(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជឈានមុខមួយនៅកម្ពុជា គ្រោងនឹងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ លើកដំបូងជាសាធារណៈក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០២ ខែធ្នូនេះ។

ការប្រកាសជាសាធារណៈពីគម្រោងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនេះ ធ្វើឡើងបន្ទាប់ពីធនាគារនេះ បានទទួលលិខិតពីធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលអនុញ្ញាតឲ្យ អេស៊ីលីដា បន្តគម្រោងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងក្លាយជាធនាគារពាណិជ្ជទីមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងចុះបញ្ជីលក់ភាគហ៊ុនក្នុងក្រុមហ៊ុន ផ្សារមូលបត្រកម្ពុជា (ផ.ម.ក)។

ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO) បង្កើតបាននូវសករាជថ្មី នៃប្រវត្តិជោគជ័យរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបញ្ជាក់ថា «ធនាគារទើបនឹងទទួលបានលិខិតពីធនាគារជាតិនៃកម្ពុជា ដើម្បីបន្តនីតិវិធីស្នើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូង ជាសាធារណៈរបស់ធនាគារ នៅគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.)»

លោកថា ភាគហ៊ុនិករបស់ធនាគារ បានឯកភាពគ្នាជាឯកច្ឆន្ទ ធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ លើកដំបូងជាសាធារណៈ ដើម្បីបង្កើនប្រភពទុនដ៏សម្បូរបែប និងគាំទ្រការរីកចម្រើននាពេលអនាគត តាមរយៈទីផ្សារមូលធនកម្ពុជា។

លោកបានបញ្ជក់ទៀតថា «ក្នុងឱកាសនេះ យើងខ្ញុំសូមជូនដំណឹងដល់អតិថិជន និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងត្រូវបានដាក់លក់ជូនសាធារណជន បន្ទាប់ពីទទួលបានការអនុញ្ញាតជាបន្តបន្ទាប់ពី ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) និងគណៈកម្មការ មូលបត្រកម្ពុជា (គ.ម.ក.)។ យើងខ្ញុំនឹងធ្វើការផ្សព្វផ្សាយ អំពីកាលបរិច្ឆេទដាក់លក់មូលបត្រកម្មសិទ្ធិរបស់ធនាគារនាពេលដ៏ខ្លីខាងមុខនេះ។ នេះគឺជាឱកាសដ៏ពិសេស សម្រាប់សាធារណជន ក្នុងការចូលរួម វិនិយោគជាមួយធនាគារ ដើម្បីក្លាយជាភាគហ៊ុនិករបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី»

ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបានចាត់ទុកជា «ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូង ជាសាធារណៈជូនប្រជាពលរដ្ឋ» ដែលលើកទឹកចិត្តដល់វិនិយោគិនរូបវ័ន្តបុគ្គល និងសាធារណជនក្នុងការទិញភាគហ៊ុន ទៅតាមលទ្ធភាពរបស់ខ្លួន។ លើទីផ្សារមូលបត្រនានា នៃបណ្តាប្រទេសមួយចំនួន «ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ លើកដំបូងជាសាធារណៈជូនប្រជាពលរដ្ឋ» បានផ្តល់ភាពងាយស្រួលយ៉ាងច្រើន ដល់វិនិយោគិនរូបវ័ន្ត បុគ្គលក្នុងការចូលរួមយ៉ាងទូលំទូលាយក្នុងដំណើរការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ។ «ការបោះផ្សាយ លក់មូលបត្រកម្មសិទ្ធិលើកដំបូង ជាសាធារណៈជូនប្រជាពលរដ្ឋ» របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាការចែករំលែកផល ដែលបានមកពីវិបុលភាព ផ្នែកហិរញ្ញវត្ថុជាមួយនឹងវិនិយោគិនរូបវ័ន្តបុគ្គល និងក្លាយជាធនាគារដែលទទួលបាននូវទំនុកចិត្ត ពីសាធារណជនបន្ថែមទៀត។

លោក Han Kyung Tae អគ្គនាយកក្រុមហ៊ុន Yuanta Securities (Cambodia) Plc. បានបញ្ជាក់ថា «យើងខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានចូលរួមក្នុងគម្រោងដ៏សំខាន់នេះ ក្នុងនាមជាទីប្រឹក្សាហិរញ្ញវត្ថុតែមួយគត់របស់ធនាគារ។ ទំហំនៃប្រតិបត្តិការជួញដូរ និងការកើនឡើងនៃចំនួនវិនិយោគិន តាមរយៈដំណើរការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងធ្វើឲ្យមានការផ្លាស់ប្តូរថាមភាពរបស់ផ្សារហ៊ុន និងនាំទីផ្សារ មូលធន ឆ្ពោះទៅដំណាក់កាលអភិវឌ្ឍន៍ថ្មី និងរីកចម្រើនជាងមុន»។

