(កំពង់ឆ្នាំង)៖ ប្រែក្លាយពីកសិដ្ឋានចិញ្ចឹមមាន់ និងបណ្ដុះផ្សិតជាលក្ខណៈគ្រួសារ បានអភិវឌ្ឍមុខរបររបស់ខ្លួនឲ្យក្លាយជាក្រុមហ៊ុន បណ្ដុះផ្សិតលក់ចេញបម្រើឱ្យសេចក្តីតម្រូវការទីផ្សារ ក្នុងមួយថ្ងៃប្រមាណពី ១តោនទៅ ២តោន។ នេះជាជោគជ័យរបស់ម្ចាស់ក្រុមហ៊ុន «គង់សម្បត្តិកសិដ្ឋានខ្មែរ» ដែលមានទីតាំងភូមិអូររោង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ 

លោក ជួប តុងអេង ប្រធានគ្រប់គ្រងផលិតកម្ម នៃកសិដ្ឋានខ្មែរ គង់សម្បត្តិ បានបញ្ជាក់ប្រាប់ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះថា នាយិកាក្រុមហ៊ុន គង់សម្បត្តិកសិដ្ឋានខ្មែរ គឺលោកស្រី គង់ ធីតា ចំណែកលោក គង់ សម្បត្តិ គឺជាឪពុករបស់លោកស្រី ប្រធានគ្រប់គ្រងផលិតកម្ម ក្រុមហ៊ុនបានរំឮកប្រវត្តិនៃការកកើតក្រុមហ៊ុនថា៖

ពីដំបូងឡើងម្ចាស់ក្រុមហ៊ុន គ្រាន់តែជាអ្នកប្រកបមុខរបរចិញ្ចឹមមាន់ និងដាំផ្សិតធម្មតា ជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ។ ប៉ុន្តែដោយសារតែមុខរបរបណ្ដុះផ្សិតចេះតែកាក់កប ពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យម្ចាស់កសិដ្ឋានខាងលើ បានពង្រីកមុខរបររបស់ខ្លួនកាន់តែធំទៅៗ ហើយបានទម្លាក់មុខរបរចិញ្ចឹមមាន់ចោលដោយចាប់យកមុខរបរបណ្តុះផ្សិតតែមួយមុខវិញ។ បច្ចុប្បន្នម្ចាស់កសិដ្ឋានខាង លើនេះ បានក្លាយទៅជាក្រុមហ៊ុនផលិតផ្សិតអំបោះ សម្រាប់លក់ចេញចន្លោះពី ១,៥តោន ទៅ ២តោន ក្នុងមួយថ្ងៃ ដែលតាមតម្លៃបោះដុំ មានតម្លៃទាបបន្តិចពី១ ទៅ ១,៥ដុល្លារ ឬស្មើនិង ៤ ទៅ ៦ពាន់រៀលក្នុង ១គីឡូក្រាម ប៉ុន្តែសម្រាប់លក់រាយតាមកញ្ច្រែងក្នុងទីផ្សារវិញ មួយគីឡូក្រាមថ្លៃដល់ទៅ ១ម៉ឺន ២ពាន់ រៀលឯណោះ។

ដោយឡែក សម្រាប់រូបលោកផ្ទាល់ ដែលជាប្រធានគ្រប់គ្រងចង្វាក់ផលិតកម្មឲ្យក្រុមហ៊ុនផលិតផ្សិតអំបោះនេះ គឺបានទទួលការបណ្ដុះបណ្ដាលផ្នែកកសិកម្មនៅប្រទេសកូរ៉េ ដោយទទួលបាន សញ្ញាបត្រអនុបណ្ឌិត។ នៅពេលត្រឡប់មកវិញ លោកបានទៅសិក្សាបន្ថែមនៅឯប្រទេសថៃ រយៈពេលជាង ៣ខែទៀត និងបានស្រាវជ្រាវសិក្សាបន្ថែម ទើបបានមកជួយកិច្ចការ ក្នុងកសិដ្ឋាននេះ។

ប្រធានគ្រប់គ្រងផលិតកម្មក្រុមហ៊ុនគង់សម្បត្តិកសិដ្ឋានខ្មែរ បានបញ្ជាក់ថា «ចំពោះផ្សិតដែលក្រុមហ៊ុន បានផលិតឡើងជាផ្សិតអំបោះមាន ២ប្រភេទ គឺផ្សិតខ្មៅ និងផ្សិតស (ផ្សិតខ្មៅថ្លៃជាងផ្សិត សបន្តិច)។ ផ្សិតដែលផលិតឡើងនេះ គឺគ្មានសារធាតុគីមីនោះទេ ព្រោះបើមានសារធាតុគីមី ផ្សិតមិនអាចលូតលាស់បានឡើយ។ ផ្សិតនេះដុះចេញពីវត្ថុធាតុដើម មានដូចជាអាចម៌រណាដើមកៅស៊ូ ទិញមកពីខេត្តកំពង់ចាម, កន្ទក់, ម្សៅ ដំណើប និងស្កជាដើម ដែលសុទ្ធសឹងអាហាររូបត្ថម្ភសម្រាប់ឲ្យផ្សិតដុះឡើង»។

ម៉្យាងវិញទៀត ផ្សិតក៏ជាអាហារសុវត្ថិភាព សុខភាព ដែលជួយព្យាបាលជម្ងឺខ្វះឈាមក្រហម ព្រោះមានជាតិដែក ហើយផ្សិតក៏មានជាតិប៉ូតាស្យូម, សូរីយ៉ូម ដែលជំនួយសារធាតុទឹកក្នុងខ្លួន និងម៉្យាងវិញទៀត ផ្សិតក៏អាចជួយព្យាបាលជម្ងឺសន្លាក់បានផងដែរ។

សូមបញ្ជាក់ដែរថា តាមប្រធានគ្រប់គ្រងផលិតកម្មក្រុមហ៊ុន ខាងលើ អះអាងថា បច្ចុប្បន្ន មិនអាចបំពេញតម្រូវការទីផ្សារបានឡើយ ក្រុមហ៊ុននឹងពង្រីកបន្ថែមទៀតឲ្យបាន ៤លានកញ្ចប់ ខណៈក្នុងពេលបច្ចុប្បន្នបានត្រឹមតែ ៥០ម៉ឺនកញ្ចប់ ទទួលផលបានត្រឹមតែពី ១,៥តោន ទៅ ២តោនប៉ុណ្ណោះ៕