(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) បានឲ្យដឹងថា ក្នុងឆ្នាំ២០២០ខាងមុខនេះ ផ្សារមូលបត្រកម្ពុជា (CSX) នឹងមានក្រុមហ៊ុនចំនួន៧ថ្មីទៀត មកចុះបញ្ជីបន្ថែមទាំងផ្នែកមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល ខណៈឞច្ចុប្បន្ននេះ CSX មានក្រុមហ៊ុន៨ បាននិងកំពុងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងលក់មូលបត្របំណុល។

ការឲ្យដឹងបែបនេះរបស់លោក ស៊ូ សុជាតិ ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួម ក្នុងកម្មវិធីប្រកួតប្រជែងវិភាគលើភាគហ៊ុន ដែលរៀបចំឡើងដោយផ្សារមូលបត្រកម្ពុជា និងគណៈកម្មការមូលបត្រកម្ពុជា។

លោក ស៊ូ សុជាតិ បញ្ជាក់យ៉ាងដូច្នេះថា «ឆ្នាំក្រោយនឹងមានវត្តមានក្រុមហ៊ុនបន្ថែម ចុះបញ្ជីផ្នែកមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល។ ក្នុងនោះមានមិនតិចជាង៣ឡើយ ដែលនឹងចុះបញ្ជីមូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) និងមានមិនតិចជា៤ក្រុមហ៊ុនឡើយ ដែលនឹងបោះផ្សាយមូលបត្របំណុល ដោយក្នុងនោះនឹងមានធនាគារ២ បោះផ្សាយមូលបត្របំណុលផងដែរ»

លោកបានបន្ថែមថា បច្ចុប្បន្នយើងបានប្រមូលទុនពីការចុះបញ្ជីផ្នែកមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលបានប្រមាណ១៥១លានដុល្លារសហរដ្ឋអាមេរិក ដោយក្នុងនោះបានមកពីមូលបត្រកម្មសិទ្ធិ ដែលហៅថាភាគហ៊ុន មានក្រុមហ៊ុនចុះបញ្ជីចំនួន៥ និងមូលបត្របំណុលចំនួន៣។

លោក ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាឲ្យដឹងថា ទីផ្សារមូលបត្រកំពុងតែរីកលូតលាស់ទៅមុខ តម្រូវឱ្យមានក្រុមហ៊ុនចុះបញ្ជីល្អៗ និង វិនិយោគិនសកម្មក្នុងចំនួនច្រើន។ ដូចនេះគណៈកម្មការមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា បានខិតខំទាក់ទាញក្រុមហ៊ុនចុះបញ្ជី និងវិនិយោគិនបន្ថែមទៀត មកលើទីផ្សារដើម្បីឱ្យទីផ្សារមូលធនមួយនេះ កាន់តែអាចចូលរួមចំណែក ជំរុញកំណើនសេដ្ឋកិច្ច៕