(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង មានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង ស្ថិតក្រោមអធិបតីភាពលោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ, លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ បណ្តាមន្ទីរអង្គភាពនានា ជុំវិញខេត្ត ជាច្រើនរូបនាក់ទៀត។

បន្ទាប់ពីទទួលសេចក្តីប្រកាស និងត្រាអង្គភាព ពីគណៈអធិបតីរួចមកលោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មី បានប្តេជ្ញាចិត្ត នឹងខិតខំដោះស្រាយ ឲ្យបាននូវរាល់បញ្ហាប្រឈមនានា ដូចជា បញ្ហាផ្លូវជនបទ បញ្ហាទឹកស្អាត និងបញ្ហាអនាម័យ ដើម្បីឈានឆ្ពោះទៅរកការអភិវឌ្ឍន៍ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក នៅទូទាំងខេត្តស្វាយរៀង និងសំដៅកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅតំបន់ជនបទ។

លោក ម៉ែន វិបុល បានសម្ដែងការគាំទ្រ ចំពោះការសម្រេចចិត្ត របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានតែងតាំង លោក សំ នីតូ ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ដើម្បីបន្តដឹកនាំអង្គភាព បំពេញភារកិច្ចបម្រើជាតិ និងប្រជាជន ក្នុងការចូលរួមជំរុញការអភិវឌ្ឍខេត្តស្វាយរៀង ឲ្យរីកចំរើនបន្តទៀត។

លោកអភិបាលខេត្ត មានសង្ឃឹមយ៉ាងមុតមាំថា លោកប្រធានមន្ទីរដែលចូលកាន់តំណែងថ្មី នឹងខិតខំយកអស់កម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងធ្វើឲ្យមានសុខដុមនីយកម្ម ក្នុងអង្គភាព ត្រូវយកចិត្តទុកដាក់បង្កឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ឯកភាពផ្ទៃក្នុង ដោយត្រូវយកចិត្តទុកដាក់គោលការ ប្រជាធិបតេយ្យធ្វើជាត្រីវិស័យក្នុងការដឹកនាំ គឺគោលការណ៍សមូហភាពដឹកនាំ និងមានការទទួល ទទួលខុសត្រូវខ្ពស់ ជាពិសេសត្រូវចូលរួមជាមួយរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក សង្កាត់ ឃុំ បន្តបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនទៅតាមបេសកកម្មដ៏ល្អ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ឲ្យទទួលបានជោគជ័យថ្មីៗ និងចូលរួមជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច របស់ប្រជាពលរដ្ឋនៅទីជនបទទូទាំងខេត្តស្វាយរៀង ឲ្យមានការចម្រើនជាបន្តបន្ទាប់ទៀត។

លោកបណ្ឌិត អ៊ុក រ៉ាប៊ុន បានថ្លែងថា ការប្រកាសតែងតាំងលោក សំ នីតូ ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ជំនួសលោក ហុក បូទី ដែលត្រូវចូលនិវត្ត នៅពេលនេះ ដើម្បីដឹកនាំអង្គភាព និងអភិវឌ្ឍន៍វិស័យ អភិវឌ្ឍន៍ជនបទ នៅតាមមូលដ្ឋាន នៅទូទាំងខេត្តស្វាយរៀង ប្រកបដោយប្រសិទ្ធភាព និងមានភាពរីកចម្រើនជាបន្តទៀត។ ដូច្នេះប្រធានមន្ទីរថ្មី ត្រូវខិតខំធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាពការងារ និងពង្រឹងជំហរសតិអារម្មណ៍ មន្ត្រីរាជការក្រោមឱវាទ ឲ្យមានការជឿជាក់លើការដឹកនាំ របស់រាជរដ្ឋាភិបាល និងសាមគ្គីភាពផ្ទៃក្នុង អង្គភាពការងារជាសំខាន់។

លោករដ្ឋមន្ត្រី បានបន្តថា ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ បច្ចុប្បន្ននេះ រាជរដ្ឋភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ ធ្វើការអភិវឌ្ឍន៍នូវតាមតំបន់ជនបទរួមទាំង ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធអគ្គីសនី និងផ្តល់ទឹកស្អាត់ប្រើប្រាស់ជាដើម។ ការផ្តល់ទឹកស្អាតសម្រាប់ប្រជាពលរដ្ឋ នៅតាមតំបន់ជនបទប្រើប្រាស់នោះ មិនសំដៅទៅលើតែទឹកម៉ាស៊ីននោះទេ គឺទឹកអណ្តូង ស្រះ ដែលមានការរៀបចំ ឲ្យបានត្រឹមត្រូវ ក៏ជាទឹកស្អាតដែលអាច ឲ្យប្រជាពលរដ្ឋប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងគុណភាព ដែលនេះ គឺភារៈកិច្ច និងតួនាទីដឹកនាំរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ដែលត្រូវមានតួនាទីសំខាន់ ក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន និងដឹកនាំអភិវឌ្ឍន៍ ឲ្យសមស្របតាមគោលនយោបាយចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងការអភិវឌ្ឍន៍ខេត្ត-ក្រុងរបស់យើង ឲ្យមានការរីកចម្រើនជាលំដាប់៕