(កណ្ដាល)៖ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន មានការប្រគំតន្រ្តីពី អ្នកនាង មិដុរិ ដែលជាអ្នកលេង វីយូឡុង ដ៏ល្បីល្បាញម្នាក់នៅលើពិភពលោក។ នាងព្រមទាំងក្រុមដែលមកពី ICEP(International Community Engagement Program)ទាំងអស់មានសមាជិក៤ នឹងមកប្រគំភ្លេងរួមគ្នា ជូនដល់អ្នកជំងឺជាង៥០នាក់ ដែលកំពុងតែសំរាកព្យាបាល នៅមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៩ ក្នុងបរិវេនមន្ទីរពេទ្យបង្អែកពញាឮ​។

មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន និង MUSIC SHARING នឹងចែករំលែកអារម្មណ៍របស់អ្នកជំងឺ។ អង្គការបេះដូងជប៉ុន គឺជាមន្ទីរពេទ្យសប្បុរសធម៌ ដែលផ្តល់ជូនដោយមិនគិតប្រាក់។ សមាជិកទាំងអស់នៃមន្ទីរពេទ្យ ផ្តោតសំខាន់ទៅលើការផ្តល់ជូន ដោយយកចិត្តទុកដាក់នូវការថែទាំអ្នកជំងឺ ដោយគុណភាពខ្ពស់។​ ការប្រគំតន្ត្រីនេះផងដែរ អ្នកនាង មិដុរិ និងអង្គការបេះដូងជប៉ុនរួមទាំងសមាជិកសហការគ្នា ដើម្បីធ្វើឲ្យអារម្មណ៍អ្នកជំងឺ ក៏ដូចជាគ្រួសារអ្នកជំងឺបានធូរស្បើយ។

អ្នកលេងវីយូឡុង អ្នកនាង មិដុរិ និងតន្ត្រីករ៣នាក់ទៀតមកពី ICEP សម្ដែងនូវតន្ត្រីក្លាស៊ិកជូនទស្សនា។ មិនមែនត្រឹមតែជាការសម្តែង នៅចំពោះមុខអ្នកជំងឺជាច្រើនតែម្តងប៉ុណ្ណោះទេ ថែមទាំងសម្តែងជូនអ្នកជំងឺកុមារមហារីក ទៅតាមបន្ទប់តូចៗនីមួយៗផងដែរ។ ដោយសារតែអ្នកជំងឺកុមារមហារីក មានប្រព័ន្ធភាពស៊ាំខ្សោយ គឺមិនអាចចេញពីបន្ទប់ ក្នុងកំឡុងពេលទទួលការព្យាបាលនោះទេ។ ហេតុដូច្នេះហើយទើបក្រុមតន្ត្រីករ ចូលប្រគំតន្ត្រីជូនតាមបន្ទប់នីមួយៗ។

មជ្ឈមណ្ឌលព្យាបាលកុមារ​ បេះដូងជប៉ុន មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន គឺជាមន្ទីរពេទ្យសប្បុរសធម៌ដែលផ្តល់ជូន នូវសេវាកម្មព្យាបាលដល់កុមារ និងមនុស្សចាស់ក្រីក្រដោយមិនគិតប្រាក់។ អ្នកជំងឺប្រមាណជាង១៥០០០នាក់ បានទទួលការព្យាបាល និងប្រមាណជាង១០០០នាក់បានទទួលការវះកាត់ កាលពីឆ្នាំកន្លងទៅនេះ។ អង្គការបេះដូងជប៉ុន បានកំពុងបន្តសកម្មភាពព្យាបាល រយ:ពេល១០ឆ្នាំមកហើយ។

មុនពេលបង្កើតទីតាំងមជ្ឈមណ្ឌលព្យាបាល នៅខេត្តកណ្តាលកាលពីឆ្នាំ២០១៦ ពេលនោះ គឺផ្តោតសំខាន់ទៅលើការពិនិត្យ​ជំងឺចល័ត។ ក្រុមវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកា បាននាំយកឧប្បករណ៍វេជ្ជសាស្រ្ត ទៅដល់ទីជនបទ ដើម្បីផ្តល់ជូននូវការពិនិត្យបូករួមទាំងការវះកាត់ផងដែរ។ បន្ទាប់ពីបានបង្កើតមជ្ឈមណ្ឌលព្យាបាលកុមាររួចមក ក៏នៅតែបន្តការពិនិត្យជំងឺចល័តផង និងព្យាបាលជូនផងតាំងពីកុមារ រហូតដល់មនុស្សចាស់ ដោយមិនគិតប្រាក់។ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ចំណុចសំខាន់នៃបេសកកម្ម គឺការធ្វើឲ្យវេជ្ជសាស្រ្តទៅដល់កន្លែង ដែលពុំមានវេជ្ជសាស្ត្រ។

នៅឆ្នាំ២០១៨ អង្គការបេះដូងជប៉ុន បានចាប់ផ្តើមព្យាបាលជំងឺមហារីកកុមារ ​ទៅលើកុមារដែលមានភាពលំបាក ​ក្នុងការទទួលការព្យាបាលនៅកម្ពុជា។ នៅមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន មានអ្នកជំងឺមហារីកបានបញ្ចប់ការព្យាបាល ដោយសុវត្ថិភាពរួចមកហើយ។ គ្រូពេទ្យជំនាញបានព្យាបាល ដោយប្រើថ្នាំគីមី ក្រុមគ្រូពេទ្យជំនាញមកពីប្រទេសជប៉ុន បានមកធ្វើការវះកាត់ជូនអ្នកជំងឺមហារីក ក៏ដូចជាជំងឺដែលពិបាកព្យាបាលផ្សេងទៀត ជាទៀងទាត់។ បើទោះជាជំងឺដែលត្រូវទទួលការព្យាបាល រយ:ពេលយូរក៏ដោយ ក៏ថ្លៃព្យាបាលទាំងអស់មិនគិតប្រាក់ឡើយ៕