(ស្វាយរៀង)៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជា អ្នកធ្វើដំណើរ ខណៈមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅក្នុងផ្ទះសំណាក់ ៤ជាន់ ដោយមានអាជ្ញាធរក្រុងបាវិត និងសមត្ថកិច្ចដែលពាក់ព័ន្ធ មកអន្តរាគមន៍យករថយន្តមកបាញ់ពន្លត់ គ្រប់គ្រងស្ថានការណ៍បានមិនបណ្ដាលឲ្យមនុស្សរងរបួសដោយសង្ស័យឆ្លងចរន្តអគ្គិសនី។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិត បានឲ្យដឹងថា ផ្ទះដែលរងការឆាបឆេះមានម្ចាស់ឈ្មោះ លូ ឈិនអៀន ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិម៉ាឡេស៊ី ដែលមានយីហោម៉ាឡៃសាងសង់អំពីថ្ម មានកំពស់ ៤ជាន់ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ចំពោះអគ្គិភ័យនេះមិនបណ្ដាលឲ្យមានមនុស្សរងគ្រោះដល់អាយុជីវិតឡើយគ្រាន់ តែខូចខាតសម្ភារៈមួយចំនួនប៉ុណ្ណោះ។

បន្ទាប់ពីទទួលព័ត៌មានភ្លាមលោក វណ្ណ សុមន្នី អភិបាលរងក្រុងបាវិត សហការជាមួយកម្លាំងមូលដ្ឋាន អ.ហ ក្រុងបាវិត និងកម្លាំង អ.ហ ខេត្តស្វាយរៀងបាន ដឹកនាំដោយកម្លាំងប្រមាណ ២០នាក់ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង និងប្រើទឹកអស់ ៣រថយន្ត។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដោយសារតែឆ្លងចរន្តអគ្គិសនី ចេញពីទូរទឹកកកទើបបណ្ដាលឲ្យមានអគ្គិភ័យខាងលើកើតឡើង៕