(ត្បូងឃ្មុំ)៖ ថ្លែងចេញពីស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងពិធីសម្ពោធផ្សារគំរូព្រំដែនកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសពីគម្រោងសាងសង់ផ្សារគំរូព្រំដែនថ្មីបន្ថែមចំនួន២ទៀត នៅខេត្តជាប់ព្រំដែនវៀតណាម គឺខេត្តស្វាយរៀង និងខេត្តកំពត ដែលអាចនឹងប្រើប្រាស់ថវិកាជាតិ ដើម្បីសាងសង់ផ្សារគំរូថ្មីទាំង២នេះ ដោយមិនចាំបាច់ពឹងភាគីវៀតណាម។

ការប្រកាសប្រើថវិកាជាតិ សម្រាប់សាងសង់ផ្សារគំរូទាំងពីរនេះ ដោយសារតែការស្នើសុំឲ្យភាគីវៀតណាម ជួយសាងសង់ផ្សារទាំង២នេះ មិនទាន់ទទួលបានចម្លើយយល់ព្រមពីភាគីវៀតណាមនៅឡើយ ហើយដំណើរការក្នុងការចរចាគ្នា ប្រើប្រាស់ពេលវេលាយូរ និងចំណាយច្រើនថែមទៀត។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការចំណាយសាងសង់ផ្សារគំរូមួយ ប្រើប្រាស់ថវិកា២លានដុល្លារ ដែលពីមុនគិតថាជាចំនួនច្រើនសម្រាប់កម្ពុជា តែពេលនេះតម្លៃ២លានដុល្លារនេះ មិនច្រើនសម្រាប់កម្ពុជានោះទេ ដូច្នេះកម្ពុជាគប្បីសាងសង់ដោយខ្លួនឯង និងសង់ឲ្យបានឆាប់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ការសាងសង់ផ្សារគំរូនេះ [ផ្សារគំរូព្រំដែនក្នុងខេត្តត្បូងឃ្មុំ] ប្រៀបបានដំរីផើម ចាប់ផ្តួចផ្តើមគំនិតចាប់ពីឆ្នាំ២០០៩ ដែលមកដល់ពេលនេះ ប្រើពេល១០ឆ្នាំ គ្រាន់តែគណៈប្រតិភូដូរទៅវិញទៅមក ប្រហែលជាចំណាយអស់ស្មើនឹងពាក់កណ្តាលផ្សារ។ អីចឹងទេ បានជាខ្ញុំចង្អុលបង្ហាញ ផ្សារដែលគ្រោងធ្វើនៅក្នុងខេត្តស្វាយរៀង និងកំពត គប្បីប្រើថវិកាជាតិរបស់កម្ពុជាធ្វើតែម្តងទៅ ពិតមែនតែយើងបានដាក់សំណើ ទៅមិត្តវៀតណាមហើយ សុំឲ្យជួយសង់ផ្សារនៅកំពត និងស្វាយរៀង តែឥឡូវនេះមិនទាន់មានចម្លើយពីមិត្តវៀតណាមទេ ប៉ុន្តែខ្ញុំចង្អុលបង្ហាញថា កម្ពុជាគប្បីធ្វើខ្លួនឯង»

ចំពោះការសាងសង់ផ្សារគំរូថ្មីទាំង២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យក្រសួង និងអាជ្ញាធរពាក់ព័ន្ធចាប់ផ្តើមរៀបចំគូរប្លង់ និងរៀបចំដីឲ្យបានរួចជាស្រេច ដើម្បីធ្វើយ៉ាងណាដំណើរការឲ្យបានឆាប់ កុំរង់ចាំយូរទៀត។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ធ្វើការឲ្យបានជិតស្និទជាមួយភាគីវៀតណាម ដើម្បីឲ្យស្រុះស្រួលទាំងអស់ ធានាឲ្យបានថា ការសាងសង់ផ្សារគំរូព្រំដែន មានដំណើរការដោះដូរពាណិជ្ជកម្មរវាងគ្នានិងគ្នាបានល្អ នៅជិតនឹងច្រកព្រំដែនកម្ពុជា-វៀតណាម។

ដោយសារមានបទពិសោធន៍ ក្នុងការសាងសង់ផ្សារគំរូព្រំដែនក្នុងខេត្តត្បូងឃ្មុំ ដែលមានរចនាទបខ្មែរ ប៉ុន្តែប្រើប្រាស់ជាងសាងសង់ជាជាងរបស់វៀតណាមនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញឲ្យការសាងសង់ផ្សារគំរូព្រំដែនក្រោយទៀត ត្រូវយកជាងសាងសង់ជារបស់កម្ពុជា។

សម្តេចតេជោបានបញ្ជាក់ថា ការសាងសង់គំរូព្រំដែនចំនួន៣នេះ គឺជាការចាប់ផ្តើមជំហានដំបូងប៉ុណ្ណោះ នៅមានជំហានបន្តបន្ទាប់ទៀត ក្នុងការសាងសង់ផ្សារនៅតាមព្រំដែននេះ ដោយសម្តេចថា ចំពោះតម្លៃក្នុងសាងសង់ត្រឹមផ្សារមួយ តម្លៃ២លានដុល្លារមិនមែនជាតម្លៃច្រើននោះទេ។

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថាការជំរុញឲ្យមានការសាងសង់ផ្សារគំរូតាមព្រំដែនឲ្យបានច្រើននេះ គឺជាគោលដៅជំរុញបន្ថែមនៃគោលនយោបាយប្រែក្លាយខ្សែបន្ទាត់ព្រំដែន ជាមួយប្រទេសជិតខាងទាំងអស់ ឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព និងមានការអភិវឌ្ឍន៍។

ក្រៅពីការសាងសង់ផ្សារគំរូព្រំដែនជាមួយវៀតណាមហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ ពិនិត្យលទ្ធភាពក្នុងការសាងសង់ផ្សារព្រំដែន ជាមួយភាគីថៃផងដែរ ដែលអាចអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនធ្វើការវិនិយោគ ក្នុងការសាងសង់ផ្សារគំរូព្រំដែននេះផងដែរ៕