(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នេះ បានអនុញ្ញាតឲ្យលោក ឧត្តមសេនីយ៍ទោ ជៀង ហុងជុន អគ្គនាយក នៃអគ្គនាយកដ្ឋានអធិការកិច្ច កងទ័ពរំដោះប្រជាជនចិន ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលលោកឧត្ដមសេនីយ៍ បានដឹកនាំប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។

ឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានបញ្ចាក់ជូនប្រតិភូអំពីស្ថានភាពមួយចំនួននៅកម្ពុជា ក្នុងនោះនាយឧត្ដមសេនីយ៍ បានលើកឡើងពីតម្លៃនៃសន្តិភាព ដែលកើតមានឡើងក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយរហូតមកដល់បច្ចុប្បន្ននេះ កំពុងតែផ្តល់នូវភាពអនុគ្រោះដល់ការកសាង និងអភិវឌ្ឍន៍ និងហុចផ្លែផ្កាយ៉ាងពិតប្រាកដ ដល់ប្រយោជន៍ជូនដល់ពលរដ្ឋកម្ពុជានៅទូទាំងផ្ទៃប្រទេស។

ពាក់ព័ន្ធដល់ទំនាក់ទំនងមិត្តភាពជាមួយសាធារណរដ្ឋប្រជាមានិតចិន នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានរម្លឹកដល់ខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ហើយដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ តែងតែខិតខំប្រឹងប្រែងរក្សាចំណងមិត្តភាព និងពុះពារឧបសគ្គជាច្រើនដើម្បីដឹកនាំប្រទេស និងប្រជាពលរដ្ឋឆ្ពោះទៅកាន់វឌ្ឍនភាព វិបុលភាព និងភាពសុខដុមរមនា។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់ សាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយគាំទ្រ និងផ្ដល់ជំនួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ដែលជំនួយទាំងអស់នេះបានពង្រឹងនូវ តួនាទីនយោបាយ ក៏ដូចជាការរក្សានូវឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជា។ លើមូលដ្ឋានជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការ ប្រកបដោយលទ្ឋផលជាផ្លែផ្កាដែលទទួលបាននាពេលកន្លងមកនេះ នាយឧត្ដមសេនីយ៍ ថានឹងបន្តលើកកម្ពស់វិសាលភាព នៃកិច្ចទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន ឱ្យឈានដល់កម្រិតកាន់តែខ្ពស់ថែមទៀត ដើម្បីផ្តល់នូវផលប្រយោជន៍ ដល់ប្រជាពលរដ្ឋនៃប្រទេសយើងទាំងពីរ ។

ជាកិច្ចឆ្លើយតប លោកឧត្តមសេនីយ៍ទោ ជៀង ហុងជុន បានថ្លែងអំណរគុណចំពោះនាយឧត្ដមសេនីយ៍ វង្ស ពិសេន ដែលបានស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅដល់ប្រតិភូ ដោយលោកឧត្ដមសេនីយ៍ បញ្ជាក់ថា កម្ពុជា និង ចិន គឺជាប្រទេសជិតខាងល្អ ដែលចាំបាច់ត្រូវមានការជួយឧបត្ថម្ភគ្នា ការបង្កើនចំណងមិត្តភាពរឹងមាំ ដែលនោះហើយគឺជាដែកថែបពិតប្រាកដ។

លោកឧត្តមសេនីយ៍ទោ ជៀង ហុងជុន បានបន្តទៀតថា បច្ចុប្បន្ននេះចិនបាន មើលឃើញនូវទំនាក់ទំនងរវាងចិន និងកម្ពុជាគឺមានលក្ខណៈល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ ហើយចិននឹងបន្តរក្សានូវចំណងនេះ តាមរយៈកិច្ចសហប្រតិបត្តិការទៅលើភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ទាំងផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច ក៏ដូចរវាងប្រជាជននិងប្រជាជនផងដែរ៕