(កំពង់ស្ពឺ)៖ មន្រ្តីជំនាញខេត្តកំពង់ស្ពឺ និងភាគីពាក់ព័ន្ធ ពេលនេះ បាននិងកំពុងខិតខំផ្តល់ចំណេះដឹងដល់ប្រជាពលរដ្ឋក្នុងខេត្តនេះ ធ្វើការផលិតកសិផលដំណាំស្វាយឲ្យបានល្អ ដែលអាចធ្វើការនាំចេញ ទៅកាន់ទីផ្សារបរទេស ជាពិសេសទីផ្សារប្រទេសចិនតែម្តង។

ជាក់ស្តែង នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកំពង់ស្ពឺ បានសហការជាមួយក្រុមហ៊ុនឯកជនមួយ បើកសិក្ខាសាលាស្តីពី «រ៉ាដ្យង់ (Radiant) ៦០SC ជាដំណោះស្រាយថ្មី សម្រាប់កម្ចាត់សត្វល្អិតចង្រៃ លើដំណាំស្វាយ ដំណាំស្រូវ និងដំណាំបន្លែ» ដោយមានប្រជាកសិករជាច្រើនរូប បានចូលរួមយ៉ាងកុះករ។

លោក ឆាយ ពេជ្រ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានថ្លែងឲ្យដឹងថា សិក្ខាសាលានេះមានផលប្រយោជន៍យ៉ាងខ្លាំង ឆ្លើយតបនឹងមហិច្ឆតារបស់រាជរដ្ឋាភិបាល ដែលត្រៀមឲ្យមានកំណើនចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ របស់ប្រជាពលរដ្ឋ។

លោកបន្តថា ថ្មីៗនេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះអនុស្សារណៈការយោគយល់គ្នា ជាមួយនឹងប្រទេសចិន ដើម្បីនាំផ្លែស្វាយចេញ។ ដូច្នេះសិក្ខាសាលានេះ គឺជាគុណសម្បត្តិមួយដ៏ល្អសម្រាប់ប្រជាពលរដ្ឋ ដែលធ្វើឲ្យពួកគាត់ ធ្លាប់តែមានទំនៀមទម្លាប់ប្រពៃណី ដាំស្វាយតាមវិធីបុរាណ ប៉ុន្តែបានយល់ដឹងក្នុងការដាំតាមបែបបច្ចេកទេស និងប្រើប្រាស់ថ្នាំកម្ចាត់សត្វល្អិត តាមបែបបច្ចេកទេសផងដែរ ដែលធ្វើឲ្យផ្លែស្វាយល្អ អាចធ្វើការនាំចេញក្រៅប្រទេសបាន។

មន្រ្តីជំនាញរូបនេះ បានបញ្ជាក់ថា «ដើម្បីនាំចេញបានឆ្លើយតបនឹងទីផ្សារក្រៅប្រទេសបាន យើងត្រូវការបច្ចេកទេស ដូចជាការថែទាំជាដើម ដូចមានថ្នាំរាដ្យង់ស្រាប់»។ លោកបន្ត ក្នុងខេត្តកំពង់ស្ពឺ ពេលធ្វើបច្ចុប្បន្នភាពនេះ មានផ្ទៃដីដាំស្វាយសរុប ៤៥៥២៣.៦០ហិកតា។ លើសពីនេះទៅទៀត ក្នុងនាមមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ លោក ឆាយ ពេជ្រ បានសំណូមពរដល់ប្រជាពលរដ្ឋ ចំនួនពីរយ៉ាងគឺ ទីមួយ៖ កុំឲ្យមានការបារម្ភជាមួយនឹងការរកទីផ្សារ និងទីពីរ៖ ធ្វើការប្រើប្រាស់ផលិតផលតាមបែបបច្ចេកទេស ដោយការប្រើប្រាស់ថ្នាំរ៉ាដ្យង់ ដើម្បីធ្វើការថែទាំងដំណាំស្វាយ។

ប្រជាពលរដ្ឋ១រូប ដែលបានចូលរួមក្នុងសិក្ខាសាលានេះ បាននិយាយថា ខ្លួនមានដីដាំស្វាយរហូតដល់ទៅ១៥ហិកតា។ ប្រជាពលរដ្ឋរូបនេះ ត្អូញត្អែរថា កន្លងមកខ្លួនតែងតែជួបប្រទះនឹងការប្រឈម ចំនួន២គឺ ទីមួយ៖ ការផលិតស្វាយមិនឆ្លើយតបនឹងទីផ្សារ ដោយសារសត្វល្អិតចង្រៃបំផ្លាញ និងទីពីរ៖ ពេលផ្លែស្វាយប្រមូលផលហើយ បែរជាគ្មានទីផ្សារទៅវិញ។

