(ភ្នំពេញ)៖ ក្រោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឧបត្ថម្ភម៉ូតូរ៉ឺម៉កកង់បី ចំនួន៧គ្រឿង ទុកសម្រាប់ដោះស្រាយលើមធ្យោបាយដឹកជញ្ជូន ប្រមូលរាល់កាកសំណល់សំរាម និងបញ្ហាផ្សេងៗទៀត ជូនរដ្ឋបាលខណ្ឌឫស្សីកែវ ហើយរដ្ឋបាលខណ្ឌឫស្សីកែវ ឧបត្ថម្ភបន្តទៅឲ្យរដ្ឋបាលសង្កាត់ទាំង៧ ពេលនេះគេសង្កេតឃើញថា បញ្ហាបរិស្ថាន អនាម័យ (សំរាម) ចាប់ផ្ដើមមានសោភ័ណ្ឌភាពល្អប្រសើរឡើងវិញជាបណ្ដើរៗហើយ សម្រាប់តាមបណ្ដាភូមិនានា ក្នុងសង្កាត់ស្វាយប៉ាក ដែលប្រជាពលរដ្ឋបានលើកឡើងគិតចាប់ពីដើមខែ មកដល់ចុងខែធ្នូ ឆ្នាំ២០១៩នេះ។

ការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ពាក់ព័ន្ធបញ្ហាបរិស្ថាន អនាម័យ (សំរាម) ចាប់ផ្ដើមល្អប្រសើរ និងលើកកម្ពស់ សោភ័ណ្ឌភាពខាងលើនេះ ក្រោយពីឃើញលោកស្រី ជុំ សារ៉ុម ចៅសង្កាត់ស្វាយប៉ាក តាមផែនការរបស់លោក ជា ពិសី អភិបាលខណ្ឌ និងសមាជិកក្រុមលេខា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចុះអនុវត្តផ្ទាល់រាល់ការកំណត់ ជាមួយភ្នាក់ងារបរិស្ថានភូមិ-សង្កាត់ (ក្រុមហ៊ុន ស៉ិន ទ្រី) ដើម្បីប្រមូលរាល់ កាកសំណល់សំរាមតាមបណ្ដារភូមិនានា និងដងផ្លូវតូច-ធំទាន់ពេលវេលា និងជារៀងរាល់ថ្ងៃ។

ក្រៅពីនេះ លោកស្រីចៅសង្កាត់ស្វាយប៉ាក ក៏បានជំរុញមន្ត្រីឲ្យយកចិត្តទុកដាក់ពង្រឹងលើការងារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ ជាពិសេសបញ្ហារាយការណ៍ពីបទល្មើសគ្រឿងញៀន ល្បែងស៊ីសង បទល្មើសលួច ឆក់ ប្លន់គ្រប់ប្រភេទ ដើម្បីធានាបាននូវសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋផងដែរ។

សូមជម្រាបថា លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានទទួលម៉ូតូរ៉ឺម៉កកង់បី ចំនួន៧គ្រឿង ដើម្បីទុកសម្រាប់ដោះស្រាយលើមធ្យោបាយដឹកជញ្ជូន ប្រមូលរាល់កាកសំណល់សំរាម និងបញ្ហាផ្សេងៗទៀត នៅតាមមូលដ្ឋានសង្កាត់ទាំង៧ (សង្កាត់មួយ កង់បីមួយគ្រឿង) សំដៅថែរក្សាអនាម័យ លើកកម្ពស់សោភណ្ឌភាពទីក្រុង។

រដ្ឋបាលសង្កាត់ដែលទទួលបានម៉ូតូរ៉ឺម៉កកង់បី ទុកសម្រាប់ដោះស្រាយលើមធ្យោបាយដឹកជញ្ជូនប្រមូលរាល់កាកសំណល់រំរាម និងបញ្ហាផ្សេងៗ ក្រោមការឧបត្ថម្ភដោយ អភិបាលរាជធានីភ្នំពេញ តាមរយៈអភិបាលខណ្ឌឫស្សីកែវ រួមមាន៖ ក្រៅពីសង្កាត់ស្វាយប៉ាក, សង្កាត់ទួលសង្កែទី១, សង្កាត់ទួលសង្កែទី២, សង្កាត់ឫស្សីកែវ, សង្កាត់គីឡូម៉ែត្រលេខ៦, សង្កាត់ច្រាំងចំរេះទី២, និងសង្កាត់ច្រាំងចំរេះទី១ ដែលបញ្ហាកាកសំណល់សំរាមនេះ មិនមែនជាបញ្ហារបស់បុគ្គលណាម្នាក់ ត្រូវដោះស្រាយនោះទេ ដើម្បីបានល្អប្រសើរ ប៉ុន្តែជាបញ្ហារបស់សាធារណជនទូទៅ ជាអ្នកវិចខ្ចប់ទុកដាក់សំរាម ក្នុងធុងឲ្យបានត្រឹមត្រូវ គឺផ្ដើមចេញពីយើងទាំងអស់គ្នា៕