(ក្រចេះ)៖ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក យ៉ាង សឹងហៃ គណៈកម្មាធិការអចិន្ត្រៃ នៃសភាប្រជាជនក្រុងចៀវចូវ នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត សមាជិក នៃប្រតិភូចិននាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត និងថ្នាក់នាំ ស្រុក មន្ទីរពាក់ព័ន្ធមួយចំនួនទៀត ដែលរៀបចំឡើងនៅទីស្នាក់ការតំបន់សេដ្ឋកិច្ចពិសេស ស្ថិតនៅស្រុកស្នួល។

ក្នុងជំនួបពិភាក្សាលោក វ៉ា ថន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូសភាប្រជាជនក្រុង ចៀវចូវ ដែលដឹកនាំដោយលោក យ៉ាង សឹងហៃ ដែលបានអញ្ជើញមកទស្សនកិច្ច នាឱកាសនេះ។ លោក វ៉ា ថន បានជម្រាបជូនអំពើស្ថានភាពរួមរបស់រដ្ឋបាលខេត្ត សក្កានុពលនានា និងក្រុមហ៊ុននានាដែលកំពុងធ្វើការវិនិយោគនៅក្នុងខេត្ត ដែលមានការទទួលស្គាល់ និងបានច្បាប់អនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

ក្នុងឱកាសនេះដែរ លោកអភិបាលខេត្ត ក៏បានលើកឡើងអំពីចំណងមិត្ត ភាពដ៏យូរអង្វែងតាំងប្រធានធិបតី ម៉ៅ សេងទុង និងសម្តេចព្រះបរមរតនកោដ្ឋ និងបន្តចំណងមិត្តភាពរហូតដល់ពេលបច្ចុប្បន្ន។

លោក វ៉ា ថន បានជម្រាបជូនប្រតិភូចិនបន្តទៀតថា ដោយមានការគាំទ្រពីមិត្តចិន ក្នុងការអនុវត្តគោលនយោបាយផ្លូវមួយខ្សែក្រវាត់ និងផ្លូវ ធ្វើឲ្យអ្នកវិនិយោគទុនចិន បានចាប់អារម្មណ៍ហើយងាកមកបោះទុនវិនិយោគនៅខេត្តក្រចេះ មានការកើនឡើង ជាពិសេសតំបន់សេដ្ឋកិច្ចក្នុងស្រុកស្នួល បានដើរតួនាទីយ៉ាងសំខាន់បង្កើនកំណើនសេដ្ឋកិច្ចជាតិ ផ្តល់ការងារជូនប្រជាពលរដ្ឋ ជាពលរដ្ឋរស់នៅមូលដ្ឋាននេះ បានប្រកបមុខរបរមានដូចជា៖ វិស័យទេសចរណ៍ ឧស្សាហកម្ម និងកសិកម្មផងដែរ។ នៅចំពោះមុខគណៈប្រតិភូចិន លោក វ៉ា ថន រំពឹងថា នឹងមានក្រុមហ៊ុនវិនិយោគរបស់ចិនជាច្រើនទៀត ចូលមកវិនិយោគប្រទេសកម្ពុជា។

ជាការឆ្លើយតបលោក យ៉ាង សឹងហៃ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត លោកអភិបាលខេត្ត ដែលបានជួយគាំទ្រអ្នកវិនិយោចិន ចូលមកវិនិយោគនៅមូលដ្ឋានខេត្តក្រចេះ។ ពិសេសដោយមានកិច្ចសហប្រតិបត្តិការរវាងក្រុង ចៀវចូវ និងខេត្តក្រចេះ បានរួមគ្នាអនុវត្តនូវនយោបាយ ខ្សែក្រវាត់ និងផ្លូវ របស់ប្រធានាធិបតីចិន រយៈពេល ១០ឆ្នាំកន្លងមក ជំរុញឲ្យមូលដ្ឋាននេះទទួលបាននូវសមិទ្ធិផលជាច្រើន ហើយប្រទេសទាំង២ ក៏មានទំនាក់ទំនងសេដ្ឋកិច្ច វប្បធម៌ និងមានប្រពៃណីដូចគ្នា ថែមទៀត។

លោកយ៉ាង សឹងហៃ សង្ឃឹមថា រដ្ឋបាលខេត្តក្រចេះ នឹងបញ្ជូនក្រុមការងារ ចុះទៅផ្សព្វផ្សាយពីសក្តានុពលលើគ្រប់វិស័យ របស់ខេត្តក្រចេះ ទៅក្រុងចៀវចូវ ប្រទេសចិន ឲ្យបានទូលំទូលាយថែមទៀតនាថ្ងៃខាងមុខ៕