(ភ្នំពេញ)៖ លោកស្រី ស្រី សុធាឫទ្ធិ ជាតំណាងលោកឧញ៉ា ស្រី សុធា និងលោកឧញ៉ា ស្រី ចន្ធូ ដែលជាអគ្គនាយក និងអគ្គនាយករងក្រុមហ៊ុន 7NG (Cambodia) និងក្រុមហ៊ុន SG Cattle Services (Thailand) នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ បាននាំយកថវិកា៥០លានរៀល ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។

លោកស្រី ស្រី សុធាឫទ្ធិ បានឲ្យដឹងថា ថវិកាដែលបាន ធ្វើជាមូលនិធីសប្បុរសធម៌នេះ បានមកពីការផ្តួចផ្តើមគំនិត និងសហការគ្នា ក្នុងគម្រោង Asian Cattle Market ហើយបានធ្វើការ នាំចូលចែកចាយនូវទឹកស្ពែមគោ ផ្តល់នូវសេវាបង្កាត់ AI&ET និងពូជគោជាច្រើនប្រភេទ មកពីប្រទេសអាមេរិក និងអូស្រ្តាលី ដែលបានផ្គត់ផ្គង់នូវតម្រូវការ របស់ប្រទេសអាស៊ីមួយចំនួន ដូចជាដូចជាប្រទេសកម្ពុជា ថៃ ឡាវ និងម៉ាឡេស៊ីជាដើម។

ដោយសារតែលោកឧកញ៉ា ស្រី សុធា និងលោកឧញ៉ា ស្រី ចន្ធូ បានមើលឃើញពីកង្វះខាតរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងបំពេញបេសកកម្មជួយសង្គ្រោះអាយុជីវិតទារក និងកុមារកម្ពុជា ដោយឥតគិតថ្លៃជារៀង រាល់ថ្ងៃយ៉ាងសកម្មបំផុតនោះ ទើបលោកឧកញ៉ា បានប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផានូវថវិកា ដើម្បីរួមចំណែកដល់កិច្ចការសប្បុរសធម៌ និងសង្គមជាតិ ដែលមិនអាចខ្វះបាន ពីការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជា។

មូលហេតុចម្បង នៃការផ្តល់ថវិកាសប្បុរសធម៌នេះ គឺកើតចេញពីបេះដូង និងឆន្ទៈ ក្នុងការរួមចំណែកជួយដល់កិច្ចការសង្គម និងសប្បុរសធម៌ ជាមួយនឹងបណ្តាសប្បុរសជននានា ក្នុងការចែករំលែកនូវសេចក្តីអាណិត ស្រឡាញ់ទារក និងកុមារកម្ពុជា ដែលកំពុងរងគ្រោះដោយសារជំងឺ។

ដោយសារមន្ទីរពេទ្យនេះ កំពុងត្រូវការចំបាច់នូវសម្ភារថវិកា ដើម្បីបន្តការជួយសង្គ្រោះដល់អាយុជីវិតទារក និងកុមារកម្ពុជា ពីបណ្តាសប្បុរសជនជាតិ និងអន្តរជាតិ ដូច្នេះហើយលោកឧកញ៉ា បរិច្ចាគនូវថវិកាសប្បុរសធម៌ ប្រកបដោយសេចក្តីស្រឡាញ់ ដើម្បីជួយសម្រួលដល់ការលំបាក ជូនសង្គមជាតិរបស់ខ្លួនតែម្តង៕