(ប៉ៃលិន)៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ បានបើកផ្តល់ប្រាក់របបគោលនយោបាយ ជូនដល់ជនពិការក្រីក្រ ចំនួន៧០៩នាក់ ក្នុងសហគមន៍ មកពីឃុំទាំង៤ ក្នុងស្រុកសាលាក្រៅ។ ពិធីនេះស្ថិតក្រោមអធិបតីភាព លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន។

ថ្លែងទៅកាន់ប្រជាពលរដ្ឋនាឱកាសនោះ លោក ផាន់ ចាន់ធុល បានបញ្ជាក់ថា ការផ្តល់ប្រាក់របបគោលនយោបាយពីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាពេលនេះ គឺដើម្បីចូលរួមចំណែកដោះស្រាយ លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋបានមួយកម្រិត តែមិនបានបំពេញតាមតម្រូវការខ្វះខាត របស់បងប្អូនទាំងអស់ទេ ហើយអ្វីដែលសំខាន់គឺ បងប្អូនទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ចឹមជីវិតដោយខ្លួនឯង ដោយត្រូវខិតខំបង្កបង្កើតផល ដាំដំណាំ ចិញ្ចឹមសត្វ និងប្រកបមុខរបរអ្វីផ្សេងៗទៀតតាមចំណេះ ជំនាញដើម្បីបង្កើនជីវភាពគ្រួសារឲ្យបានប្រសើឡើង។

លោកអភិបាលខេត្ត បានលើកឡើងថា រាជដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដោយមានការកសាងនូវមន្ទីរពេទ្យ ប្រព័ន្ធធារាសាស្រ្ត ស្ពាន ថ្នល់ យ៉ាងច្រើនខ្វាត់ខ្វែងទូទាំងប្រទេស សម្រួលដល់ការបង្ករបង្កើនផលដំណាំ ចិញ្ចឹមសត្វ ការធ្វើដំណើរ ដឹកជញ្ជូន សព្វបែបយ៉ាងរបស់ប្រជាពលរដ្ឋ ក៏ដូចជាការទាក់ទាញអ្នកវិនិយោគបរទេស មកដាក់ទុករកស៊ីនៅក្នុងប្រទេសកម្ពុជា បង្កើតមុខរបរជូនប្រជាពលរដ្ឋ និងធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋមានការរីកចម្រើនជាលំដាប់។

បើតាមលោក ផាន់ ចាន់ធុល ចំពោះបងប្អូនជនមានពិការភាព រាជរដ្ឋាភិបាល ក៏បានបង្កើតច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលបង្ហាញពីការយកចិត្តទុកដាក់ អំពីសុខទុក្ខ និងធ្វើឲ្យជីវភាពរស់នៅរបស់បងប្អូន និងគ្រួសារមានភាពប្រសើរឡើង និងការគាំពារដល់ប្រជាពលរដ្ឋផងដែរ ដែលនេះជាការគិតគូរគួរសុខទុក្ខរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះលោកតាលោកយាយ និងបងប្អូនជនពិការ ជាពិសេសខេត្តប៉ៃលិន ត្រូវបានអនុញ្ញាតិឲ្យសាកល្បង និងដំណើរការផ្តល់ប័ណ្ណសង្គមកិច្ច និងផ្តល់របបគោលនយោបាយជនពិការក្រីក្រ ក្នុងសហគមន៍មុនខេត្តនានា។

បើតាមរបាយការណ៍របស់លោក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន បានឲ្យដឹងថា ប្រាក់ឧបត្ថម្ភគោលនយោបាយ ជូនដល់ជនពិការក្រីក្រក្នុងស្រុកសាលាក្រៅ សរុបចំនួន៧០៩នាក់ ស្រី២៣៦នាក់ ក្នុងនោះទទួល៦ខែ ចំនួន៣១៧នាក់ ស្រី៨៩នាក់ និងទទួល១២ខែ ចំនួន៣៩២នាក់ ស្រី១៤៧នាក់ សម្រាប់ឆ្នាំ២០១៩ ហើយជនពិការដែលធ្ងន់ធ្ងរទទួលបានថវិកា២៤ម៉ឺនរៀល និងជនពិការដែលក្រីក្រទទួលបានថវិកា១២ម៉ឺនរៀល ផងដែរ៕