(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្នើឲ្យកីឡាករខ្សែប្រយុទ្ធ កែវ សុខផេង កុំមានការបាក់ទឺកចិត្ត ក្រោយពេលទាត់បាល់ប៉េណាល់ទីអត់ចូល ១គ្រាប់ពេលចាញ់ក្រុម U22 មីយ៉ាន់ម៉ាវគ្គដណ្តើមមេដាយសំរិទ្ធ ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពីននារសៀលថ្ងៃអង្គារ ទី១០ ខែធ្នូ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងផ្តាំទៅ កែវ សុខផេងថា «កុំឱ្យបាក់ទឹកចិត្ត ហើយលទ្ធផលបាល់ទាត់នេះ គឺជាលទ្ធផលប្រវត្តិសាស្ត្រ។ ទម្រង់លេងបាល់ទាត់របស់កម្ពុជា ជាទម្រង់ដ៏ល្អ ហើយក៏បានចាត់ទុកការទាត់ហ្វ្រីឃីករបស់ កែវ សុខផេង គឺជាគ្រាប់បាល់ដ៏ល្អថែមទៀតផង។ សមត្ថភាពកីឡារបស់កម្ពុជា នឹងកាន់តែប្រសើរក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាឆ្នាំ២០២១»

បន្ថែមលើនេះ សម្តេចបានស្នើសុំដល់ប្រជាពលរដ្ឋមានការយោគយល់ដល់កីឡាករ កែវ សុខផេង ព្រោះការប្រកួតតែងមានចាញ់ និងឈ្នះ ដែលការថ្លែងបែបលើកទឹក សុខផេង បែបនេះត្រូវបានធ្វើឡើងក្នុងឱកាសសម្តេចចែកសញ្ញាដល់និស្សិតសាកលវិទ្យា CUS ប្រមាណជិត ៧ពាន់នាព្រឹកថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩ នេះ។

គួររំលឹកផងដែរថា កីឡាករខ្សែប្រយុទ្ធពាក់លេខ១៤ កែវ សុខផេង បានទាត់បាល់ប៉េណាល់ទីអត់ចូលជាលើកទី២ ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 លើកទី៣០ នៅប្រទេសហ្វីលីពីន ដែលជាទាត់បាល់ប៉េណាល់ទីគ្រាប់ទី៥ ឲ្យក្រុមគោព្រៃកម្ពុជា នៅពេលដែល U22 មីយ៉ាន់ម៉ាបាននាំមុខ ៥-៤ ក្នុងការការសេចក្តីដោយបាល់ប៉េណាល់ទី ក្រោយប្រកួតពេញម៉ោង ៩០នាទីស្មើគ្នា ២-២ ក្នុងវគ្កដណ្តើមមេដាយសំរិទ្ធ។

តែយ៉ាងណា កីឡាករមានដើមកំណើតមកពីខេត្តក្រចេះខាងនេះ ជាអ្នករកគ្រាប់ស្មើ ២-២ នៅនាទីទី៧១ ពីការទាត់បាល់ Free-Kick ចំមុំ ៩០ដឺក្រេចូលទីយ៉ាងស្អាត ដែលនាំឲ្យការទាត់ប៉េណាល់ទី១ ក្នុង១ក្រុម ៥គ្រាប់កើតមានឡើង។

សូមជំរាបថា ក្រុមអត្តពលិកកម្ពុជាបានឈ្នះមេដាយសរុបពី SEA Games 2019 ចំនួន៤៦គ្រឿង បើប្រៀបធៀប SEA Games លើកទី២៩ ឆ្នាំ២០១៧ នៅទីក្រុងកូឡាឡាំពួរ កម្ពុជាទទួលបានមេដាយ ត្រឹមតែចំនួន១៧គ្រឿងប៉ុណ្ណោះ។ មេដាយសរុប ចំនួន៤៦ក្នុងនោះ, មេដាយ មាស៤គ្រឿង ប្រាក់៦គ្រឿង សំរិទ្ធ៣៦គ្រឿង ដោយស្ថិតក្នុងចំណាត់ថ្នាក់ទី៨ ចំណោម១១ប្រទេស គឹនៅលើ ទីម័រឡេស្តេ ឡាវ ប្រុយណេ៕