(កណ្តាល)៖ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ការជួយជ្រោមជ្រែង ឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ថវិកា និងសម្ភារផ្សេងៗ ដល់កុមារកំព្រា គឺជាការងារមួយដ៏ចាំបាច់ ដូចភ្លៀងរលឹម ដែលតម្រូវអ្នកមានធនធានចូលរួមទាំងអស់គ្នា ព្រោះកុមារកំព្រាទាំងអស់នេះត្រូវការជំនួយជាប្រចាំថ្ងៃ។

ការលើកឡើងបែបនេះ របស់លោក កែវ រ៉េមី បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកបានដឹកនាំក្រុមការគណៈកម្មាធិការសិទ្ធិមនុស្ស និងក្រុមការងារសហពន្ធ័កីឡាតេក្វាន់-ដូ ITFកម្ពុជា ចុះសួរសុខទុក្ខ និងអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារសិក្សា ផ្តល់ជូនកុមារ នៅអង្គការ «ការអភិវឌ្ឍន៍កុមារកម្ពុជា» ស្ថិតនៅភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។

បើតាមលោក កែវ រ៉េមី បានឱ្យដឹងថា ថវិកា ព្រមទាំងគ្រឿងឧបភោគ បរិភោគ និងសម្ភារសិក្សាដែលនាំយកមកចែកជូនដល់កុមារកំព្រា នៅអង្គការ «ការអភិវឌ្ឍន៍កុមារកម្ពុជា នាពេលនេះ គឺមានការចូលរួមរៃអង្គាសពីសំណាក់ថ្នាក់ដឹកនាំក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្ស និងថ្នាក់ដឹកនាំ ក្រុមការងារសហពន្ធ័កីឡាតេក្វាន់-ដូ ITFកម្ពុជា ផងដែរ។

លោក កែវ រ៉េមី ក៏បានកោតសរសើរចំពោះ លោកស្រី ឈូក សីហា នាយិការប្រតិបត្តិអង្គការ «ការអភិវឌ្ឍន៍កុមារកម្ពុជា» ដែលបានបង្កើតជាកន្លែងដ៏កក់ក្តៅ ដើម្បីជួយដល់កុមារ ដែលជួបការនូវលំបាកគ្រប់រូបភាព តាមរយៈការផ្តល់កន្លែងស្នាក់នៅការផ្តល់អាហារ និងការសិក្សាអប់រំ។ ទាំងនេះជាគំរូដ៏វិសេសវិសាល ក្នុងការចូលរួមជួយដល់រាជរដ្ឋាភិបាល ក៏ដូចជាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការលើកកម្ពស់ វិស័យសិទ្ធិមនុស្សជាពិសេសសិទ្ធិកុមារ។

មេសិទ្ធិមនុស្សកម្ពុជា បានបង្ហាញពីក្តីសង្វែកនៅពេលមានពិធីបុណ្យទានម្តងៗ កុមារផ្សេងៗទៀត ពួកគេបានជួបជុំជាមួយក្រុមគ្រួសារ សាច់ញាតិ ប៉ុន្តែសម្រាប់កុមារតូចៗ ដែលកំពុងរស់នៅក្នុងមណ្ឌលកុមារកំព្រា រស់នៅខ្វះភាពកក់ក្តៅ។ ចំណុចនេះ ទើបធ្វើឱ្យលោកតែងតែនឹកឃើញដល់កុមារកំព្រា និងមកលើកទឹកចិត្ត ព្រមទាំងផ្តល់អំណោយជាសម្ភារផ្សេងៗ ដើម្បីជាចំណែកចូលរួមកាត់បន្ថយការលំបាករបស់ពួកគេ ដូច្នេះ សូមអំពាវនាវដល់អ្នកដែលមានធនធាន សូមចូលរួមចំណែកជួយឧបត្ថម្ភ ដល់កុមារកំព្រា និងអ្នកក្រខ្សត់ផងដែរ។

នៅក្នុងឱកាសនោះដែរលោក កែវ រ៉េមី ក៏បានបណ្តុះគំនិតដល់ប្អូនៗ កីឡាករ កីឡាការិនីតេក្វាន់ដូ ITFកម្ពុជា ទាំងអស់ថា មិនត្រូវចេះតែវ៉ៃតប់នោះទេ គឺត្រូវចូលរួមធ្វើការងារសង្គម តាមរយៈការកិច្ចការងារមនុស្សធម៌ ចូលរួមសំអាតសំរាម នៅតាមទីសាធារណៈ ហើយលោកក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគណៈកម្មាធិការសិទ្ធិមនុស្ស និងសហពន្ធ័កីឡាតេក្វាន់ដូ ITFកម្ពុជា ដែលបានចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីជួយដល់កុមារកំព្រានៅអង្គការ «ការអភិវឌ្ឍន៍កុមារកម្ពុជា» នៅនាឱកាសនេះ៕