(ពោធិ៍សាត់)៖ ក្រោយលោតទឹកសម្លាប់ខ្លួន ២យប់ និង៣ថ្ងៃ សពនារីវ័យក្មេងម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្ដែតក្នុងទឹកស្ទឹងពោធិ៍សាត់ ខាងក្រោយសណ្ឋាគាររីវើសាយ ត្រើយខាងកើត ស្ថិតក្នុងភូមិបាក់រទះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តពោធិ៍សាត់ បានឲ្យដឹងថា សពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចបង្ហាញអត្តសញ្ញាណឈ្មោះ ហេង ស្រីពេជ្រ ហៅហ្សា អាយុ២៩ឆ្នាំ មុខរបរនារីធ្វើការនៅ «KTV ដាលីង» បច្ចុប្បន្នស្នាក់នៅ និងជួលបន្ទប់ជិតស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។

សេចក្ដីរាយការណ៍បន្ថែមថា នារីរងគ្រោះ ស្លៀកអាវ និងខោខោប៊យ ពណ៌ទឹកប៊ិច ហើយត្រូវបានអ្នកស្នាក់នៅបន្ទប់ជួលជាប់គ្នា សង្ស័យមកពីមានជម្លោះជាមួយសង្សាព្រោះកាលពីថ្មីៗនេះ សង្សារនារីរងគ្រោះតែងតែវាយធ្វើបាប រហូតដល់នាងលេបថ្នាំសម្លាប់ខ្លួនម្តងរួចមកហើយតែមិនស្លាប់។

បច្ចុប្បន្ននគរបាលមូលដ្ឋាន បាននឹងកំពុងស្វាត់ស្វែង ស្រង់សាកសពមក ធ្វើកោសល្យវិច្ច័យ និងរៀបចំធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់ថា កាលពីព្រឹកព្រលឹមថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ មានប្រជាពលរដ្ឋ បានប្រទះឃើញនារីវ័យក្មេងម្នាក់ សង្ស័យមានវិបត្តិផ្លូវចិត្ត បានគិតខ្លីមកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានដែកខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋ អូសមងស្វែងរកដែរ តែរកមិនឃើញ ទើបតែព្រឹកព្រលឹមថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ បានប្រទះឃើញសាកសពអណ្តែតហើម មានសភាពស្អុយរលួយ រ៉បមាត់ស្ទឹងពោធិ៍សាត់ ជាប់ទូកដ ខាងក្រោយសណ្ឋាគាររីវើសាយ៕