(ភ្នំពេញ)៖ ប្រតិភូក្រសួងបរិស្ថានដែលដឹកនាំដោយលោកស្រី ម៉ុម ថានី រដ្ឋលេខាធិការ និងជាតំណាងរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បាននាំមកនូវថវិកាចំនួន ២០,០០០ដុល្លារអាមេរិក មកប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង ក្នុងការបន្តផ្ដល់សេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារ ដោឥតគិតថ្លៃ និងប្រកបដោយគុណភាព។

ពិធីប្រគល់ និងទទួលថវិកានេះ ធ្វើឡើងនៅរសៀលថ្ងៃព្រហស្បតិ៍៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩។

មូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌របស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃក្រសួងបរិស្ថាន និងសូមបន្តលើកទឹកចិត្តដល់សប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ឱ្យចូលរួមបរិច្ចាគតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងស្មារតី «ខ្មែជួយខ្មែរ» ដើម្បីនាំភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

សូមជម្រាបជូនថា មូលនិធិគន្ធបុប្ផាកម្ពុជានៅទទួលសមាជិកពីរប្រភេទគឺ៖ ១៖សមាជិកកិត្តិយសដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ និង (២)៖ សមាជិកគាំទ្រដោយបរិច្ចាគចាប់ពី ៥០០០ (ប្រាំពាន់) រៀល ក្នុងមួយខែ/៦០ ០០០ (ប្រាំមួយម៉ឺន)រៀលក្នុងមួយឆ្នាំ៕