(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ នឹងពង្រីកទីតាំងស្នើសុំប័ណ្ណព្រំដែន កម្ពុជា-ថៃ មួយទីតាំងបន្ថែមទៀត នៅស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩។

រដ្ឋបាលខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា ប្រជាពលរដ្ឋទាំង២ភេទ ដែលមានទីលំនៅអចិន្ត្រៃយ៍ នៅក្នុងខេត្តឧត្តរមានជ័យ អាចដាក់ពាក្សស្នើសុំធ្វើបណ្ណ័ព្រំដែន កម្ពុជា-ថៃ នៅអង្គភាពច្រកចេញចូលតែមួយ សាលាខេត្តឧត្តរមានជ័យដដែល ឬនៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ដោយភ្ជាប់មកជាមួយ៖

*ទី១ ៖ ពាក្យស្នើសុំធ្វើប័ណ្ណព្រំដែន ចំនួន១ច្បាប់ ដោយមានបិទរូបថត ចុះហត្ថលេខា ឬផ្តិតស្នាមមេដៃស្តាំរបស់សាមីខ្លួន នៅលើពាក្សស្នើសុំ (ពាក្សស្នើសុំមានផ្តល់ជូននៅទីតាំងស្នើសុំផ្ទាល់)។

*ទី២ ៖ រូបថតសាមីខ្លួន បច្ចុប្បន្នទំហំ៤ គុណ៦ ថតចំពីមុខគ្មានពាក់មួក និងពាក់វ៉ែនតា ចំនួន២សន្លឹក។

*ទី៣ ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្រកំណើត ដែលជាច្បាប់ដើម ឬច្បាប់ចម្លងត្រឹមត្រូវតាមច្បាប់ដើម។

*ទី៤ ៖ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។

រដ្ឋបាលខេត្តឧត្ដរមានជ័យ បានបញ្ជាក់ថា ចំពោះកុមារដែលមានអាយុក្រោម១៥ឆ្នាំ ត្រូវមានសំណើសុំ ឬការអនុញ្ញាតជាលាយលក្ខណ៍អក្សរ ពីឪពុកម្តាយឫអាណាព្យាបាល។ ដោយឡែកចំពោះកុមារ ក្រោមអាយុ១២ឆ្នាំ អាចដាក់បញ្ចូលជាមួយប័ណ្ណព្រំដែនឪពុកម្តាយ ឬអាណាព្យាបាល ដោយភ្ជាប់មកជាមួយ នូវឯកសារពាក់ព័ន្ធនានាផងដែរ៕