(បាត់ដំបង)៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ (ក.ជ.ក) សហការជាមួយ អង្គការ Terre des hommes Netherland និងអង្គការ Save the Children តាមរយៈអង្គការសកម្មភាពដើម្បីកុមារ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលបណ្ដោះអាសន្ន នៃការវិភាគស្ថានភាពដំបូង លើការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារតាមប្រព័ន្ធអនឡាញនៅកម្ពុជា (OCSE) និង ពិនិត្យលើសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីប្រព័ន្ធការពារកុមារឆ្នាំ២០១៩-២០២៨។

កិច្ចប្រជុំនៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩នេះ បានរៀបចំធ្វើឡើងនៅសណ្ឋាគារប្រេស៊ីដង់ ខេត្តបាត់ដំបង ក្រោមអធិបតីភាព លោកស្រី ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក និងមានការអញ្ជើញចូលរួមពីលោក លោកស្រី មកពីក្រសួង ស្ថាប័ន ដែលជាសមាជិក គណៈកម្មការការពារកុមារថ្នាក់ជាតិ មន្រ្តី ក.ជ.ក អង្គការសកម្មភាពដើម្បីកុមារ (APLE) និងអង្គការ Terre de homme Netherland។

គួរជម្រាបថា ការកេងប្រវ័ញ្ចរំលោភបំពានផ្លូវភេទ លើកុមារតាមប្រព័ន្ធអ៊ីនធឺណេត ដូចជា ជនខិលខូចល្បួងលួងលោម បោកបញ្ឆោតកុមារឲ្យបង្ហោះរូបភាព អាសអាភាសជាដើម រួចហើយពួកគេយករូបភាពទាំងនោះ ទៅគំរាមកុមារ ឬគ្រួសារកុមារឲ្យប្រគល់ផលប្រយោជន៍ម្យ៉ាងដល់ពួកគេ ឬបង្ហោះរូបភាពទាំងនោះ ដើម្បីរកផលប្រយោជន៍ ខណៈជនខ្លះល្បួងកុមារទៅរំលោភសេពសន្ថវៈជាដើម៕