(ភ្នំពេញ)៖ គណៈកម្មការផលិត និងរៀបចំពិធីបង្ហាញទូកង ដើម្បីបំបែកឯកទគ្គកម្មពិភពលោក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ បានចេញសេចក្ដីបំភ្លឺ ស្ដីពី ការតម្កល់ និងថែរក្សាទូកងវែងជាងគេ លើពិភពលោក។ នេះបើតាមសេចក្ដីបំភ្លឺ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែធ្នូនេះ។

ក្នុងសេចក្ដីបំភ្លឺ បានឲ្យដឹងថា សាធារណជន និងមិត្តអ្នកសារព័ត៌មាន ជាទីគោរពរាប់អាន ថ្មីៗនេះ មានការផ្សព្វផ្សាយអំពីការតម្កល់ និងការថែរក្សាទូកងវែងជាងគេ លើពិភពលោក «កម្ពោជិកបុត្តាខេមរាតរី» ក្នុងន័យថា គណៈកម្មការផលិត និងរៀបចំពិធីបង្ហាញទូកង ដើម្បីបំបែកឯតទគ្គកម្មពិភពលោក មិនយកចិត្តទុកដាក់មើលថែររក្សាទុក។

ករណីនេះ គណៈកម្មការ សូមជម្រាបជូនសាធារណជន និងមិត្តអ្នកសារព័ត៌មាន មេត្តាជ្រាបដូចតទៅ៖

១៖ គណៈកម្មការ បានជម្រាបជូនជារឿយៗហើយថា ទូកងវែងជាងគេលើពិភពលោកនេះ នឹងរៀបចំទីតាំងតម្កល់យ៉ាងស័ក្តិសមបំផុត នៅក្នុងសាលាខេត្តព្រៃវែង សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាដោយសេរី ហើយ
គណៈកម្មការក៏បានរៀបចំប្លង់សាងសង់ទីតាំងរួចរាល់ហើយដែរ ដែលគម្រោងនេះមិនមានការប្រែប្រួលឡើយ។

២៖ តាមផែនការឆ្នាំនេះ គណៈកម្មការគ្រោងរំកិលទូកពីទីតាំងរក្សាបណ្តោះអាសន្នបច្ចុប្បន្ន ទៅទីតាំងក្នុងសាលាខេត្ត ដែលកំពុងសាងសង់ថ្មី ក៏ប៉ុន្តែទី១ ការសាងសង់អគាររដ្ឋបាលសាលាខេត្តពុំទាន់រួចរាល់ ទី២ ឆ្នាំនេះ កម្ពស់ទឹកនៅមុខសាលាខេត្តទាបពេកឆាប់ហក់ឡើងហើយក៏ឆាប់ស្រកចុះទៅវិញ ស្ថានភាពបែបនេះមិនអំណោយផលដល់ការចល័តទូកចេញ ពីរោងបណ្តោះអាសន្ននោះឡើយ។

៣៖ គណៈកម្មការ សូមទទួលស្គាល់ថា ស្ថានភាពរោងបណ្តោះអាសន្នសព្វថ្ងៃ ឆ្លុះធ្លាយដំបូលដោយអន្លើរប្រាកដមែន សភាពនេះបណ្តាលមកពីរោងទូកលិចទឹក និងអាកាសធាតុកន្លងទៅដែលកម្ពុជាយើងទទួលរងសម្ពាធជាបន្តបន្ទាប់នាំឲ្យខ្យល់ភ្លៀងប៉ះពាល់ដល់រោងទូក។

កាលពីសប្តាហ៍មុន គណៈកម្មការបានសម្រេចគម្រោងថវិកា ដើម្បីជួសជុលរោងទូករួចរាល់ហើយ ដោយរង់ចាំទឹកស្រក និងស្ងួតដីបន្តិច ទោះជាបែបនេះក្តីគណៈកម្មការ ក៏បានចាត់ចែងក្រុមការងារចុះជួសជុលរោង និងសំអាតទីតាំងនោះបណ្តើរៗហើយ ដោយកំណត់ថាក្នុងសប្តាហ៍នេះ ក្រុមការងារនឹងចាប់ផ្តើមរៀបចំឡើងវិញទាំងស្រុង។

គណៈកម្មការចាត់ទុកការលើកឡើង ដោយភ្ជាប់នូវសំណូមពរខ្លះៗ ពីសំណាក់សាធារណជន និងមិត្តអ្នកសារព័ត៌មាន គឺជាការយកចិត្តទុកដាក់តាមដាន និងឈឺឆ្អាលប្រកបដោយមនសិការលើកកម្ពស់សមិទ្ធផលជាតិ និងវប្បធម៌ជាតិក្នុងស្មារតី «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ»។

ជាថ្មីម្តងទៀត គណៈកម្មការសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមតាមដាន ការផ្តល់ព័ត៌មាន ការផ្តល់មតិ និងយោបល់កែលម្អផ្សេងៗ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងមិត្តអ្នកសារព័ត៌មានទទួលជ្រាប និងបន្តសហការយ៉ាងជិតស្និទ្ធ ជាមួយគណៈកម្មការឈរលើគោលការណ៍ សាមគ្គីភាពស្របតាមទស្សនៈ «ខ្មែរសាមគ្គីខ្មែរឈ្នះ»