លោក Han Kyung Tae បានបន្ថែមថា «មូលធនូបនីយកម្មទីផ្សារសរុបរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា អាចនឹងកើនបីដងជាមួយ នឹងការចុះបញ្ជីរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នេះ»

សូមជម្រាបថា ក្នុងរយៈពេល២៧ឆ្នាំកន្លងមកនេះ ធនាគារ អេស៊ីលីដា បានកម្លាយខ្លួនពីអង្គការក្រៅរដ្ឋាភិបាល (NGO) ទៅជាធនាគារលំដាប់ថ្នាក់លេខ១ ក្នុងព្រះរាជាណាចក្រកម្ពុជា។ តាមរយៈការរីកចម្រើនរបស់ខ្លួន និងការវិវឌ្ឍជាបន្តបន្ទាប់ បានធ្វើឲ្យធនាគារ អេស៊ីលីដា ភីអិលស៊ី បន្តឈានមុខគេនៅក្នុងវិស័យធនាគារ៖ ពីអង្គការគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ទៅជាធនាគារឯកទេស និងធនាគារពាណិជ្ជដែលមានការរីកចម្រើន ប្រកបដោយចីរភាពរហូតមកដល់សព្វថ្ងៃ។

គិតត្រឹមដំណាច់ ខែកញ្ញា ឆ្នាំ២០១៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារធំជាងគេបំផុតនៅកម្ពុជា ដែលមានសំពៀតឥណទានសរុប (៣.៦១ប៊ីលានដុល្លារអាមេរិក) និងមូលធនសរុប (៨៩៨.៥៦លានដុល្លារអាមេរិក) ទ្រព្យសកម្មសរុប (៦.០៩ប៊ីលានដុល្លារអាមេរិក) និងប្រាក់បញ្ញើសរុប (៤.២៤ប៊ីលានដុល្លារអាមេរិក)។

អ្វីទៅជាមូលបត្រកម្មសិទ្ធិ ?

មូលបត្រកម្មសិទ្ធិ ឬផលិតផលទ្រព្យកម្មសិទ្ធិ គឺជាមូលបត្រដែលបានបោះផ្សាយដោយក្រុមហ៊ុនសាធារណៈ ដើម្បីគៀងគរមូលនិធិពីសាធារណៈជន។ វារួមបញ្ចូលទាំងភាគហ៊ុនរបស់ក្រុមហ៊ុន ដែលតំណាងឲ្យភាពជាម្ចាស់របស់វិនិយោគិននៅក្នុងក្រុមហ៊ុននោះ។ ភាពជាម្ចាស់នៃទ្រព្យកម្មសិទ្ធិ នឹងផ្តល់សិទ្ធិដល់ភាគហ៊ុនិកនូវចំណែកនៃប្រាក់ចំណេញរបស់ក្រុមហ៊ុនតាមរយៈភាគលាភ។ ភាគហ៊ុនិកគឺជាម្ចាស់នៃអាជីវកម្ម ព្រមទាំងចូលរួមទទួល នូវការចែករំលែកភាពជោគជ័យ ឬបរាជ័យនៃអាជីវកម្មរបស់ក្រុមហ៊ុន។ លទ្ធផលដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនចុះបញ្ជី ជាធម្មតាអាចវាយតម្លៃបាន តាមរយៈភាគលាភដែលភាគហ៊ុនិកបានទទួល និងតាមរយៈថ្លៃភាគហ៊ុនដែលបានដាក់ថ្លៃនៅលើទីផ្សារ។ មានមូលបត្រ២ប្រភេទ ដែលអាចដាក់ជួញដូរ នៅលើផ្សារមូលបត្រកម្ពុជា (ផ.ម.ក.)៖

១៖ ភាគហ៊ុនធម្មតា
ភាគហ៊ុនធម្មតាគឺជាភាគហ៊ុនដែលមានការលើកទឹកចិត្តដោយផ្ទាល់ដល់អ្នកកាន់កាប់ភាគហ៊ុនតាមរយៈ ភាគលាភដែលទទួលបានពីប្រាក់ចំណេញរបស់ក្រុមហ៊ុន ការចំណេញលើមូលធន និងសិទ្ធិក្នុងការទិញភាគហ៊ុនថ្មីរបស់ក្រុមហ៊ុន នៅពេលដែលក្រុមហ៊ុនសម្រេចក្នុងការបង្កើនដើមទុនចុះបញ្ជីរបស់ខ្លួន។

២៖ ភាគហ៊ុនបុរិមា
ភាគហ៊ុនបុរិមាក៏ជាផ្នែកមួយនៃទ្រព្យកម្មសិទ្ធិផងដែរ។ ភាពខុសគ្នារវាងភាគហ៊ុនបុរិមា និងភាគហ៊ុនធម្មតាគឺ អ្នកកាន់កាប់ភាគហ៊ុនបុរិមានឹងមានសិទ្ធិទទួលបានមូលនិធិ ឬប្រាក់ចំណេញរបស់ក្រុមហ៊ុនមុនភាគហ៊ុនធម្មតា៕