(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរង នៃបញ្ជាការដ្ឋានអង្គរក្ស តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ បានដឹកនាំ ប្រតិភូបញ្ជាការដ្ឋានអង្គរក្ស នៃកងយោធពលខេមរភូមិន្ទ ចូលរួមពិធីបិទវគ្គជំនាញការពារសុវត្ថិភាពឥស្សរជនជាន់ខ្ពស់ នៅមជ្ឈមណ្ឌលរក្សាសន្តិសុខ អគ្គបញ្ជាការដ្ឋាននៃកងទ័ពភូមិន្ទថៃ។

នៅក្នុងពិធីបិទវគ្គនេះ ក៏មានការចូលរួមជាភ្ញៀវកិត្តិយសដោយ លោក អ៊ូក សោភ័ណ្ឌ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ នាយឧត្តមសេនីយ៍ វិឆិត យ៉ាធិប្យ ប្រធានសមាគមន៍មិត្តភាពថៃ-កម្ពុជាផងដែរ។

ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល បានសម្តែងនូវការអបអរសាទរ និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះនាយឧត្តមសេនីយ៍ ប្រធានសមាគមនមិត្តភាពថៃ-កម្ពុជា ថ្នាក់ដឹកនាំសាលាគ្រប់ថ្នាក់ ពិសេសថ្នាក់ដឹកនាំមជ្ឈមណ្ឌលរក្សាសន្តិសុខ អគ្គបញ្ជាការដ្ឋាន នៃកងទ័ពភូមិន្ទថៃ ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយឧបត្ថម្ភគាំពារទាំងមធ្យោបាយ សម្ភារៈ និងថវិកា ដើម្បីជួយ ហ្វឹកហ្វឺនជំនាញការពារសុវត្ថិភាពឥស្សរជនជាន់ខ្ពស់ ពិសេសប្រកបដោយស្មារតីសាមគ្គីសហប្រតិបត្តិការរឹងមាំ និងជ្រាលជ្រៅបំផុត។

លោកបានបន្តថា បច្ចុប្បន្ននេះស្ថានភាពនយោបាយ សេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ាន កំពុងមានចលនាវិវឌ្ឍរីកចម្រើនក្នុងកំរិតថ្មីមួយក្នុងទសវត្សចុងក្រោយនេះ ដោយពង្រីកបាននូវសក្តានុពលរបស់ខ្លួនកាន់តែមានភាពប្រសើរឡើង ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ការទូតរវាងបណ្តាប្រទេសនីមួយៗនៅក្នុងតំបន់ក៏ដូចជាជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍនៅលើសកលលោក ពិសេសគឺបាននឹងកំពុងជំរុញ លើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឲ្យបានកាន់តែរឹងមាំប្រសើរឡើង ក្នុងគោលដៅពង្រីកនឹងពន្លឿនលើផ្នែកសេដ្ឋកិច្ចនៅក្នុងតំបន់ អោយមានសក្តានុពល និងនិរន្តរភាពប្រកបដោយប្រសិទ្ធិភាពខ្ពស់។

លោកឧត្តមសេនីយ៍ បានបន្តទៀតថា ពិសេសគឺ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ គឺបានឯកភាព និងជំរុញយ៉ាងខ្លាំងក្លាបន្ថែមទៀត លើកិច្ចសហប្រតិបត្តិការ ជាអន្តរជាតិនិងមានការទំនាក់ទំនងជាមួយគ្នាជាយូលង់ណាស់មកហើយ បើគិតដល់ឆ្នាំ២០១៩នេះ គឺមានរយៈកាល ៦៩ឆ្នាំមកហើយ។

លោកបានបន្ថែមទៀតថា៖ ក្នុងនាមកងយោធពលខេមរភូមិន្ទ ក្នុងនាមតំណាងឱ្យ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជា មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងក្នុងនាមលោកផ្ទាល់ គឺមានមោទនភាពសប្បាយរីករាយនូវលទ្ធផលសិក្សារៀនសូត្ររបស់សិក្ខាកាមនាពេលនេះទទួលបានលទ្ធផលល្អ នេះហើយគឺបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់ ប្រធានសមាគម ថ្នាក់ដឹកនាំ នៃកងទ័ពភូមិន្ទថៃ ថ្នាក់ដឹកនាំមជ្ឈមណ្ឌល ក៏ដូចជាការខិតខំរបស់លោកគ្រូ យោធាចារ្យ ដែលមានទេពកោសល្យ មានបទពិសោធខ្ពស់ តាមរយៈកាយវិការភាសាបកប្រែ សម្រាប់ការហ្វឹកហ្វឺនជូនដល់នាយទាហានបរទេស ជាពិសេស គឺនាយទាហានបញ្ហាការដ្ឋានអង្គរក្ស នៃព្រះរាជាណាចក្រកម្ពុជា។

លោកសង្ឃឹមយ៉ាងជឿជាក់ថា ក្រោយពេលនាយទាហានបញ្ជាការដ្ឋានអង្គរក្ស ពេលវិលត្រឡប់ទៅអង្គភាព និងមានមូលដ្ឋានច្បាស់លាស់សំរាប់ការបំពេញភារកិច្ចរបស់ខ្លួន៕