(កណ្ដាល)៖ រាល់ការសំណូមពរ បញ្ហាប្រឈម និងក្ដីកង្វល់នានារបស់ប្រជាពលរដ្ឋជាច្រើន នៅស្រុកស្អាង ត្រូវបានមន្ត្រីជាន់ខ្ពស់ខេត្តកណ្ដាលដែលមានលោក នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងលោក គីម រិទ្ធី អភិបាលរងខេត្តធ្វើការសម្របសម្រួល និងទទួលយកទៅដោះស្រាយជូនតាមការគួរ។

ការរយល់ព្រមទទួលនេះ ធ្វើឡើងនៅក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាលលើកទី១ អាណត្តិទី៣ ដែលប្រារព្វនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នៅឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ក្រោមវត្តមានប្រជាពលរដ្ឋ សមាជិក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក និងប្រជាពលរដ្ឋជាង ៥០០នាក់។

លោក នួន ផា បានបញ្ជាក់ពីគោលបំណង នៃការបើកវេទិកានេះ គឺដើម្បីផ្ដល់ឱកាសលើកទឹកចិត្តដល់ប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ចូលរួម បញ្ចេញមតិយោបល់ របស់ខ្លួនពាក់ព័ន្ធនឹងកង្វល់ សំណូមពរ តម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ដែលកើតមានកន្លងមក ព្រោះថា វាជាសិទ្ធិមូលដ្ឋានរបស់បងប្អូន ក្នុងការលើកឡើងបញ្ហាប្រឈមនានា និងចំណុចខ្វះខាត របស់អាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យអង្គវេទិកា ជួយសម្របសម្រួល ដោះស្រាយអោយបានទាន់ពេលវេលា។

លោក គីម រិទ្ធី ក៏បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងវេទិកាថា រដ្ឋបាលខេត្តនឹងបន្តពង្រឹងយន្តការនៃការផ្ដល់សេវាសាធារណៈតាមរយៈអង្គភាព និងការិយាល័យច្រកចេញចូលតែមួយ របស់រដ្ឋបាលក្រុង ស្រុកឲ្យបានកាន់តែប្រសើរឡើង ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ពង្រឹងលើការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេស នឹងបន្តអប់រំផ្សព្វផ្សាយពីការគ្រប់គ្រង និងទុកដាក់សំរាមកាកសំណល់ដើម្បីធានាបាន នូវបរិស្ថានល្អផងដែរ៕