(ភ្នំពេញ)៖ នៅវេលាម៉ោង ៣រសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានបញ្ជូនលោក សារុន វិធុរ៉ាក់ ថៅកែស្ថានីយ៍ប្រេង PTT នៅជិតរង្វង់មូលគួស្រូវ ខណ្ឌដង្កោ ទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបញ្ចប់ការសួរនាំនៅអធិការដ្ឋានខណ្ឌ ពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើគ្រូបង្រៀនម្នាក់ ហើយត្រូវបានចែកចាយព្រោងព្រាតនៅតាមបណ្ដាញសង្គម Facebook។

គួរជម្រាបថា ថៅកែស្ថានីយ៍ប្រេង PTT ឈ្មោះ សារុន វិធុរ៉ាក់ ជាកូនរបស់លោក ចាន់ សារុន តំណាងរាស្ដ្រមណ្ឌលតាកែវ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន នៅរសៀលនេះ តាមដីកាចាត់តាំងតំណាងអយ្យការរបស់លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធអំពើហិង្សានេះ។ ដោយឡែក គ្រូបង្រៀនដែលជាជនរងគ្រោះនោះ ក៏ត្រូវបានតំណាងអយ្យការ ចេញដីកាកោះហៅឲ្យខ្លួនដូចគ្នា ហើយសមត្ថកិច្ចកំពុងនាំខ្លួនពីខេត្តតាកែវ មកតុលាការផងដែរ។

សូមបញ្ជាក់ថា លោក សារុន វិធុរ៉ាក់ ត្រូវជាកូនប្រុសលោក ចាន់ សារុន អតីតរដ្ឋមន្ដ្រីក្រសួងកសិកម្ម និងបច្ចុប្បន្នជាតំណាងរាស្ដ្រមណ្ឌលតាកែវ និងបក្ខពួក បានរងការចោទប្រកាន់ ប្រើហិង្សាយ៉ាងធ្ងន់ធ្ងរ ទៅលើលោក អ៉ឹម សិរីរដ្ឋ ជាគ្រូបង្រៀនកាលពីយប់ថ្ងៃទី១៦ ខែធ្នូកន្លងទៅ នៅក្នុងបរិវេណស្ថានីយ៍ប្រេងរបស់ខ្លួន ដោយពួកគេចោទថា គ្រូបង្រៀនរូបនេះ បានចូលទៅអុកឡុក និងចូលក្នុងបន្ទប់ទឹកស្រី លួចថតនារីនៅក្នុងបន្ទប់ទឹកនោះ។

លោក សារុន វិធុរ៉ាក់ ថែមទាំងបង្ហោះវីដេអូ និងរូបភាព លើកមេដៃជាមួយរូបគ្រូបង្រៀន ដោយចងដៃទៅក្រោយ និងចាប់បោចសក់នៅលើបណ្ដាញសង្គម Facebook ទៀតផង ដែលធ្វើឲ្យមហាជនជាច្រើនរិះគន់យ៉ាងចាស់ដៃ ចំពោះការប្រើអំពើហិង្សាខុសច្បាប់ទម្លាប់បែបនេះ។

សម្រាប់ករណីនេះ ក៏មានចោទចំៗទៅលើថៅកែស្ថានីយ៍ប្រេង PTT លោក សារុន វិធុរ៉ាក់ ថាខុសទាំងស្រុងដោយសារខ្លួន មិនមែនជាមន្រ្តីសមត្ថកិច្ច ហើយទៅចាប់ចង និងបញ្ជាឲ្យកូនចៅវាយយ៉ាងដូច្នេះទេ នោះវាក្លាយជាបទល្មើសព្រហ្មទណ្ឌហើយ ដែលតំណាងអយ្យការតំណាងឲ្យរដ្ឋមានសិទ្ធិដាក់ពាក្យបណ្តឹងបាន បើទោះបីជនរងគ្រោះមិនបានដាក់ពាក្យប្តឹងក៏ដោយ៕