(ភ្នំពេញ)៖ ដើម្បីពង្រឹងការងាររដ្ឋបាលទូទៅនៅក្នុងខណ្ឌ ឲ្យបានល្អប្រសើរឡើងថែមទៀត រួមមាន ការងារផ្តល់សេវាសាធារណៈ ការងារសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ ជាថ្មីម្តងទៀត លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានស្នើឲ្យអាជ្ញាធរ សមត្ថកិច្ចនៅតាមសង្កាត់នីមួយៗ ត្រូវរួមគ្នាអនុវត្តគោលនយោបាយ «ភូមិ-សង្កាត់ មានសុវត្ថិភាព» ឲ្យមានប្រសិទ្ធភាព បញ្ហារៀបចំសណ្តាប់ធ្នាប់ បរិស្ថានអនាម័យ និងសម្រួលចរាចរតាមដងផ្លូវ ជាពិសេសការងារផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋត្រូវធ្វើឲ្យបាន ធ្វើឲ្យលឿន និងមានតម្លារភាព។

ការស្នើឲ្យមន្ត្រីក្រោមឱវាទ ចូលរួមអនុវត្តគោលនយោបាយ «ភូមិ-សង្កាត់ មានសុវត្ថិភាព» និងរួមគ្នាចុះរៀបចំសណ្តាប់ធ្នាប់ បរិស្ថានអនាម័យ ក៏ដូចជាចូលរួមសម្រួលចរាចរនេះ និងការងារផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋនេះ ត្រូវបានលោក ចេង មុនីរ៉ា អភិបាលខណ្ឌ ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពខណ្ឌ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ។

ថ្លែងនៅក្នុងពិធីនេះដែរ លោកអភិបាលខណ្ឌ បានណែនាំឲ្យអាជ្ញាធរភូមិសង្កាត់ ត្រូវសហការគ្នាជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ក្នុងការបំពេញភារៈកិច្ចផ្តល់សេវាសាធារណៈ ឲ្យបានឆាប់រហ័ស ដើម្បីឆ្លើយតបទៅនឹងតំរូវការ របស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ហើយមានប្រសិទ្ធភាព។

មួយផ្នែកទៀត ត្រូវរៀបចំយន្តការក្រុមបដិសណ្ឋារកិច្ច នៅតាមសង្កាត់ ឲ្យបានគត់មុតច្បាស់លាស់ ជាពិសេសត្រូវពិនិត្យមើលបញ្ហាអសកម្ម នៅក្នុងមូលដ្ឋាន ទាំងការងារសណ្តាប់ធ្នាប់ បទល្មើសផ្សេងៗ ពិសេសល្បែងស៊ីសង នៅក្នុងមូលដ្ឋានត្រូវចាត់វិធានការ ចុះបង្ក្រាបឲ្យអស់។

លើសពីនេះទៀត ត្រូវពង្រឹង និងត្រួតពិនិត្យការអភិវឌ្ឍន៍ នៅក្នុងមូលដ្ឋានឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ឲ្យបានចំគោលដៅនៃតម្រូវការ ទាំងការប្រើប្រាស់មូលនិធិសង្កាត់ បើសង្កាត់គ្មានលទ្ធភាព ត្រូវស្នើដើម្បីប្រើប្រាស់មូលនិធិខណ្ឌ បើខណ្ឌអត់លទ្ធភាព គឺត្រូវបញ្ចូលក្នុងគម្រោង ដើម្បីប្រើប្រាស់សុំថវិកា មូលនិធិរបស់ក្រុងតែត្រូវមានរបាយការណ៍ ឲ្យបានច្បាស់លាស់។

បន្ថែមលើនេះទៀត ត្រូវអនុវត្តជាប្រចាំ ទៅលើមុខសញ្ញាចែកចាយ និងប្រើប្រាស់ថ្នាំញៀន មុខសញ្ញាចោរកម្ម មួយផ្នែកទៀត ត្រួវរួមគ្នាចុះរៀបចំសណ្តាប់ធ្នាប់ នៅតាមបណ្តោយផ្លូវជាតិលេខ១ ផ្លូវលេខ៣៦៩ តំបន់ច្រាំងបាក់ តំបន់ផ្សារច្បារអំពៅ និងតំបន់ផ្សារចាមព្រែកប្រា។ ទោះបីជាថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬថ្ងៃឈប់សម្រាក ត្រូវដាក់វេនគ្នាប្រចាំការ ដើម្បីចាំទទួលយកនូវសំណូមពរ និងសំណើររបស់ប្រជាពលរដ្ឋ មកធ្វើការពិភាក្សាដោះស្រាយ ទៅតាមលទ្ធភាពដែលអាចធ្វើបាន។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ បានស្នើឲ្យប្រជាពលរដ្ឋ ចូលរួមជាមួយជាមួយអាជ្ញាធរ សមត្ថកិច្ច ដើម្បីរួមគ្នាអនុវត្តគោល នយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព ជាពិសេសរួមគ្នាលប់បំបាត់ ល្បែងស៊ីសងគ្រប់ប្រភេទ លប់បំបាត់មិនឲ្យមានការចែកចាយប្រើប្រាស់ និងផលិតថ្នាំញៀន គោរពច្បាប់ចរាចរទាំងអស់គ្នា។

បើមានការសង្ស័យពីមុខសញ្ញាមិនប្រក្រតី ត្រូវរាយការណ៍មកសមត្ថកិច្ច ដើម្បីស្រាវជ្រាវស៊ើបអង្កេត ទៅលើមុខសញ្ញាទាំងនោះ រាល់ការផ្តល់ព័ត៌មានពីមុខសញ្ញាផ្សេងៗ សមត្ថកិច្ច និងរក្សាការសម្ងាត់ជូនបងប្អូន។ ការអនុវត្តគោល នយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពទៅបាន លុះត្រាតែមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋាន វាមិនមែនជាការងារដាច់ដោយឡែក របស់អាជ្ញាធរ និងសមត្ថកិច្ចប៉ុណ្ណោះទេ គឺជាការងាររួម៕