(ភ្នំពេញ)៖ ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា ព្រះសាកលវិទ្យាធិការរងទទួលបន្ទុកដឹកនាំ គ្រប់គ្រងពុទ្ឋិកសាកលវិទ្យាល័យ ព្រះសីហនុរាជ បានមានព្រះថេរដីកា ដោយបង្ហាញជំហរបើកវគ្គបំប៉នភាសាអង់គ្លេស នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដើម្បីពង្រឹងលើការប្រើប្រាស់ភាសាអង់គ្លេស ជូនសាធារណជន ឲ្យបានល្អប្រសើរជាងមុន និងអាចចូលរួមចំណែក កាន់តែសំខាន់ នៅក្នុងសហគមន៍អាស៊ាន ក៏ដូចជាឆាកអន្តរជាតិ។

ព្រះថេរដីកា របស់ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា បានធ្វើឡើងក្នុងឱកាស ដែលនិមន្តចូលរួមនៅក្នុង ពិធីប្រគេន-ប្រគល់វិញ្ញាបនបត្រ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ដល់សមណនិស្សិត និងនិស្សិតជ័យលាភី ១៧៦អង្គ/នាក់ និងចែកប្រាក់ឧបត្ថម្ភប្រចាំខែរបស់អង្គការឃីព បន្ថែមលើ អាហារូបករណ៍ ១០០% ដល់សមណនិស្សិត និស្សិតពូកែឆ្នើម ចំនួន២៤អង្គ/នាក់ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩។

ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា មានព្រះថេរដីកាបញ្ជាក់ឲ្យដឹងថា «តាមពិតទៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ គឺមានថ្នាក់បរិញ្ញាបត្រ ឯកទេសភាសាអង់គ្លេសស្រាប់ហើយ ប៉ុន្តែទន្ទឹមនឹងនោះ សមណនិស្សិត-និស្សិត ដែលរៀនឯកទេសផ្សេង ក៏ត្រូវតែមានចំណេះដឹងភាសាអង់គ្លេសដូចគ្នាដែរ យើងគ្រោងនឹងបើកឲ្យមានលក្ខណៈទូលាយ គឺហៅថាវគ្គភាសាអង់គ្លេសទូទៅ មិនមែនសម្រាប់តែ សមណនិស្សិត-និស្សិត សិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជប៉ុណ្ណោះទេ គឺចង់ផ្តល់ឱកាសឲ្យនិស្សិតទូទៅ ដទៃទៀត បានសិក្សារៀនសូត្រដូចគ្នា។

ចំពោះសិស្សនិស្សិត ចង់ចូលរៀនគឺត្រូវមានការប្រឡងតេសសមត្ថភាព ភាសាអង់គ្លេស តាមកម្រិត ហើយបើប្រឡងជាប់នូវកម្រិតណាមួយ មានន័យថា សមណនិស្សិត-និស្សិត នឹងចូលរៀនទៅតាមនោះដែរ»។

បន្ថែមពីលើនេះ ព្រះធម្មឃោសាចារ្យបណ្ឌិត ឃី សុវណ្ណរតនា បានមានព្រះថេរដីកា បង្ហាញពីទស្សនៈវិស័យនៃការបើកវគ្គបំប៉នភាសាអង់គ្លេស នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ក្នុងគោលបំណង៖

*១៖ ចង់ឲ្យសមណនិស្សិត-និស្សិត នៅទីនេះ ក៏ដូចជាមន្រ្តី សាស្រ្តចារ្យ ចង់បំប៉នភាសាអង់គ្លេសរបស់ខ្លួន ឲ្យមានចំណេះដឹងភាសាអង់គ្លេស គឺអាចសិក្សាបាន
*២៖ បច្ចុប្បន្ននេះ ភាសាអង់គ្លេស បានដើរតួនាទីយ៉ាងសំខាន់ ហើយក៏ជាភាសាផ្លូវការរបស់អាស៊ាន ដែលកម្ពុជា ជាសមាជិកដ៏សំខាន់ ហើយនៅឆ្នាំ២០២២ខាងមុខនេះ កម្ពុជា នឹងធ្វើជាប្រធានអាស៊ាន និងមានកិច្ចប្រជុំមិនក្រោម២០០កិច្ចប្រជុំនោះឡើយ
*៣៖ នៅឆ្នាំ២០២១ ខាងមុខនេះ កម្ពុជា ក៏នឹងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំអាស៊ីអឺរ៉ុប ដែលទា មទារឲ្យមានចំណេះដឹងជាភាសាអង់គ្លេស បាំបាច់ និងសំខាន់ណាស់
*៤៖ ត្រូវបណ្តុះបណ្តាលធនធានមនុស្សរួមមាន និស្សិត និងប្រជាជនកម្ពុជា ឲ្យចេះដឹងភាសាអង់គ្លេស ដើម្បីចូលរួមចំណែក កាន់តែសំខាន់ នៅក្នុងសហគមន៍អាស៊ាន ក៏ដូចជាឆាកអន្តរជាតិ

គួរបញ្ជាក់ថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ជាគ្រឹះស្ថានឧត្តមសិក្សា ត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា តាមអនុក្រិត្យលេខ ០៥ អនក្រ.បក ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០០៦ ស្តីពីការទទួលស្គាល់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងប្រកាសលេខ ៦៩ អយក.ប្រក ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៧ ស្តីពីការទទួលស្គាល់ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។

ពុទ្ធិកសាកលវិទ្យាល័យ មានចក្ខុវិស័យ កសាងនិងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពឱ្យមានចំណេះដឹងខ្ពស់ ជំនាញច្បាស់លាស់ និងសីលធម៌ ក្លាយជាពលរដ្ឋមានសក្តានុពលរស់នៅ ក្នុងយុគសម័យសាកលភាវូបនីយកម្ម ដើម្បីចូលរួមកសាងសង្គមកម្ពុជាឱ្យជាសង្គមពុទ្ធិ មានការរីកចម្រើនដោយផ្អែកលើចំណេះដឹង និងចំណេះធ្វើជាមូលដ្ឋាន នឹងក្លាយទៅជាសាកលវិទ្យាល័យ ព្រះពុទ្ធសាសនាមួយ ហើយនឹងអាចឈានមុខគេក្នុងការបណ្តុះបណ្តាលធនធានសមណនិស្សិត-និស្សិតក្នុងតំបន់ប្រកបដោយគុណភាព និងគុណធម៌ខ្ពស់៕