(ភ្នំពេញ)៖ គម្រោង ជីប ម៉ុង អេកូសាយខល (Ecocycle) ដែលជាដំណោះស្រាយ នៃការគ្រប់គ្រងសំណល់ឧស្សាហកម្មប្រកបដោយនិរន្តរភាពដំបូងគេនៅប្រទេសកម្ពុជារបស់ ក្រុមហ៊ុនជីបម៉ុង អ៉ិនស៊ី ស៊ីមេន ដែលមានទីតាំងនៅស្រុកបន្ទាយមាស ខេត្តកំពត ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រោមអធិបតីលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង បរិស្ថាន។

គម្រោង ជីប ម៉ុង អេកូសាយខល ដែលមានបទដ្ឋានខ្ពស់បំពាក់ដោយឧបករណ៍ និងគ្រឿង ម៉ាស៊ីនមកពីប្រទេសអាលឺ្លម៉ង់ និងប្រទេសចិន ដើម្បីជួយកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនកាបូនិច ដោយគោរពតាមបទដ្ឋានបរិស្ថានកម្រិតជាតិ និងអន្តរជាតិ។

លោកឧកញ៉ា លាង ឃុន ម្ចាស់ភាគហ៊ុនធំក្រុមហ៊ុនជីបម៉ុង អ៉ិនស៊ី ស៊ីមេន ខបភើរេសិន បានគូសបញ្ជាក់ពីគោលបំណង និងដំណើរការបង្កើតគម្រោង ជីប ម៉ុង អេកូសាយខល នៅក្នុងរោងចក្រផលិតស៊ីម៉ងត៍ ក្រុមហ៊ុនជីប ម៉ុង អ៉ិនស៊ី ស៊ីមេនថា គម្រោង ជីប ម៉ុង អេកូសាយខល ដែលផ្តួចផ្តើមបង្កើតឡើងនៅដើមឆ្នាំ២០១៩នេះ បានទទួលការគាំទ្រពីក្រសួងបរិស្ថាន តាមរយៈលិខិតអនុញ្ញាតចុះថ្ងៃទី១១ខែមេសាឆ្នាំ២០១៩ ដែលអនុញ្ញាតអោយ ក្រុមហ៊ុន ជីប ម៉ុង អ៉ិនស៊ី «ប្រមូល ដឹកជញ្ជូន ស្តុកទុក និងដុតកំទេចសំណល់ឧស្សាហកម្ម»។ លោកឧកញ៉ា លាង ឃុន បានមានប្រសាសន៍ថា៖ «យើងបានចំណាយប្រាក់វិនិយោគអស់ជាង ៤ លានដុល្លារអាមេរិកលើគម្រោងនេះ។ ក្នុងដំណាក់កាលចាប់ផ្តើម គម្រោងមានបុគ្គលិកបម្រើការងារផ្ទាល់ជាង ១០នាក់ និង អ្នកម៉ៅការបន្តជាង៥០នាក់ និង បន្តបង្កើតឱកាសការងារបន្ថែមទៀតនៅពេលខាងមុខ។ បច្ចុប្បន្នគម្រោងនេះបានធ្វើកិច្ចការផ្ទាល់ជាមួយតំបន់ សេដ្ឋកិច្ចពិសេសភ្នំពេញ និង ខេត្តព្រះសីហនុ។ ឡ អេកូសាយខល មានសមត្ថភាពដុតកំទេចសំណល់ឧស្សាហកម្មក្នុងបរិមាណ១០តោនក្នុងមួយម៉ោង ឬ ២៤០តោនក្នុង១ថ្ងៃ ឬក៏ ជាង ៧០០០ តោនក្នុង១ខែ»។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ជីប ម៉ុង ដែលបាននាំចូលនូវបច្ចេកវិទ្យាទំនើប ឆ្លើយតបនឹងបទដ្ឋានបរិស្ថាន។ លោកបានមានប្រសាសន៍ថា ការវិនិយោគរបស់ក្រុមហ៊ុនជីបម៉ុងលើវិស័យថ្មីៗ ដូចជាគម្រោងធ្វើការ
កែច្នៃសំណល់នេះ ជាការចូលរួមលើកកម្ពស់បរិស្ថាន។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានលើកទឹក
ចិត្តឱ្យមានការវិនិយោគបន្ថែមទៀតលើបញ្ហាសំរាម និងលើកទឹកចិត្តក្រុមហ៊ុនដទៃទៀត អនុវត្តគោល ការណ៍បរិស្ថានដូចដែលក្រុមហ៊ុន ជីប ម៉ុង បាននិងកំពុងប្រតិបត្តិដែលប្រែក្លាយសំណល់ទៅជាផល ប្រយោជន៍សេដ្ឋកិច្ច។

លោករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមហ៊ុន ជីប ម៉ុង ដែលចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាក្នុងនោះចូលរួម បង្កើតការងារ និងចូលរួមបណ្តុះបណ្តាលធនធានមនុស្សបុគ្គលិកសម្រាប់បម្រើការងារ នៅក្នុង ក្រុមហ៊ុន។ នេះគឺជាមោទនកភាពសម្រាប់កម្ពុជាដែលក្រុមហ៊ុនក្នុងស្រុកមានការរីកចម្រើន។

សូមបញ្ជាក់ថា ជីប ម៉ុង អេកូសាយខល ជាគម្រោងថ្មីមួយថិតនៅក្រោមដំបូលរបស់ ក្រុមហ៊ុនជីបម៉ុង អ៉ិនស៊ី ស៊ីមេន ត្រូវបានប្រសូតចេញពីការវិនិយោគទុនរួមគ្នាក្នុងទឹកប្រាក់ ២៦២ លានដុល្លារអាមេរិក ក្នុងនោះ ៦០% មកពីក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយ និងមានបទពិសោធន៍ជិត៤០ឆ្នាំ ក្នុងវិស័យសំណង់ និង វិស័យចែកចាយលើទីផ្សារ និង ៤០% ទៀតមកពីក្រុមហ៊ុនស្យ៉ាម ស៊ីធី ស៊ីមេន (SCCC) នៃព្រះរាជាណាចក្រថៃ ដែលជាក្រុមហ៊ុនដ៏ ធំសម្បើម មានបទពិសោធន៍ជាង៥០ឆ្នាំ ក្នុងការផលិតស៊ីម៉ងត៍។

លោកឧកញ៉ា លាង ឃុន បានថ្លែងថា ក្រុមហ៊ុន ជីប ម៉ុង អ៉ិនស៊ី ពិតជាមានមោទនភាពណាស់ចំពោះគម្រោងកែច្នៃសំណល់របស់ខ្លួន ដែលជាដំណោះស្រាយនៃការគ្រប់គ្រងសំណល់ឧស្សាហកម្មប្រកបដោយនិរន្តរភាពដំបូងគេនៅប្រទេសកម្ពុជា។

គម្រោង ជីប ម៉ុង អេកូសាយខល នេះអាចកែច្នៃកាកសំណល់ដែលមានគ្រោះថ្នាក់ និង មិនមានគ្រោះថ្នាក់ ដោយប្រើបច្ចេកវិទ្យាថ្មីមួយដែលគេហៅថា «ខូ-ប្រូសេសស៊ីង (co-processing)»។ «ខូ ប្រូសេសស៊ីង» គឺជាពាក្យបច្ចេកទេសប្រើសម្រាប់ការកំចាត់កាកសំណល់ ឧស្សាហកម្ម តាមរយៈ ការដុតដោយឡស៊ីម៉ងត៍ ស្របពេលដែលកំពុងដំណើរការផលិតស៊ីម៉ងត៍ ដោយមិនប៉ះពាល់ដល់ប្រសិទ្ធភាពណាមួយឡើយ។ បច្ចេកវិទ្យា «ខូ-ប្រូសេសស៊ីង» គោរពតាមលក្ខខណ្ឌច្បាប់ទាំងអស់ហើយត្រូវបានអនុម័តជាសកល សម្រាប់ ការគ្រប់គ្រងកាកសំណល់ឧស្សាហកម្ម។ បច្ចេកវិទ្យានេះត្រូវបានគេមើលឃើញថា ជាជម្រើសល្អប្រសើរជាងការយកកាកសំណល់ទៅចាក់ចោលនិងការយកទៅដុតចោលធម្មតា ពីព្រោះវាផ្តល់នូវដំណោះស្រាយពេញលេញដោយមិនបង្កផលប៉ះពាល់ដល់បរិស្ថាន។

បច្ចេកវិទ្យា «ខូ-ប្រូសេសស៊ីង» ត្រូវបានប្រើប្រាស់ដោយជោគជ័យនៅសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និង ជប៉ុន អស់រយៈពេលជាង ៤០ឆ្នាំ។ វាត្រូវបានទទួលស្គាល់ដោយអង្គការអន្តរជាតិជាច្រើន រួមទាំងអង្គការសុខភាពពិភពលោក និង អង្គការ (ជីធីហ្សិត) GTZ ក៏ដូចជាអនុសញ្ញា បាសែល (Basel) និង ស្តុកខុម (Stockholm)៕