(កំពត)៖ ក្នុងថ្ងៃចាប់ផ្ដើមពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត នាថ្ងៃទី២០ ខែធ្នូនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្សប្រមាណ ៣០០នាក់ ចូលរួមដាំកូនឈើជាច្រើនដើមនៅតាមបណ្ដោយវិថីសម្ដេចព្រះសង្ឃរាជ ជួន ណាត ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត (មុខវត្តសុវណ្ណសាគរ)។

សកម្មភាពនេះត្រូវបានចូលរួមរៀបចំដោយគណ:កម្មាធិកាជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពត ក្រោមពាក្យស្លោក «ទេសចរម្នាក់ ដើមឈើមួយដើម» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យសមុទ្រលើកទី៨ ដែលប្រារព្ធឡើងក្រោមប្រធានបទ «ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង»

សកម្មភាពនេះក៏ត្រូវបានរៀបចំឡើងដើម្បីបំផុសស្មារតីឱ្យប្រជាពលរដ្ឋចេះស្រលាញ់ដើមឈើ ដើម្បីបង្កើនទេសភាព សោភ័ណភាពដ៏ស្រស់បំព្រងនៃទីក្រុង និងភូមិដ្ឋានរបស់ប្រជាពលរដ្ឋ។ លើកកម្ពស់ការយល់ដឹង និងការថែរក្សាការពារបរិស្ថាន និងអាចប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជាទៅជាឆ្នេរបៃតង ទាក់ទាញភ្ញៀវទេសចរ បង្កើនប្រាក់ចំណូលប្រជាពលរដ្ឋ លើកស្ទួយមុខមាត់ប្រទេសជាតិ នាំទៅរកការអភិវឌ្ឍ និងចូលរួមគាំទ្រគោលនយោបាយទាក់ទាញទេសចរ។ កិច្ចការនេះក៏ជួយការពារបរិស្ថាន និងបំផុសឱ្យប្រជាពលរដ្ឋមានរបៀបរស់នៅជាមួយបរិស្ថានបៃតងផងដែរ។

មុនចាប់ផ្ដើមសកម្មភាពខាងលើនេះ លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងបំផុសឱ្យប្រជាពលរដ្ឋចូលរួមដាំដើមឈើឡើងវិញឱ្យបានច្រើន ដើម្បីនិរន្តរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយ ទោះបីត្រូងរង់ចាំរយៈពេលយូរយ៉ាងណាក៏ដោយ ដោយលោកបានលើកឡើងពីការយកដើមគគីរទាំងមូលមកធ្វើទូកង ប៉ុន្តែដើម្បីបានដើមគគីរយកមកធ្វើទូកងបាន គឺត្រូវរង់ចាំឱ្យដើមគគីរមានអាយុរាប់រយឆ្នាំសិន ហើយប្រសិនបើប្រជាពលរដ្ឋខ្មែរមិនដាំពីពេលនេះទៅទេ កូនចៅខ្មែរជំនាន់ក្រោយនឹងគ្មានដើមគគីរសម្រាប់ធ្វើទូកងល្អៗទៀតនោះឡើយ។

ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រីក៏បានសម្លឹងមើលទៅកាន់វត្តសុវណ្ណសាគរ និងបានប្រកាសលើកទឹកចិត្តឱ្យគ្រប់វត្តអារាមសូមចាប់អារម្មណ៍ក្នុងការដាំដើមគគីរ និងដើមឈើដទៃទៀតឱ្យបានច្រើន។

លោករដ្ឋមន្ត្រីក៏បានជំរុញឱ្យរដ្ឋបាលខេត្តកំពត គប្បីរៀបចំសួនអាពាហ៍ពិពាហ៍ ឬសួនទេសចរណ៍សម្រាប់ឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរ ពិសេសគូស្រករថ្មីៗចូលរួមដាំដើមឈើទុកជាអនុស្សាវរីយ៍ ព្រោះថាក្រោយពេលប្រជាពលរដ្ឋ ភ្ញៀវទេសចរដាំកូនឈើនៅទីនោះរួចហើយ ពួកគេនឹងមកមើលដើមឈើដែលពួកគេដាំនៅពេលក្រោយទៀត ឬជាប្រចាំផងដែរ។

ការធ្វើបែបនេះច្រើនឡើងៗនឹងរួមចំណែកឱ្យការដាំឈើក្លាយជាផលិតផលទេសចរណ៍មួយសម្រាប់ភ្ញៀវទេសចរដ៏ពេញនិយម ខណៈប្រជាពលរដ្ឋក៏កាន់តែមានការយល់ដឹង ចេះស្រលាញ់បរិស្ថានជាងមុន និងបង្កើនការចូលរួមដាំដើមឈើកាន់តែផុសផុលជាងមុនផងដែរ ដែលជាស្មារតីរួមគិត រួមធ្វើ រួមទទួលខុសត្រូវ៕