(ភ្នំពេញ)៖ ស្ថានទូតសិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្រោមការគាំទ្ររបស់ក្រសួងទេសចរណ៍កម្ពុជា នឹងរៀបចំពិព័រណ៍ទេសចរណ៍មួយ ដែលមានឈ្មោះថា «កម្មវិធីសិល្បៈគំនូរលើជញ្ជាំង» ឬ «Street Art Festival» ដើម្បីអបអរឱកាសខួប ៥៥ឆ្នាំ នៃការបង្កើតចំណងការទូតកម្ពុជា-សិង្ហបុរី។

រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា ថោង ខុន បានបញ្ជាក់ថា លោកមានសុទិដ្ឋិនិយមចំពោះកម្មវិធីនេះ ដែលនឹងជួយពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-សិង្ហបុរី ឲ្យកាន់តែរឹងមាំថែមទៀត ហើយជ្រោមជ្រែងដល់ការលើកកម្ពស់ ឧស្សាហកម្មទេសចរណ៍របស់កម្ពុជា ឲ្យកាន់តែមានសន្ទុះខ្លាំងក្លា ដូចទៅនឹងការដែលកម្មវិធីពិព័រណ៍ម្ហូបអាហារតាមដងផ្លូវ (Food Street Festival) បានជួយកម្ពុជាក្នុងការទាក់ទាញភ្ញៀវទេសចរមកពីទីជិតឆ្ងាយ ជុំវិញពិភពលោកយ៉ាងដូច្នោះដែរ។

កម្មវិធីខាងលើនឹងមានរយៈពេលពីរសប្តាហ៍ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ហើយនឹងប្រមូលផ្តុំនូវវប្បធម៌និងកេរ្តិ៍តំណែលនានា ដែលក្នុងនោះរួមមានវត្តមានវិចិត្រករឆ្នើមចំនួនពីររូប គឺលោក ហ្វុនគី (FONKi) និងលោក យីព យូឆុង (Yip Yew Chong)។ លោក Yip Yew Chong គឺជាវិចិត្រករដ៏ល្បីឈ្មោះខាងគំនូរលើជញ្ជាំង មកពីសិង្ហបុរី។ រីឯលោក FONKi ជាវិចិត្រករមានដើមកំណើតខ្មែរដែលមកពីកាណាដា ខណៈស្នាដៃគំនូរមួយចំនួនរបស់លោក នឹងត្រូវដាក់ចេញថ្លៃនៅក្នុងកម្មវិធីខាងលើ។ ចំណែកដែលបានមកពីកម្មវិធីនោះ នឹងត្រូវផ្តល់ជាវិភាគទានទៅកាន់ អង្គការមូលនិធិកុមារកម្ពុជា និងអង្គការសិល្បៈខ្មែរអមតៈ (CLA)។

គួរជម្រាបថា កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា លោក ម៉ៃឃើល តាន់ (Michael Tan) បានជួបជាមួយរដ្ឋមន្រ្តី ថោង ខុន ដើម្បីស្នើសុំការគាំទ្រសម្រាប់រៀបចំកម្មវិធីខាងលើ ដែលពេលនោះលោករដ្ឋមន្រ្តីទេសចរណ៍កម្ពុជា បានសម្តែងការស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ។

កម្មវិធីសិល្បៈគំនូរលើជញ្ជាំងនេះ នឹងរៀបចំឡើងនៅមជ្ឈមណ្ឌលកម្សាន្ត The World Bridge Arena ឬ WB Arena ក្នុងរាជធានីភ្នំពេញ។ លោក Michael Tan បានបញ្ជាក់ថា ប្រសិនបើកម្មវិធីដំបូងនេះទទួលជោគជ័យ លើកក្រោយៗទៀតអាចនឹងធ្វើឡើង នៅសៀមរាប ក្រុងព្រះសីហនុ និងបាត់ដំបងក៏ថាបានដែរ៕