ថ្លែងក្នុងសិក្ខាសាលានោះដែរ លោក Pham Van Loi នាយកក្រុមហ៊ុន កតេវ៉ាកម្ពុជា និងវៀតណាម បានលើកឡើងថា ផ្លែស្វាយគឺជាផលិតផលកសិកម្មដ៏មានសក្តានុពលមួយ សម្រាប់នាំចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន កូរ៉ ជប៉ុន អឺរ៉ុប និងបណ្តាប្រទេសសមាជិកអាស៊ាន។ ផ្ទៃដីដាំស្វាយប្រមាណ ៧ម៉ឺនហិកតា ដែលមានលទ្ធភាពផលិតស្វាយបាន ៨លានតោន សម្រាប់នាំចេញ ដោយទទួលបានប្រាក់ចំណូលប្រមាណ ៤០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

តំណាងក្រុមហ៊ុន កតេវ៉ារូបនេះ បានបន្តថា «យោងតាមមតិរបស់កសិករ ការប្រមូលទិន្នផលផ្លែស្វាយ មានការធ្លាក់ចុះដល់ទៅ ៦០% នៅពេលដែលមានសត្វល្អិតចង្រៃនៅលើដើមជារៀងរាល់ឆ្នាំ ហើយធ្វើឲ្យផ្លែស្វាយដែលសេសសល មានផ្លែមិនល្អ និងលក់បានតម្លៃថោក»។

លោកបានបន្ថែមថា ដើម្បីចូលរួមចំណែក ក្នុងការធ្វើឲ្យផលិតផលមានសុវត្ថិភាព ប្រកបដោយគុណភាព និងតាមស្តង់ដារខ្ពស់បំផុត ក្រុមហ៊ុនបាននាំផលិផលថ្មី មកបម្រើទីផ្សារផ្លែស្វាយ និងពោតនៅកម្ពុជា ដើម្បីកម្ចាត់ពពួកសត្វល្អិតចង្រៃលើដំណាំស្វាយ និងដង្កូវលើដំណាំពោត ប្រកបដោយនិរន្តភាព ទិន្នផលខ្ពស់ គុណភាពស្តង់ដារ ទីផ្សារដល់អ្នកផលិត និងអ្នកបរិភោគ។ ផលិតរ៉ាដ្យង់ មិនប៉ះពាល់ដល់បរិស្ថានឡើយ ហើយការនាំចូលផលិតផលនេះ ស្របនឹងគោលដៅរបស់រាជរដ្ឋាភិបាល ដើម្បីក្លាជាប្រទេសនាំចេញស្វាយ និងពោត ដែលមានគុណភាពខ្ពស់ និងសុវត្ថិភាពបរិភោគផងដែរ។

សូមបញ្ជាក់ថា កន្លងទៅនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ម្ចាស់ចំការស្វាយទាំងអស់នៅកម្ពុជា ដែលមានបំណងចង់នាំចេញផ្លែស្វាយ ទៅកាន់ប្រទេសចិន និងប្រទេសផ្សេងៗទៀត សូមរួសរាន់មកចុះបញ្ជី នៅអគ្គនាយកដ្ឋានកសិកម្ម ដើម្បីឲ្យមន្ត្រីជំនាញចុះទៅវាយតម្លៃ និងណែនាំពីលក្ខណៈបច្ចេកទេស ឲ្យស្របតាមស្តង់ដារនាំចេញ។

លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តាំផ្ញើទៅដល់អ្នកដាំស្វាយ និងប្រជាកសិករទាំងអស់ សូមមេត្តាសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ក៏ដូចជាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគ្រប់ខេត្ត ដើម្បីអនុវត្តន៍នូវវិធានបច្ចេកទេសឲ្យបានម៉ឺងម៉ាត់ បើមិនដូច្នេះទេ ចម្ការស្វាយរបស់ប្រជាកសិករ មិនអាចចុះបញ្ជីនាំចេញទៅកាន់ប្រទេសចិន និងប្រទេសផ្សេងៗទៀតបាននោះឡើយ។

មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា សម្រាប់ទីផ្សារនាំចេញផ្លែស្វាយទៅកាន់ប្រទេសកូរ៉េខាងត្បូង កម្ពុជាបានចរចាចប់សព្វគ្រប់អស់ហើយ ដែលអាចឲ្យកម្ពុជានាំចេញបានហើយ ចាប់ពីពេលនេះតទៅ ខណៈប្រទេសចិនរំពឹងថា នាំចេញបាននៅក្នុងខែមេសា ឆ្នាំ២០២០ខាងមុខនេះ។ ជាមួយគ្នានេះ លោកបានអំពាវនាវដល់វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ សូមចូលរួមក្នុងការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធកែច្នៃ និងសម្លាប់មេរោគសម្រាប់ផ្លៃស្វាយ ដើម្បីអាចឲ្យកម្ពុជា សម្រេចបានគោលដៅនាំចេញផ្លែស្វាយ ក្នុងបរិមាណយ៉ាងតិចពី ៥០-៦០ម៉ឺនតោន នៅឆ្នាំ២០២៣។

សូមជម្រាបថា បច្ចុប្បន្នផ្លែស្វាយរបស់កម្ពុជា កំពុងនាំចេញទៅប្រទេសវៀតណាម ថៃ សិង្ហបុរី បារាំង និងរុស្ស៉ី។ ក្នុងរយៈពេល១១ខែឆ្នាំ២០១៩នេះ កម្ពុជានាំចេញផ្លែស្វាយបានជិត ៥ម៉ឺនតោន៕