលោក ម៉ូវ ម៉ានិត ប្រធានគណៈបញ្ជាការ និងជាអភិបាលខណ្ឌសែនសុខ ចុះដកហូតយកមករក្សាទុកនៅសាលាខណ្ឌ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ដោយយកមកទុករយៈពេល០១សប្ដាហ៍ ធ្វើជាការព្រមានដល់ម្ចាស់រថយន្តនេះ ក៏ដូចជាម្ចាស់រថយន្តផ្សេងៗទៀត មុននឹងធ្វើកិច្ចសន្យាប្រគល់ជូនត្រឡប់ទៅវិញ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ ដោយបានការអនុញ្ញាតពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ រដ្ឋបាលខណ្ឌ បានអញ្ជើញម្ចាស់រថយន្តទាំងពីរ មកធ្វើការណែនាំ ដោយម្ចាស់រថយន្តបានទទួលស្គាល់កំហុស និងបានធ្វើកិច្ចសន្យានៅមុខអាជ្ញាធរខណ្ឌសែនសុខ ដោយយល់ព្រមអនុវត្តដូចខាងក្រោម៖

*យល់ព្រមបញ្ឈប់សកម្មភាពចតរថយន្ត នៅលើផ្លូវសាធារណៈ បណ្តាលឲ្យប៉ះពាល់សណ្តាប់ធ្នាប់ របៀបរៀបរយ និងប៉ះពាល់អ្នកធ្វើដំណើរឆ្លងកាត់ ផ្លូវសាធារណៈទៀតហើយ

*ក្នុងករណី នៅបន្តចតរថយន្តលើផ្លូវសាធារណះប៉ះពាល់ ដល់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈលើកក្រោយម្តងទៀត យល់ព្រមឲ្យអាជ្ញាធរខណ្ឌ អនុវត្តវិធានការទៅតាមនីតិវិធីច្បាប់ ដោយមិនជំទាស់តវ៉ាអ្វីឡើយ។

លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរ មិនចង់ឃាត់ដកហូត ឬរំខានការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ ឲ្យខកខានការដឹកជញ្ជូនភ្ញៀវនោះទេ ប៉ុន្តែបើណែនាំមិនស្តាប់ អាជ្ញាធរខណ្ឌត្រូវតែបង្ខំអនុវត្តវិធានការឲ្យខានតែបាន ដើម្បីរៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវសាធារណៈឲ្យមានរបៀបរៀបរយល្អប្រសើរ។

លោកអភិបាលខណ្ឌ បានរំលឹកថា កន្លងមកអាជ្ញាធរខណ្ឌសែនសុខ តែងតែបានចុះណែនាំដល់ម្ចាស់រថយន្តក្រុង នៅតាមបណ្តោយផ្លូវលេខ១៩៥៨ និងផ្លូវមួយចំនួនទៀត ស្ថិតក្នុងភូមិសាស្រ្តខណ្ឌសែនសុខ ឲ្យបញ្ឈប់ការចតរថយន្តនៅលើផ្លូវសាធារណៈជាច្រើនលើក និងបានចែកជូនលិខិតណែនាំលេខ ០១៣/១៨ សណន ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវ សាធារណៈទាំងអស់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ប៉ុន្តែម្ចាស់រថយន្តមួយចំនួនមិនបានអនុវត្តតាមការណែនាំនោះឡើយ។

អាជ្ញាធរខណ្ឌសែនសុខ សូមអំពាវនាវប្រជាពលរដ្ឋកំពុងប្រកបអាជីវកម្មតាមដងផ្លូវ និងម្ចាស់រថយន្តតាក់ស៉ី រថយន្តឈ្នួល រថយន្តក្រុង រថយន្តក្រឡុកបេតុង និងម្ចាស់រថយន្តដឹកទំនិញផ្សេងៗទៀត សូមចូលរួមសហការជាមួយអាជ្ញាធរ ដោយបញ្ឈប់ការលក់ដូរ ដាក់តាំងសម្ភាររំលោភលើចិញ្ចើមផ្លូវសាធារណៈ បញ្ឈប់ការចតរថយន្តនៅលើផ្លូវសាធារណៈ ដែលបណ្តាលឲ្យប៉ះពាល់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ប៉ះពាល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវ និងប៉ះពាល់សោភ័ណ្ឌភាពរាជធានីភ្នំពេញ៕